រាជធានីភ្នំពេញ ៖ តារាសម្តែង ជូរី ល្អ ហួស បានដាក់គោលដៅនឹងធ្វើរឿងមួយសម្រាប់កម្ពុជា ប្រសិនខ្លួនមានឱកាសឈ្នះម្កុដក្នុងស្រុក ហើយចេញទៅប្រកួតនៅក្រៅប្រទេស ក្នុងពេលដែលនាងកំពុងចូលរួមប្រកួតកម្មវិធី MissTeen Cambodia ២០២៥ ។

អ្វីដែល ល្អ ហួស ចង់ធ្វើនោះ គឺនិយាយពីការពិតជុំវិញជម្លោះតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ឲ្យពិភពលោកបានដឹងច្បាស់ ដើម្បីស្វែងរកយុត្តិធម៌ និងភាពត្រឹមត្រូវជូនប្រទេសកម្ពុជា ពាក់ព័ន្ធបញ្ហាមួយនេះ ។
គោលបំណងខាងលើពី ល្អ ហួស នាពេលនេះ បានធ្វើឡើង បន្ទាប់ពីបេក្ខភាពបវរកញ្ញាថៃមួយរូបបានឡើងនិយាយអំឡុងពេលប្រឡងកម្មវិធីមួយ ដោយបានចោទកម្ពុជាថា ជាអ្នកវាយប្រហារមុន ក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។

ក្រោយឃើញបេក្ខភាពបវរកញ្ញារូបនេះនិយាយបែបនេះ ល្អ ហួស ក៏បានបញ្ចេញសំណេរខ្លីបង្ហោះលើបណ្តាញសង្គមថា Miss MGI សៀម និយាយខុសពីការពិត ប្រឌិតទាំងស្រុង ពូកែសម្តែងណាស់ អ្នកសើចមុនសិនចុះ ចាំអោយកម្ពុជានិយាយការពិតនៅលើឆាកអន្តរជាតិវិញម្តង អ្នកសើចក្រោយអាចឮជាងអ្នកសើចមុន ។
ល្អ ហួស ក៏បានបន្ថែមតាមសំណេរដដែលថា បើសិនជាល្អហួស បានឈ្នះមកុដក្នុងស្រុកនៅក្នុងឆ្នាំនេះ ហើយតំណាងអោយកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ជាង៤០ប្រទេស នៅប្រទេសឥណ្ឌា កូនស្រីកម្ពុជាមួយរូបនេះនិងយកចំរៀង Original ចម្រៀងពិត (ន័យធៀប)យកទៅច្រៀងអោយអន្តរជាតិបានស្តាប់ម្តង តើមួយណាពីរោះជាងមួយណា រវាងចម្រៀង original ពិតប្រាកដ ដែលដិតដាម ចងចាំនៅក្នុងខួរក្បាលនិងបេះដូង និងចម្រៀងCopy ដែលអ្នកប្រឌិតឡើង សរសេរមកយ៉ាងក.ខ្វ.ក់ ទន្ទេញយកមកច្រៀងកុហកមនុស្សពេញពិភពលោកនោះ ។

នាងបញ្ជាក់ថា ផ្ការំដួលកម្ពុជាមួយទងនេះ និងរកយុត្តិធម៌និងភាពត្រឹមត្រូវជូនប្រទេស
កម្ពុជាអោយទាល់តែបាន ។
តាមរយៈសំណេរខាងលើនេះ ពីល្អ ហួស នាពេលនេះ គេបានឃើញមហាជនជាច្រើនបាននាំគ្នាចូលទៅធ្វើការខមមិនពីក្រោម ដោយមា្នក់ៗសម្តែងការគាំទ្រយ៉ាងច្រើន ខណៈពេលដែលគេបានដាក់ក្តីរំពឹងខ្ពស់ថា តារារូបនេះនឹងទទួលម្កុដសម្រាប់ការប្រកួតមួយនេះ ។

ជាការកត់សម្គាល់ ក្នុងអំឡុងពេលជម្លោះតាមព្រំដែនរវាងកម្ពុជា-ថៃ នោះមក ល្អ ហួស ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀត បានចូលរួមធ្វើសកម្មភាពនានា ដើម្បីលើកទឹកចិត្តវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារទឹកដី ក៏ដូចសកម្មភាពសប្បុរសធម៌ជនជួយជនភៀសសឹកកម្ពុជាផងដែរ ៕




ចែករំលែកព័តមាននេះ