រាជធានីភ្នំពេញ ៖ ឱកាសបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយកីឡាករ ឃឹម ពេជ្រចិន្តា នៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍ កាលពីថ្ងៃទី១០ មីនា កីឡាករដែលធ្លាប់ល្បីល្បាញខ្លាំងមុនធ្លាក់ដៃ ជ័យ សុីនេត បានសារភាពថា ខ្លួននៅតែទទួលការប្រកួតទាំងវ័យខ្លួនកាន់តែជ្រេ និងកាន់តែខ្សោយកម្លាំងនាពេលនេះគឺដោយសារតែជីវភាពសុទ្ធសាធ ។
លោកថា ខ្លួនរាល់ថ្ងៃអត់មានអ្វីរំពឹងក្រៅពីការប្រដាល់នោះទេ ដោយអះអាងថា បើក្នុងមួយខែ មិនមានការផ្គូរផ្គងអោយឡើងរេញម្ដងគឺនឹងដាច់ពោះនោះផង ។ ស្ថិតក្នុងវ័យ៣៤ឆ្នាំ តែគេកត់សម្គាល់ថា កីឡាករ ជ័យ សុីនេត មានរូបរាង និងមុខមាត់ចំណាស់ដោយសារតែលោកបានសារភាពថា ខ្លួននឿយ និងពិបាកចិត្តខ្លាំង ។
លោកថា ខ្លួនកើតក្នុងត្រកូលអ្នកក្ ធ្វើតែកម្មករ និងសុីឈ្នួលគេហើយក្រោយមកក៏បានប្រឡូកការប្រដាល់តាំងពីវ័យ១៥ឆ្នាំ ដើម្បីរកលុយចិញ្ចឹមខ្លួន ។ លោកធ្លាប់បោះបង់ការប្រដាល់មួយលើកជាពីរលើកហើយ ដើម្បីរត់ទៅសុីឈ្នួលនៅប្រទេសជិតខាង និងធ្វើជាកម្មករសំណង់ជាដើម ប៉ុន្តែមិនបានសល់លុយសល់កាក់អ្វីទេ ព្រោះតែការនៅក្នុងពេលនោះបណ្ដាលអោយលោកឈឺវិញ ។
លោកសម្រេចចិត្តត្រលប់មកការប្រដាល់វិញហើយក៏រស់ទាំងលំបាករាល់ថ្ងៃ ស្របគ្នាដែលលោកក្រៅពីធ្វើសំណង់គឺមិនមានចំណេះដឹងអ្វីធ្វើបើដកខ្លួនពីការប្រដាល់ ។ លោកសារភាពថា ជីវភាពរាល់ថ្ងៃមិនខុសពីរស់មួយកេរៗដូចមាន់នោះទេ ដោយលុះត្រាតែមានការផ្គូរផ្គងអោយឡើងប្រដាល់ទើបបានលុយខ្លះចាយវាយ និងបង់ថ្លៃឈ្នួលផ្ទះនៅម្ដុំប្ញស្សីកែវ ខណៈដែលភរិយារបស់លោកដែលត្រូវមើលថែកូនតូច២នាក់ក៏មានជំងឺឈាមសសុីឈាមក្រហមប្រចាំកាយមិនអាចទៅធ្វើការអ្វីបាន ។
លោកថា រាល់ថ្ងៃសល់តែមួយផ្លូវគត់គឺបានលុយពីការប្រកួតក្នុងមួយប្រកួត៣៥មុឺនរៀល ដោយក្នុងមួយខែបងៗជាគណកម្មការ និងជាគ្រូបង្វឹកក៏បានផ្គូរផ្គងអោយប្រកួតអោយហោចណាស់ក៍បានមួយលើកគ្រាន់ចិញ្ចឹមខ្លួន ។
ងាកទៅកាន់ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍កាលពីថ្ងៃអាទិត្យមុននេះវិញ លោកត្រូវគេឃើញបរាជ័យក្រោមដៃ ឃឹម ពេជ្រចិន្តា ដែលជាដៃគូចាស់ដោយពិន្ទុបន្ទាប់ពីប្រឹងប្រកួតយ៉ាងពិបាកផងដែរតែមិនអាចបុកត្រូវគោលដៅ ។
លោកថា ខ្លួនប្រឹងខ្លាំងណាស់ ប៉ុន្តែមកពីការហូបចុកក៍៏មិនគ្រប់គ្រាន់ ហើយវ័យកាន់តែជ្រេ ទើបធ្វើអោយលោកស្ទក់ៗ ដៃមិនរហ័យ និងមិនសូវវាយល្អដូចមួយរយៈពេលមុន ។ យ៉ាងណាមិញ លោកថា ហេតុផលដែលលោកចាញ់ពិន្ទុ ឃឹម ពេជ្រចិន្តា នៅក្នុងថ្ងៃនោះក៏ព្រោះតែលោកភ្លាត់វាយត្រូវប្រដាប់ការពារគេហើយត្រូវគណកម្មការពិន័យកាត់ពិន្ទុប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ