ផ្លូវ ១ខ្សែប្រវែងជាង ២០០ម៉ែត្រ កាត់ផ្សារគុត្តសោធ បែកភក់ ពលរដ្ឋពិបាកធ្វើដំណើរពេលភ្លៀង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្លូវកាត់ផ្សារគុត្តសោធប្រវែងជាង ២០០ម៉ែត្របែកភក់ប្រជាពលរដ្ឋជួបការលំបាកចេញចូល និងឆ្លងកាត់ទៅមកនៅពេលមានភ្លៀងធ្លាក់ស្ថិតភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ។ ប្រជាពលរដ្ឋប្រាប់ថា នៅពេលមានភ្លៀងធ្លាក់ ផ្លូវ ១ខ្សែឆ្លងកាត់ផ្សារគុត្តសោធបែកភក់ ជាហេតុធ្វើឱ្យការធ្វើដំណើរចេញចូលឆ្លងកាត់ពិតជាលំបាកយ៉ាងខ្លាំង ដែលមានប្រវែងជាង២០០ម៉ែត្រដែលកំពុងឈូសឆាយកសាងផ្លូវថ្មីដែលជួបការលំបាករយៈពេលជាង ១សប្តាហ៍ហើយដែលប្រជាពលរដ្ឋឆ្លងកាត់ និងចេញពីផ្ទះ និងប្រកបមុខរបបរកស៊ីទទួលទានក៏ពិបាក និងសុំអោយអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងជួយសម្រួលផង ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវ ១ខ្សែឆ្លងកាត់ផ្សារគុត្តសោធកាលពីមុនជាផ្លូវបេតុងដែលរងការខូចខាត តែក្រោយមកឃើញអាជ្ញាធរបានឈូសឆាយកំទេចបេតុងចោលគ្រោងកសាងផ្លូវថ្មី គឺប្រជាពលរដ្ឋពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំងបានផ្លូវថ្មី តែសុំអោយក្រុមហ៊ុនដែលម៉ៅការធ្វើផ្លូវពេលបែកភក់ជួយឈូសឆាយសម្រួលអោយប្រជាពលរដ្ឋបានធ្វើដំណើរទៅមកបានងាយស្រួលផង ។
លោក អ៊ូ សុភាព អភិបាលរងស្រុកអូរជ្រៅបានប្រាប់ថា សុំចិត្តប្រជាពលរដ្ឋទ្រាំបន្តិចព្រោះគម្រោងកសាងផ្លូវកៅស៊ូប្រវែងជាង ១០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ ឆ្លងកាត់ផ្សារគុត្តសោធតភ្ជាប់ពីភូមិយាងថ្មី ឃុំកូប ដល់ភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលគម្រោងកសាងផ្លូវនេះនិងរួចរាល់នៅខែកញ្ញា ឆ្នាំ ២០២៦ ៕


ចែករំលែកព័តមាននេះ