សោកនាដកម្មខាងការបរបាញ់ពុំធ្លាប់មានពីមុនមកមួយកើតមាននៅប្រទេសអូទ្រីស កាលពីយប់ថ្ងៃទី១៧ មក១៨ កញ្ញា ដោយព្រានព្រៃម្នាក់ដំបូងបាញ់សម្លាប់ប៉ូលិស៣នាក់ និងអ្នកជួយសង្គ្រោះម្នាក់មុនពេលសម្លាប់ខ្លួន ។ ៥ម៉ោងក្រោយអន្តរាគមន៍របស់សមាជិកកងឯកភាពពិសេស COBRA ប្រមាណជា១៣៥នាក់ និងប៉ូលិសជិត២០០នាក់ដែលលុកចូលផ្ទះរបស់ឃាតករ ទីបំផុតគេបានរកឃើញសាកសពរបស់គេត្រូវភ្លើងឆេះរោល ។ ឃាតកររូបនេះឈ្មោះ ALOIS HUBER អាយុ៥៥ឆ្នាំ ។
កាលពីយប់ថ្ងៃទី១៦ មក១៧ កញ្ញា មានអន្តរាគមន៍មួយរបស់ប៉ូលិសដើម្បីប៉ុនប៉ងចាប់ខ្លួនបុរសម្នាក់សង្ស័យចាប់តាំងពីច្រើនឆ្នាំមកហើយប្រព្រឹត្តការបរបាញ់ខុសច្បាប់នៅ ANNABERG តំបន់ BASSE អូទ្រីស ។ ព្រានព្រៃនោះដែលដឹកនាំសហគ្រាសដឹកជញ្ជូនតូចមួយបានរត់ទៅលាក់ខ្លួនក្នុងកសិដ្ឋានរបស់គេដែលឡោមព័ទ្ធកាលពីថ្ងៃទី១៧ កញ្ញា ដោយកងកម្លាំងសន្តិសុខអមដោយក្រុមអ្នកពន្លត់ភ្លើង និងបណ្តាបុគ្គលិកកាកបាទក្រហម ។ រថពាសដែក៣គ្រឿងរបស់កងទ័ពអូទ្រីស និងបណ្តាឧទ្ធម្ភាគចក្រយោធា ក៏ចូលរួមក្នុងប្រតិបត្តិការនេះដែរ ។ ព្រានព្រៃរូបនេះគ្រាដំបូងបានបាញ់សម្លាប់ប៉ូលិសម្នាក់ពេលទៅចាប់ខ្លួនគេក្នុងព្រៃមួយនៅ ANNABERG ចម្ងាយប្រមាណជា១០០គីឡូម៉ែត្រខាងលិចទីក្រុងវីយែន ។
បន្ទាប់មកព្រានព្រៃរូបនេះបានបាញ់ប្រហារជាថ្មី ខណៈដែលពួកអ្នកជួយសង្គ្រោះចូលទៅជួយប៉ូលិសទី២ម្នាក់ដែលត្រូវរបួស ដោយលើកនេះសម្លាប់អ្នកបើកបរថយន្តសង្គ្រោះ ។ ជននោះបន្ទាប់មករត់គេចខ្លួនដោយដណ្តើមយករថយន្តប៉ូលិស១គ្រឿង ហើយបាញ់ប្រហារសម្លាប់ប៉ូលិសម្នាក់ក្នុងចំណោមប៉ូលិស២នាក់ស្ថិតក្នុងរថយន្តនេះ ។ ក្រោយមករូបគេបើករថយន្តប៉ូលិសនាំទាំងប៉ូលិសម្នាក់ទៅជាមួយធ្វើជាចំណាប់ខ្មាំង ដែលប៉ូលិសរូបនេះរកឃើញស្លាប់៕
ចែករំលែកព័តមាននេះ