តារាកំប្លែង ស្រីអុីត បង្ហោះសារលួងលោម និងលើកទឹកចិត្តយ៉ាងមានន័យ ទៅកាន់កូនស្រី ក្រោយបិទបញ្ចប់កម្មវិធី X Factor Cambodia រដូវកាលទី២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងនាមជាម្តាយ តារាកំប្លែងអ្នកនាង អ៊ីត បានបញ្ជាក់ថា អ្នកនាងមិនមានការខកចិត្ត ចំពោះការដែលកូនស្រីរបស់ខ្លួនគឺ ណាន ណាន មិនទទួលបានពានដូចបំណងនោះឡើយ សម្រាប់ការប្រកួតប្រជែងប្រឡងចម្រៀងកម្មវិធី X Factor Cambodia រដូវកាលទី ២ ដែលបានបិទបញ្ចប់កាលរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។
ផ្ទុយទៅវិញ អ្នកនាង អ៊ីត បានលើកទឹកចិត្តកូនស្រី និងសសើរកូនស្រីដែលខិតខំធ្វើបានល្អបំផុត រហូតអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ ខណៈពេលដែលអ្នកនាងក៏បានថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្រកូនស្រីរបស់អ្នកនាងទាំងអស់ដែលស្រឡាញ់ចូលចិត្តនិងគាំទ្រកូនស្រីរបស់អ្នកនាងជាបន្តបន្ទាប់នាពេលកន្លងមក ។
តារាកំប្លែងអ្នកនាង អ៊ីត បានអះអាងថា កូនស្រីម៉ាក់ធ្វើបានល្អហើយ ល្អណាស់ ទោះកូនមិនទទួលបានពាន តែកូនទទួលពាន ក្នុងបេះដូងម៉ាក់ ទទួលបានបេះដូងពីពុកម៉ែបងប្អូនហ្វេនៗដែលស្រលាញ់កូន ណាន ណាន និងកូនកូវិត ។
អ្នកនាង បន្តថា កូនស្រីដែលល្អ ខំស៊ូ ស្មោះស មិនដែលមើលងាយ ឬចង់ចាញ់ឈ្នះអ្នកណា ចង់បានតែម្យ៉ាងគឺភាពជោគជ័យ អោយម្ដាយសប្បាយចិត្ត តែម៉ាក់ ឬក៏អ៊ុំពូមីងសប្បាយចិត្តហើយកូន ។
អ្នកនាងបញ្ជាក់ថា ដូចម៉ាក់និយាយតាំងពីដើមមក កូនល្អ កូនស៊ូ កូនខំបានប៉ុននេះគឺល្អណាស់ អរគុណពុកម៉ែបងប្អូន កូនៗហ្វេនទូទាំងប្រទេសដែលស្រលាញ់ចូលចិត្តកូនស្រីខ្ញុំណាន ណាន និងកូនវិត សូមផ្ញើក្មេងល្អទាំងពីនេះក្នុងបេះដូងបងប្អូនផង ។
ចំណែកកូនស្រីរបស់អ្នកនាង អ៊ីត គឺ កញ្ញាណាន ណាន ក៏បានបង្ហោះសំណេរខ្លីមួយក្រោយចប់ការប្រកួតថា ខ្ញុំសប្បាយចិត្តបំផុតហើយពួកយើងសប្បាយចិត្តបំផុតហើយផ្ញើណាន ណាន កូវិត ក្នុងបេះដូងបងប្អូនផងណា ។
ជាការកត់សម្គាល់ សម្រាប់ការចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក X-Factor Cambodia នាពេលនេះ មិនមែនជាលើកទីមួយទេពីសំណាក់តារាពន្លកថ្មី ណាន ណាន ដែលជាកូនស្រីតារាកំប្លែង អ្នកនាង អ៊ីត ពោលកន្លងមកតារាស្រីវ័យក្មេងរូបនេះ ក៏ធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធីកាលពីរដូវកាលទី ១ នាអំឡុងឆ្នាំ ២០១៩ កន្លងមកផងដែរ ។
អំឡុងពេលនេះ កញ្ញាង៉ា ស្រីណាន ហៅ ណាន ណាន គឺជាបេក្ខភាព X-Factor Cambodia ដែលមានវ័យ ១៥ ឆ្នាំប៉ុណ្ណោះ ហើយដ្បិតតែមិនទទួលបានជោគជ័យក្នុងការប្រឡងកម្មវិធីនេះមែន តែនាងក៏ជាបេក្ខភាពមានសមត្ថភាពខ្លាំងមួយរូប ដែលទទួលបានការលើកសរសើរច្រើនពីមហាជនផងដែរ ។
ទោះបីជាយ៉ាងណា ដោយសារការមិនចុះចាញ់ និងចង់សម្រេចគោលបំណងចង់ក្លាយជាតារាចម្រៀងអាជីព ណាន ណាន បានដុះខាត់សម្លេងរបស់ខ្លួនអស់ជាច្រើនឆ្នាំ ហើយបានវិលត្រឡប់មកចូលរួមប្រឡងក្នុងកម្មវិធីនេះជាថ្មីម្តងទៀតនាឆ្នាំ២០២៦ ហើយនៅទីបំផុត នាងអាចធ្វើបាន រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ ៕




ចែករំលែកព័តមាននេះ