រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចឱ្យប្រជុំពិភាក្សា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈទាំងអស់នៅកម្ពុជា ។ នេះបើយោងលិខិតមួយច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចេញផ្សាយនៅថ្ងៃទី២៤ មេសា កន្លងមកនេះ ។
លិខិតបានលើកឡើងថា ករណីសំណើសុំរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿង
ស្រវឹង ។
ការបើកកិច្ចប្រជុំនេះ ធ្វើឡើងតាមលិខិតរបស់ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុនភេសជ្ជៈ និងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរនិងស្រា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥កន្លងមក ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានឃើញនិងឯកភាពជាគោលការណ៍ដូចខាងក្រោម៖
១-ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។
២-រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប៕

ចែករំលែកព័តមាននេះ