ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ ការ​ជ្រើសរើស​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ដល់​យុវជន​របស់​វិទ្យាស្ថាន​ប៉េ អេស អឺ​(PSE) ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ឆ្លាត​វៃ

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​កោតសរសើរ​ដល់​វិទ្យាស្ថាន​ប៉េ អេស អឺ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ចំពោះ​ការ​ជ្រើសរើស​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​កោតសរសើរ​ដល់​វិទ្យាស្ថាន​ប៉េ អេស អឺ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ចំពោះ​ការ​ជ្រើសរើស​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ ដល់​យុវជន​កម្ពុជា ​ដែល​មាន​ជីវភាព​ខ្វះខាត​ឱ្យ​មាន​ជំនាញ​ជាក់លាក់ ​ក្នុង​រយៈពេល​ខ្លី​ហើយ​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ ​។

ការ​ថ្លែង​កោតសរសើរ​ដូចនេះ គឺ​ក្នុង​ពេល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស និស្សិត​របស់​វិទ្យាស្ថាន​ប៉េ អេស អឺ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម ​នៃ​កុមារ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០២៤​នេះ ​។

ថ្លែង​ទៅ​កាន់​អង្គពិធី​នៅ​វិទ្យាស្ថាន​ប៉េ អេស អឺ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ចំពោះ​ជម្រើស នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​ថា ជា​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ និង​វ័យឆ្លាត​ដែល​វិទ្យាស្ថាន​បាន​ដាក់​ចេញ​យ៉ាង​សាក​សម​បំផុត ​សម្រាប់​យុវជន​កម្ពុជា​ដែល​ខ្វះ​លទ្ធភាព សិក្សា​បាន​តិចតួច ឬ​បោះបង់​ចោលការ​សិក្សា ឱ្យ​មាន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ជា​ស្ពាន​ចម្លង​ជីវិត​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ ទទួល​បាន​ប្រាក់​ចំណូល​ឆាប់រហ័ស​ ដើម្បី​ជួយ​ខ្លួនឯង ជួយ​ក្រុម​គ្រួសារ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ដែរ​ថា បេសកកម្ម​របស់​វិទ្យាស្ថាន​ប៉េ អេស អឺ មាន​ទស្សនៈវិស័យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដោយ​បាន​កំណត់​ទិស​ដៅ​ជា​អាទិភាព​ ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ ​ក្នុង​រយៈពេល​ខ្លី តាម​រយៈ​ជំនាញ ហើយ​កម្មវិធី​ថ្នាក់​ជាតិ​នេះ កំពុង​តែ​ត្រូវ​បាន​អនុវត្ត​ ដោយ​យកចិត្តទុកដាក់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ក្នុង​គោលបំណង​ប្រែក្លាយ​កម្ពុជា​ ពី​ប្រទេស​អតិពលកម្ម​ទៅ​ជា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ជំនាញ ​។

មួយវិញទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត និង​កោតសរសើរ​ដល់​យុវជន​ ដែល​កំពុង​សិក្សា និង​ជា​អតីត​សិស្ស និស្សិត​នៅ​វិទ្យាស្ថាន​ប៉េ អេស អឺ ទាំងអស់​ដែល​បាន​ជ្រើសរើស​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ​ជា​ស្ពាន​ចម្លង​សម្រាប់​អនាគត​ ។ សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ គឺជា​ជម្រើស​មួយ​ផ្សេង​ទៀត​ ដែល​មាន​រយៈពេល​ខ្លី មាន​ជំនាញ​លឿន​ដែល​អាច​បំពេញតម្រូវការ ​សម្រាប់​គ្រួសារ​នីមួយ​ៗ​ឆាប់រហ័ស ហើយ​ជំនាញ​នេះ​ទៀត​សោត ក៏​មាន​ភាព​បត់បែន​ ដែល​អាច​ឱ្យ​អ្នក​សិក្សា​អាច​បន្ត​ ដល់​ថ្នាក់ឧត្តម​សិក្សា​បន្ថែម​ទៀត​បាន​ផង​ដែរ​ ៕ អត្ថបទសហការ