ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​កូរ៉េ ជួប​ពិភាក្សា​ការងារ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិកា​រ លេី​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

3 ខែ មុន
  • ភ្នំពេញ

សាធារណរដ្ឋ​កូរ៉េ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៤…

សាធារណរដ្ឋ​កូរ៉េ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ឯកឧត្តម Lee Jung Sik (​លី ចង់ស៊ី​ក​) រដ្ឋមន្ត្រីក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ លើ​កិច្ច​សហប្រតិបត្តិការ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់ ​ឯកឧត្តម Lee Jung Sik ចំពោះ​ការ​ជួប​ពិភាក្សា​ការងារ​ លើ​កិច្ច​សហប្រតិបត្តិការ​ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិសេស ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទទួល​ពលករ ​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦​ មក​ ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា តាម​រយៈ​ប្រព័ន្ធ​នេះ ពលករ​កម្ពុជា​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​អាច​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទាំងមូល​ របស់​ពួក​គាត់​បាន ​។ ទន្ទឹម​នឹង​នេះ ពលករ​កម្ពុជា​អាច​ទទួល​បាន​បទ​ពិសោធន៍ និង​ចំណេះ​ជំនាញ​លើ​វិស័យ​សំខាន់​ៗ ដើម្បី​ត្រឡប់​មក​ជួយ​ពង្រឹង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្រោយ​បញ្ចប់​អាណត្តិ​ការងារ​ ។

ក្រៅពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម ហេង សួរ បាន​ស្នើ​សុំ​ឯកឧត្តម Lee Jung Sik ជួយ​សម្របសម្រួល​បន្ថែម​ លើ​កម្មវិធី​ពលករ​ជំនាញ (E-7) ពីលើ​កម្មវិធី E-9 ដែល​មាន​ស្រាប់ ព្រមទាំង​ពិនិត្យ​មើល​លទ្ធភាព​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ រវាង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ​, អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ​កូរ៉េ ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​, អង្គភាព​សេវា​ព័​ត៌​ការងារ​កូរ៉េ ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ការ​ផ្តល់​ជំនួយ​បន្ថែម ​លើ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ។

តាម​រយៈ​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​មុខរបរ និង​ការងារ​កូរ៉េ​នឹង​បន្ត​ផ្តល់​ឱកាស​ការងារ​ជូន​បងប្អូន​ពលករ​កម្ពុជា​ ដែល​មាន​បំណង​ទៅ​បម្រើ​ការងារ​ នៅ​សាធារណរដ្ឋ​កូរ៉េ ក៏​ដូច​ជា​សហការ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់​ៗ​រួម​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​រវាង​រដ្ឋាភិបាល​កម្ពុជា​-​កូរ៉េ​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ការងារ​កូរ៉េ​ ក៏​បាន​កោតសរសើរ ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​សហកា​រលេី​ការ​ បញ្ជូន​ពលករ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ទាន់​ពេលវេលា ព្រមទាំង​គូសបញ្ជាក់​ថា ពលករ​កម្ពុជា មានការ​ខិតខំ​ប្រឹងប្រែង ឧស្សាហ៍​ព្យាយាម ស្មោះត្រង់ ​។ កត្តា​ទាំងនេះ​ហេី​យ ដែល​នាំ​ឲ្យ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​កូតា​កាន់តែ​ច្រើន​បន្ថែម​ទៀត ​ពី​រដ្ឋាភិបាល​កូរ៉េ​ ។ ​

ទន្ទឹម​នឹង​នោះ ឯកឧត្តម Lee Jung Sik នឹង​ពិនិត្យ​មើល​លទ្ធភាព​ផ្តល់​កិច្ចសហការ​ ឱ្យ​បាន​លឿន​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ឯកឧត្តម ហេង សួរ ដែល​បាន​លើក​ឡើង ព្រមទាំង​ថ្លែងអំណរគុណ ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​កិច្ចសហការ​ជាមួយ​ក្រសួង​មុខរបរ និង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​យ៉ាងច្រើន ​សម្រាប់​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក ​៕ អត្ថបទសហការ