ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ពី​បណ្តា​មេដឹកនាំ​នៅ​អឺរ៉ុប ក្រោយ​ជំនួប​តឹងសរសៃក «​ហ្សេ​ឡេ​ន​ស្គី​-​ត្រាំ​»

1 ថ្ងៃ មុន

អន្តរជាតិ ៖ បណ្តា​មេដឹកនាំ​អឺរ៉ុប​ប្រមូលគ្នា ដើម្បី​ឈរ​ពីក្រោយ និង​គាំទ្រ​លោក វ្ល៉ូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បន្ទាប់​ពី​កើត​មានការ​តឹងសរសៃក​ដាក់​គ្នា​រវាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​នរូ​ប​នេះ…

អន្តរជាតិ ៖ បណ្តា​មេដឹកនាំ​អឺរ៉ុប​ប្រមូលគ្នា ដើម្បី​ឈរ​ពីក្រោយ និង​គាំទ្រ​លោក វ្ល៉ូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បន្ទាប់​ពី​កើត​មានការ​តឹងសរសៃក​ដាក់​គ្នា​រវាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​នរូ​ប​នេះ ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​ឯ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ជុំវិញ​កិច្ច​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​។

លោក ត្រាំ ប៉ះទង្គិច​ពាក្យ​សម្តី​ជា​ច្រើន​ជាមួយ​លោក ហ្សេ​ឡេ​ន​ស្គី ដោយ​លោក​ចង់​ផ្តោត​ជា​សំខាន់​លើ​ការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​រ៉ែ​។ លោក​បាន​ប្រាប់​សម​ភាគី​អ៊ុយ​ក្រែ​ន​ឱ្យធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​រុ​ស្ស៊ី ឬ​យើង​ទាំង​ពីរ​នាក់​ដើរ​ចេញ​ទៅ​ក្រៅ​។ ហើយ​ជា​លទ្ធផល គ្មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​អ្វី​ទាំងអស់​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​១ ខែមីនា បានឱ្យ​ដឹង​ថា មេដឹកនាំ​ប្រទេស​អា​ល្លឺ​ម៉​ង់ បារាំង អេ​ស្ប៉ា​ញ ប៉ូ​ឡូញ ហូ​ឡង់ និង​ជា​មេដឹកនាំ​អឺរ៉ុប​ជា​ច្រើន​ផ្សេង​ទៀត ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ឯ​សេត​វិមាន ដោយ​មេដឹកនាំ​ទាំងនោះ​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុង​ន័យ​ជា​រួម​សំដៅ​ថា «​អ៊ុយ​ក្រែ​ន​មិន​ឯកា​នោះ​ទេ​»​។ ស្រប​ពេល​លោក ហ្សេ​ឡេ​ន​ស្គី ក៏​បាន​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​កាន់​សារ​លើកទឹកចិត្ត​នីមួយ​ៗ ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ដ៏​សំខាន់​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ​។

ជាក់ស្តែង ការិយាល័យ​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​ចេញផ្សាយ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ដំណើរ​មក​ដល់ទី​ក្រុង​ឡុ​ង​ដ៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រៀបចំ​ដោយ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក គែរ ស្តារ​ម័​រ (Keir Starmer) ដែល​បន្ត​រក្សា​ការ​គាំទ្រ​មិន​ផ្លាស់​ប្តូរ​សម្រាប់​អ៊ុយ​ក្រែ​ន​។

ខាងក្រោម​នេះ​ជា​សម្រង់​សារ និង​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ពី​មេដឹកនាំ​សំខាន់​ៗ ពិភពលោក ដើម្បី​ចេញ​មុខការ​ពារ​អ៊ុយ​ក្រែ​ន និង​លោក ហ្សេ​ឡេ​ន​ស្គី ៖
-​លោក Donald Tusk នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ បាន​សរសេរ​ថា «​សូម​គោរព​លោក ហ្សេ​ឡេ​ន​ស្គី និង​មិត្តភក្តិ​អ៊ុយ​ក្រែ​ន​ជាទី​ស្រឡាញ់ អ្នក​នឹង​មិន​ឯកោ​ទេ​»​។
-​លោក Gitanas Nausea ប្រធានាធិបតី​លី​ទុ​យ​អា​នី​៖ «​អ៊ុយ​ក្រែ​ន​អ្នក​នឹង​មិន​ដែល​ដើរ​តែ​ម្នាក់ឯង​នោះ​ទេ​»​។
-​លោកស្រី Mette Frederiksen នាយក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​៖ «​សូម​គោរព​លោក ហ្សេ​ឡេ​ន​ស្គី ដា​ណឺ​ម៉ាក​មាន​មោទនភាព​ជាមួយ​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​»​។

លោក Emmanual Macron ប្រធានាធិបតី​បារាំង​៖ «​មាន​អ្នក​ឈ្លានពាន​គឺ រុ​ស្ស៊ី​។ មាន​មនុស្ស​ត្រូវ​បាន​គេ​ឈ្លានពាន​គឺ អ៊ុយ​ក្រែ​ន​។ យើង​បាន​ធ្វើ​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​អ៊ុយ​ក្រែ​ន និង​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​កាលពី​បី​ឆ្នាំ​មុន ហើយ​បន្ត​ធ្វើ​ដូច្នេះ​ទៀត​។ យើង ក្នុង​នោះ​ទាំង​ជនជាតិ​អា​មេ​រិ​ក អឺរ៉ុប កា​ណា​ដា ជប៉ុន និង​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​។ សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ជួយ និង​បន្ត​ធ្វើ​ដូច្នេះ​។ ហើយ​គោរព​អ្នក​តាំងពី​ដើម​នៃ​ជម្លោះ​មក​ម្ល៉េះ​។ ព្រោះ​ពួក​គេ​កំពុង​តស៊ូ​ដើម្បី​សេចក្តី​ថ្លៃថ្នូរ ឯករាជ្យ​ភាព​របស់​ពួក​គេ ដើម្បី​កូន​ៗ និង​ដើម្បី​សន្តិសុខ​អឺរ៉ុប​»​។

-​លោក Pedro Sanchez នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​៖ «​អ៊ុយ​ក្រែ​ន អេ​ស្ប៉ា​ញ ឈរ​ជាមួយ​គ្នា​»​។
-​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​៖ កា​ណា​ដា​នឹង​បន្ត​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុង​ការ​សម្រេច​បាន​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​»​។
-​លោក Anthony Albanese នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​៖ «​អូស្ត្រាលី​គាំទ្រ​ដោយ​មោទនភាព​ចំពោះ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដ៏​ក្លាហាន​ក្នុង​ការ​តស៊ូ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ពួក​គេ​ប្រឆាំង​នឹង​ភាព​ព្រៃផ្សៃ​នៃ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី និង​គាំទ្រ​ដល់​ច្បាប់​អន្តរជាតិ​»​។

-​លោកស្រី Maia Sandu ប្រធានាធិបតី​ម៉ុ​ល​ដា​វី​៖ «​ការ​ពិត​គឺ​សាមញ្ញ​។ រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​ជា​អ្នក​ឈ្លានពាន​។ អ៊ុយ​ក្រែ​ន​ការពារ​សេរីភាព​ខ្លួន និង​របស់​យើង​។ យើង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​»​។
-​លោក Ulf Kristersson នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត​៖ «​ស៊ុ​យ​អែ​ត ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​។ អ្នក​មិន​ត្រឹមតែ​តស៊ូ​ដើម្បី​សេរីភាព​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​អឺរ៉ុប​ទាំងមូល​ផង​ដែរ​។ Slava អ៊ុយ​ក្រែ​ន ឬ រុងរឿង អ៊ុយ​ក្រែ​ន​!»​។
-​លោក Friedrich Mer អធិការបតី​អា​ល្លឺ​ម៉​ង់​៖ «​សូម​គោរព​លោក វ្ល៉ូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី យើង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​ពេលវេលា​ល្អ និង​បញ្ហា​ប្រឈម​។ យើង​មិន​ត្រូវ​ច្រឡំ​អ្នក​ឈ្លានពាន និង​ជន​រង​គ្រោះ​ក្នុង​សង្គ្រាម​ដ៏​អាក្រក់​នេះ​ឡើយ​»​។

-​លោក Andrej Plenkovic នាយក​រដ្ឋមន្ត្រី​ក្រូ​អាត​៖ «​ក្រូ​អាត​ដឹង​តាម​បទ​ពិសោធន៍​របស់​ខ្លួន​ថា មាន​តែ​សន្តិភាព​ទើប​អាច​ស្ថិតស្ថេរ​បាន​យូរ​។ រដ្ឋាភិបាល​ក្រូ​អាត​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ជឿជាក់​របស់​ខ្លួន​ថា អ៊ុយ​ក្រែ​ន​ត្រូវការ​សន្តិភាព​បែប​នេះ គឺជា​សន្តិភាព​ដែល​មាន​ន័យ​ថា អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិសុខ​អឺរ៉ុប​»​។
-​លោក Petteri Orpo នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​៖ «​ហ្វាំ​ង​ឡង់ និង​ប្រជាជន​ហ្វាំ​ង​ឡង់​ឈរ​យ៉ាង​រឹង​មាំ​ជាមួយ​អ៊ុយ​ក្រែ​ន​។ យើង​នឹង​បន្ត​ការ​គាំទ្រ​ឥត​ងាករេ ហើយ​ធ្វើការ​ឆ្ពោះទៅ​រក​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​ស្ថិតស្ថេរ​»​។

-​លោក Kristen Michal នាយក​រដ្ឋមន្ត្រី​អេ​ស្តូ​នី​៖ «​យើង​ឈរ​ជាមួយ​លោក វ្ល៉ូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី និង​អ៊ុយ​ក្រែ​ន​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​យើង​។ ជា​និច្ច​។ ព្រោះ​វា​ជា​រឿង​ដ៏​ត្រឹមត្រូវ​»​។
-​លោក Simon Harris ឧបនាយករដ្ឋមន្ត្រី​អៀរ​ឡង់​៖ «​អ៊ុយ​ក្រែ​ន​មិន​ត្រូវ​ស្តីបន្ទោស​ចំពោះ​សង្គ្រាម​ដែល​កើតឡើង​ដោយ​ការ​លុកលុយ​ខុសច្បាប់​របស់​រុ​ស្ស៊ី​នោះ​ទេ​។ យើង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​»​។
-​លោក Edgars Rinkevics ប្រធានាធិបតី​ប្រទេស​ឡេ​តូ​នី​៖ «​អ៊ុយ​ក្រែ​ន​គឺជា​ជន​រង​គ្រោះ​នៃ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។ ពួក​គេ​ប្រយុទ្ធ​នឹង​សង្គ្រាម​ដោយ​មាន​ជំនួយ​ពី​មិត្ត​ភ័ក្តិ និង​ដៃគូ​ជា​ច្រើន​។ យើង​ត្រូវធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ខិតខំ​ដើម្បី​សន្តិភាព​ដែល​ត្រឹមត្រូវ និង​ស្ថិតស្ថេរ​។ ជួនកាល​ការទូត​គឺជា​សិល្បៈ​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​។ ឡេ​តូ​នី ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​»​។

-​លោក Dick Schoof នាយក​រដ្ឋមន្ត្រី​ហូ​ឡង់​៖ «​ហូ​ឡង់​គាំទ្រ​អ៊ុយ​ក្រែ​ន យ៉ាង​ម៉ឺងម៉ាត់​ដូច​សព្វដង​។ ឥឡូវនេះ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់​។ យើង​ចង់បាន​សន្តិភាព​យូរអង្វែង និង​បញ្ចប់សង្គ្រាម​ឈ្លានពាន​ចាប់ផ្តើម​ដោយ​រុ​ស្ស៊ី​។ សម្រាប់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​របស់​ខ្លួន និង​សម្រាប់​អឺរ៉ុប​»​។
-​លោក Luc Friedsen នាយក​រដ្ឋមន្ត្រី​លុ​ច​សំបួ​៖ «​លុ​ច​សំបួរ​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​។ អ្នក​កំពុង​តស៊ូ​ដើម្បី​សេរីភាព​របស់​អ្នក និង​ច្បាប់​ផ្អែក​លើ​សណ្តាប់ធ្នាប់​អន្តរជាតិ​»​។

លោក Antonio Costa ប្រធាន​សហភាព​អឺរ៉ុប និង​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ធានា​ដល់​លោក ហ្សេ​ឡេ​ន​ស្គី នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា «​អ្នក​មិន​ដែល​នៅ​ម្នាក់ឯង​នោះ​ទេ​។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​អ្នក ដើម្បី​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ ផ្ទុយ​ពី​មិត​ភាគច្រើន លោក Viktor Orban នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​ឯណោះ​វិញ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​លោក ត្រាំ ដោយ​សរសេរ​ថា «​បុរស​ខ្លាំង​បង្កើត​សន្តិភាព មនុស្ស​ទន់ខ្សោយ​បង្កើត​សង្គ្រាម​។ ថ្ងៃនេះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ឈរ​យ៉ាង​ក្លាហាន​ដើម្បី​សន្តិភាព​។ ទោះបីជា​វា​ពិបាក​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ការ​រំលាយ​វា​ក៏​ដោយ​។ សូម​អរគុណ​លោក​ប្រធានាធិបតី​!»៕ ដកស្រង់ ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ