ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ញ់ ម៉ូ​នី​កា រំលឹក​ប្រវត្តិ​បាន​តំណែងតួឯក​ក្នុង​រឿង «​ទុំ​ទាវ​»

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទោះ​រំលង​ទៅ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​អតីត​តារា​សម្តែង​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា នៅ​តែ​មិន​ទាន់​ភ្លេច​ពី​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន​ក្នុង​អាជីព​សិល្បៈ​របស់​នាង ជា​ពិសេស​នោះ​គឺ​ឱកាស​នៃ​ការ​សម្តែង​រឿង​ទុំ​ទាវ ដែល​នាង​នឹក​ស្មាន​មិន​ដល់​ថា អាច​ក្លាយជា​តួឯក​ទេ ដ្បិត​នាង​ជា​តួ​ថ្មីថ្មោង​ម្នាក់ ។

ដា​ញ់ ម៉ូ​នី​កា ចាត់​ទុក​រឿង​ទុំ​ទាវ ដែល​នាង​សម្តែង​នោះ​គឺជា​រឿង​ទី​មួយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ហៅ​នាង​ថា​ជា​នាង​ទាវរ​ហូត​មក​ដល់​សព្វថ្ងៃ ហើយ​ក៏​ជា​រឿង​ដែល​នាង​ស្រឡាញ់​ជាងគេ​ផង​ដែរ ក្នុង​ចំណោម​រឿង​ដែល​នាង​ធ្លាប់​សម្តែង ។

តាម​រយៈ​រូបថត​អតីត​កាលដែល​នាង​សម្តែង​ក្នុង​រឿង​ទុំ​ទាវ អតីត​តារា​សម្តែង​អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ពេលវេលា​ពិតជា​ដើរ​លឿន​មែន ប៉ុន្តែ​ខ្ញុំ​ចាំ​មិន​ដែល​ភ្លេច និង​មាន​អនុស្សាវរីយ៍ ល្អ​ៗ​ជា​ច្រើន ។

ជា​រឿង​ទី​មួយ​របស់​នាង​ខ្ញុំ ដែល​ធ្វើ​ឱ្យ​បងប្អូន​បាន​ស្គាល់ ហៅ​ថា​នាង​ទាវរ​ហូត​ដល់​សព្វថ្ងៃ ។ រឿង​ទុំ​ទាវ មិនមែនចេះ​តែ​បាន​ចូល​ថត ស្រួល​ៗ​ទេ ព្រោះ​ជា​រឿង​ខ្នាត​ធំ និង​ប្រវត្តិសាស្ត្រ​ទៀត គឺ​ត្រូវធ្វើ​តេស្ត​សាកល្បង ។ ជំនាន់​ហ្នឹង អ្នក​ទៅ​ធ្វើតេស្ត​សុទ្ធតែ​តួ ស្អាត​ៗ​ខ្ពស់​ទៀត ហើយ​គេ​មានបទពិសោធន៍​ស្រាប់​ទៀត ។ សម្រាប់​ខ្ញុំ​គឺ​ថ្មី​សន្លាង​ដូច​អីវ៉ាន់​បក​ពី កេស ។

ខ្ញុំ​គិត​ថា​គ្មាន​សង្ឃឹម​ទេ ហើយ​ពេល​ដែល​គេ​ប្រាប់​ថា​ខ្ញុំ​ជាប់​ជា​តួ​នាង​ទាវ ហើយ​ខ្ញុំ​ពិតជា​រំភើប សប្បាយចិត្ត​ណាស់ ។ រឿង​ដែល​នាង​ខ្ញុំ​សម្ដែង ល្បី​ៗ​ច្រើន​គួរសម​ដែរ តែ​ខ្ញុំ​ស្រឡាញ់​រឿង​ទុំ​ទាវ ខ្លាំង​ជាងគេ ។

អរគុណ​ដល់​លោកពូ​ហ្វៃ សំអាង និង​បងស្រី គង់ សុ​ជាតិ ម្ចាស់​ផលិតកម្ម SSB ដែល​បាន ជ្រើសរើស​ក្មួយ​២៦​ឆ្នាំ​កន្លង​ផុត​ទៅ​» ។

នេះ​ជា​ការ​រំលឹក​អតីតកាល​ជា​ថ្មី​ម្តងទៀត​ពី​ការ​អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា បន្ទាប់​ពី​អតីត​តារា​សម្តែង​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​តម្រុយ​ពី​ការ​ចង់​វិល​ចូល​សម្តែង​ជា​ថ្មី ប្រ​សិន​នាង​មានឱកាស និង​នៅ​តែ​មានការ​គាំទ្រ​ពី​ទស្សនិកជន ។

អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា ធ្លាប់​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា «​បើសិន​ខ្ញុំ​នឹង​ត្រឡប់​ទៅ​សម្ដែង​វិញ បងប្អូន​គាំទ្រ ឬ​អត់​» ។
បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​គាំទ្រ​ចង់​ឃើញ​ដា​ញ់ ម៉ូ​នី​កា វិល​ចូល​សម្ដែង​វិញ តែ​មួយ​ចំនួន​ទៀត​ផ្ទុះ​ការ​វែកញែក​ចេញ​ជា​ភាព​អវិជ្ជមាន ៕