ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជោគជ័យមិនមែនកើតឡើងដោយចៃដន្យ»៖ ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការកោតសរសើរ និង​អបអរសាទរម្ចាស់ពាន X Factor Cambodia រដូវកាលទី២

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​កែវ សុ​គ​ន្ធា បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី «X Factor Cambodia» រដូវ​កាល​ទី​២ កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៦ ក្រោយ​ពី​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ។

ឯកឧត្តម​ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ដែល​ចូលរួម​ជា​អធិបតី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​លើក​ឡើ​ថា «​ភាព​ជោគជ័យ​របស់​ប្អូនស្រី​កែវ សុ​គ​ន្ធា នៅ​ថ្ងៃនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ការ​តាំងចិត្ត តស៊ូ​ជា​បន្តបន្ទាប់​កន្លង​មក ។ ខ្ញុំ​នៅ​ចាំ​បាន​ពី​ទេព​កោសល្យ និង​សំឡេង​ដ៏​មាន​ទឹកដម ពោរពេញ​ដោយ​មនោសញ្ចេតនា​របស់​ប្អូនស្រី កាលពី​បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី​៤៤​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) កាលពី​ឆ្នាំ​២០២២​។

ខ្ញុំ​ក៏​ដូច​ជា​ទស្សនិកជន អ្នកគាំទ្រ​ទាំងអស់ បាន​តាមដាន​យ៉ាង​ជក់ចិត្ត​នូវ​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​របស់​បេក្ខជន បេ​ក្ខ​នារី ដែល​សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង ទេព​កោសល្យ សមត្ថភាព ភាព​ក្លាហាន ពិសេស រៀង​ៗ​ខ្លួន គួរ​ឱ្យ​កោតសរសើរ ។ ប្អូន​ៗ​ពិតជា​ធ្វើ​បាន​ល្អ សូម​ជូនពរ​ប្អូនស្រី កែវ សុ​គ​ន្ធា និង ប្អូន​ៗ​ទាំងអស់ បន្ត​ទទួល​បាន​ជោគជ័យ បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ឆ្ពោះទៅ​មុខ ហើយ​សម្រេច​បាន​ស្នាដៃ ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​វិស័យ​សិល្បៈ​» ។

តារាចម្រៀង​កែវ សុ​គ​ន្ធា ចាត់​ទុក​ការ​ខិតខំ​របស់​នាង​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​គឺជា​ការ​សម្រេច​សុបិន​របស់​ខ្លួន ឲ្យ​ក្លាយជា​ការ​ពិត សម្រាប់​ការ​ចូលរួម​ប្រកួតប្រជែង​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​នា​ពេល​នេះ ។

កែវ សុ​គ​ន្ធា ចាត់​ទុក​ពានរង្វាន់​នេះ មិនមែន​ជា​របស់​នាង​ម្នាក់ឯង​ទេ ប៉ុន្តែ​ជា​របស់​អ្នកគាំទ្រ​ទាំងអស់​គ្នា​ដែល​បាន​នៅ​ក្បែរ​នាង​រហូត​មក ៕