ខេត្តបាត់ដំបង ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនមួយក្រុមដែលចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរសាធារណៈការខេត្តផង បានចុះត្រួតពិនិត្យផ្ទាល់លើស្ថានភាពជាក់ស្ដែងនៃ «ស្ពានថ្មចាស់មានអាយុ១០៩ឆ្នាំ» ដែលកំពុងទ្រុឌទ្រោមខ្លាំង ត្រៀមជួសជុលឡើងវិញ តាមការស្នើសុំពីរដ្ឋបាលខេត្ត ដើម្បីដាក់ឲ្យដំណើរការ សម្រាប់អ្នកដំណើរថ្មើរជើង ក្រោយពីបិទមិនឲ្យធ្វើដំណើរឆ្លងកាត់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកព្រូញ រិទ្ធថា បានមានប្រសាសន៍ប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី២៥ មេសា នេះថា យើងមិនទាន់ដឹងពីផែនការចុះធ្វើកិច្ចការងារ«ជួសជុលស្ពានថ្មចាស់» នេះ នៅពេលណាទេ ពីព្រោះមន្ត្រីជំនាញមកពីក្រសួង និងមន្ត្រីជំនាញនៃមន្ទីរសាធារណៈខេត្ត បាននិងកំពុងចុះត្រួតពិនិត្យ និងសិស្សាពីគម្រោង «ជួសជុល» នេះនៅឡើយ ។

លោកប្រធានមន្ទីរជំនាញរូបនេះបានបញ្ជាក់បន្ថែមថា មន្ត្រីបច្ចេកទេសបានចុះត្រួតពិនិត្យផ្ទាល់ពីស្ថានភាព «ស្ពានថ្មចាស់ដ៏ទ្រុឌទ្រោម» នេះរួចហើយនៅឡើយ តែការពិភាក្សាគ្នាអំពី «កញ្ចប់ថវិកា» ដែលត្រូវប្រើប្រាស់លើគម្រោងនេះ តើត្រូវប្រើប្រាស់កញ្ចប់ថវិកាថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ? កាលពីថ្ងៃទី២៤ មេសា មន្ត្រីជំនាញមួយក្រុមនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរសាធារណៈការខេត្តផងបានចុះត្រួតពិនិត្យដោយផ្ទាល់ពីស្ថានភាពទ្រុឌទ្រោមនៃ «ស្ពានថ្មចាស់» ស្ថិតនៅខាងមុខសាលាខេត្តបាត់ដំបង ដើម្បីវាយតម្លៃពីស្ថានភាពទូទៅនៃ«ស្ពានប្រវត្តិសស្ត្រ»មួយនេះ មុននឹងធ្វើការជួសជុលឡើងវិញ ។

បើតាមមន្ត្រីជំនាញបាននិយាយថា ការចុះត្រួតពិនិត្យពីស្ថានភាពជាក់ស្ដែងលើ «ស្ពានថ្មចាស់» ដែលមានអាយុ១០៩ឆ្នាំ និងសិក្សាពីគម្រោងជួសជុលឡើងវិញនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពីរដ្ឋបាលខេត្តបាត់ដំបងដែលសុំជួសជុលសម្រាប់ឲ្យអ្នកដំណើរថ្មើរជើងដើរឆ្លងកាត់ ។
យោងលើលិខិតស្នើសុំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបងចុះថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ គោរពជូន «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន»ក្នុងកម្មវត្ថុ៖«សំណើសុំជួសជុលស្ពានថ្មចាស់ឆ្លងកាត់ស្ទឹងសង្កែ ដែលមានទីតាំងស្ថិតនៅខាងអគារចាស់នៃសាលាខេត្ត» ។

ជាមួយនឹងកម្មវត្ថុ លោកអភិបាលខេត្តបានលើកហេតុផលដូច្នេះថា «កន្លងមក ដោយពិនិត្យឃើញស្ថានភាពចាស់ទ្រុឌទ្រោម និងផ្ទៃបេតុងប្រេះស្រាំនៃស្ពានថ្មចាស់រដ្ឋបាលខេត្តបានសម្រេចបិទការប្រើប្រាស់ លែងឲ្យយានយន្តគ្រប់ប្រភេទ និងថ្មើរជើងធ្វើដំណើរឆ្លងតាក់ដោយខ្លាចកើតមានគ្រោះថ្នាក់ដោយថាហេតុ» ។

លោកអភិបាលខេត្តបានលើកបង្ហាញពីសក្តានុពលស្ពានទ្រុឌទ្រោមនេះបន្ថែមទៀតថា«បច្ចុប្បន្នដោយសារតែមានប្រជាពលរដ្ឋជាច្រើនមមារញឹកក្នុងការដើរហាត់ប្រាណ ហើយឃើញថា ស្ពាននេះ នៅមានលទ្ធភាពក្នុងការប្រើប្រាស់ សម្រាប់ដើរឆ្លងកាត់បាន ។ ហេតុដូច្នេះខ្ញុំបាទ សូមគោរពឯកឧត្តម រដ្ឋមន្ត្រី មេត្តាជួយជួសជុលស្ពានថ្មចាស់ឆ្លងកាត់ស្ទឹងសង្កែនេះ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង» ។

ស្ពានថ្មចាស់ដែលមានរាងកោងដូចខ្សែឥន្ទធនូឆ្លងកាត់ដងស្ទឹងសង្កែ មានទីតាំងនៅខាងមុខអគារចាស់នៃរដ្ឋបាលខេត្តបាត់ដំបងត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ១៩១៦ បើគិតមកទល់នឹងពេលនេះ ស្ពានថ្មរាងដូចឥន្ទធនូដ៏ស្រស់ស្អាតមួយនេះ មាន«អាយុ១០៩ឆ្នាំ»ហើយ ។ នេះបើយោងលើឯកសារប្រវត្តិសាស្ត្រនានាដែលបានកត់ត្រារក្សាទុក ។

នៅក្នុងសំណេររបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់លោកផ្ទាល់ក៏បានបញ្ជាក់ពីអាយុកាលនៃស្ពានថ្មប្រវត្តិសាស្ត្រមួយនេះ យ៉ាងដូច្នេះដែរថា « សង្ឃឹមថា ស្ពានថ្មចាស់ដែលមានអាយុ១០៩ឆ្នាំ ហើយកំពុងតែទ្រុឌទ្រោមខ្លាំងនឹងអាចដើរឆ្លងកាត់បានក្នុងគោលដៅទេសចរណ៍ និងហាត់ប្រាណ» ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តដោយមានការប្រឹក្សាយោបល់ពីមន្ត្រីជំនាញផងបានសម្រេចបិទខ្ទប់ស្ពានថ្មចំណាស់បំផុត ដែលមានស្ថានភាពទ្រុឌទ្រោមខ្លាំងមួយនេះ មិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ឡើយ សូម្បីតែថ្មើរជើង ឬដើរទៅឈរថតរូបលេងនៅលើស្ពានក៏មិនអនុញ្ញាតដែរ ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើងដោយថាហេតុ ។

ប៉ុន្តែយ៉ាងណាក្ដី តាមរយៈប្រសាសន៍លោកអភិបាលខេត្ត ដែលបានលើកឡើងខាងលើ អ្នករស់នៅខេត្តជង្រុកស្រូវ (បាត់ដំបង) ក៏ដូចមហាជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងរំពឹងថា «ស្ពានថ្មចាស់ ចំណាស់១០៩ឆ្នាំនេះ នឹងអាចដើរឆ្លងកាត់បាន ឬឈរថតរូបអនុស្សារីយ៍លេងកម្សាន្តនៅលើស្ពានបុរាណមួយនេះ ភ្ជាប់ជាមួយនឹងទិដ្ឋភាពដ៏សំបូរបែបនៃសម្រស់ដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងនាពេលដ៏ខ្លីខាងមុខនេះ៕





ចែករំលែកព័តមាននេះ