ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានជនមិនស្គាល់មុខបាន
យកគ្រាប់បែកដៃ០១គ្រាប់ទៅបង្កៃចោលក្បែរថូផ្កា នៅខាងមុខហាងលក់បុកល្ហុងដ៏ល្បីមួយកន្លែង នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ហើយត្រូវបានម្ចាស់ហាងប្រទះឃើញភ័យស្ទើរលោះព្រលឹង នៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ០៥ កក្កដា នេះ ហើយបានរាយការណ៍ភ្លាមៗ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ។

ម្ចាស់ហាងបុកល្ហុងនោះមានយីហោ «អាជីណាត» ដែលមានឈ្មោះ វង្ស ផាណាត ភេទស្រី អាយុ៤១ឆ្នាំ ជាម្ចាស់ហាង។ ហាងបុកល្ហុង «អាជីណាត» មានទីតាំងនៅចំណុច ភូមិ ឃុំ ខាងលើ ជាប់ផ្លូវជាតិលេខ៥ ស្ថិតនៅប៉ែកខាងលិច ប៉ុស្ដ៏នគរបាល ប្រមាណ៤០០ម៉ែត្រ។
អ្នកស្រី វង្ស ផាណាត បានផ្ដល់ព័ត៌មានបឋមថា គ្រាប់បែកនោះត្រូវគាត់ប្រទះឃើញ នៅពេលរៀបចំបើកហាងលក់ដូរ និងកំពុងបោសសំអាតខាងមុខហាង ។ ក្រោយពីប្រទះឃើញដូច្នេះ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ដើម្បីសុំជួយអន្តរាគមន៍ ។

បើតាមសមត្ថកិច្ចបានប្រាប់ថា គ្រាប់បែកនោះ ជាប្រភេទ«ក្រឡាទៀប»ដ៏មានគ្រោះថ្នាក់បំផុត។ គ្រាប់បែកនោះអាចបង្កគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើមានការប៉ះពាល់ តែគេពុំទាន់ដឹងពីគោលបំណងនៃជនមិនស្គាល់មុខដែលយកទៅប្លុងនៅខាងមុខហាងបុកល្ហុងខាងលើនេះទេ ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពជាក់ស្ដែង នេះជាទង្វើគំរាមកំហែងម្ចាស់ផ្ទះ ដែលពាក់ព័ន្ធនឹងគំនុំអ្វីមួយ។
ជុំវិញករណីនេះ អ្នកស្រី វង្ស ផាណាត បានរំលឹកថា កន្លងមក គាត់ធ្លាប់មានវិវាទខ្លះជាមួយអ្នកក្បែរ តែបានបច្ចប់ហើយ។ ប៉ុន្តែបើពិនិត្យលើវិវាទនោះ ដូចជាមិនគួរកើតមានរឿងបែបនេះទេ។ ថៅកែហាងបុកល្ហុង «អាជីណាត» បានបង្ហាញនូវក្ដីបារម្ភខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្រោយពីមានជនមិនស្កាល់មុខយកគ្រាប់បែកមកប្លុងខាងមុនខហាងដូច្នេះ។

គាត់បានសំណូមពរដល់សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ វែកមុខម្ចាស់គ្រាប់បែកនេះឲ្យឃើញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទោះយ៉ាងណា បើតាមជនរងគ្រោះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងកម្លាំងអង្គភាពកំចាត់មីន «ស៊ីម៉ាក់» បានចុះពិនិត្យគ្រាប់បែកនោះ និងបានលើកយកគ្រាប់នោះរួចរាល់ ក្រោយធ្វើការត្រួតពិនិត្យទីតាំងកើតហេតុយ៉ាងហ្មត់ចត់ ។


ចែករំលែកព័តមាននេះ