សាធារណរដ្ឋកូរ៉េ ៖ តបតាមការអញ្ជើញ ពីសំណាក់ឯកឧត្ដម Lee Cheol Woo (លី ឆល់វូ) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Lee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងារ រវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការងារ រួមទាំងការទទួលយកពលករកម្ពុជា តាមប្រព័ន្ធអនុញ្ញាតមុខរបរ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វេីការ នៅក្នុងខេត្តក្យង់សាំងប៊ូកដូ ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការអញ្ជេីញទស្សនកិច្ច និងបង្កេីនកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ភាគីទាំងពីរ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើន សម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ ។
តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ។
បន្ទាប់ពីជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជេីញទស្សនកិច្ច នៅសាលាបណ្តុះបណ្តាលពន្លត់អគ្គិភ័យក្យង់សាំងប៊ូកដូផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ