ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ទូរ​សព្ទ ២​នាក់ ក្លែង​អត្តសញ្ញាណ​លើ​ស៊ី​មកា​ត​ជាង ៦០០​លេខ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ យ​.​ទ​.​ព និង​ឈ្មោះ ប​.​ល​.​ស ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់ និង​ចែកចាយ​ស៊ី​មកា​តរបស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ។

ជនសង្ស័យ​ទាំង​០២ បាន​សារភាព​ថា ពួក​គេ​ពិតជា​លក់ និង​ចែកចាយ​ស៊ី​មកា​ត​ទូរ​សព្ទ ដោយ​ធ្វើការ​ក្លែងបន្លំ​កាត់ត​រូបភាព និង​អត្តសញ្ញាណ ដើម្បី​បញ្ចូល​ទៅ​ក្នុង​ទិន្នន័យ​ព័ត៌មាន​ស៊ី​មកា​ត​ទូរ​សព្ទ ដែល​សរុប​កន្លង​មក​ពួក​គេ​បាន​ក្លែង​អត្តសញ្ញាណ​លើ​ស៊ី​ម​កាត​បាន​ជាង ៦០០​លេខ ដែល​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ក៏​ដូច​ជា​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​ជនល្មើស​ក្នុង​ការ​យក​លេខ​ទូរ​សព្ទ​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ទុច្ចរិត ឬ​ប្រព្រឹត្ត​បទល្មើស ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ នាយកដ្ឋាន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ជម្រាប​ជូន​សាធារណជន​ថា ការ​បញ្ចូល​ទិន្នន័យ​ដោយ​ទុច្ចរិត ទៅ​ក្នុង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ស្វ័យប្រវត្តិ ត្រូវ​ផ្ដន្ទាទោស​ពី​០១​ឆ្នាំទៅ ០២​ឆ្នាំ នេះ​បើ​យោង​តាម​ជំពូក​ទី​ពីរ​មាត្រា​៤២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១០១ នៃ​ច្បាប់​ទូរ​គម​នាគ​ម៍ បាន​ចែង​ថា ការ​យក​អត្តសញ្ញាណ​តតិយជន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរ​គម​នាគ​ម៍ ក្នុង​កាលៈទេសៈ ដែល​នាំ​ឲ្យ​មាន ការ​ចោទប្រកាន់​ខាង​ព្រហ្មទណ្ឌ ចំពោះ​តតិយជន​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០១​ឆ្នាំទៅ​០៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ ៦​លាន​រៀល ។ នាយកដ្ឋាន សូម​អំពាវនាវ ដល់​បណ្ដា​អ្នកលក់ និង​អ្នក​ចែកចាយ​ស៊ី​មកា​ត​ទូរ​សព្ទ​ទាំងអស់ សូម​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ចែកចាយ ឬ​លក់​ស៊ី​មកា​ត ដែល​មាន​អត្តសញ្ញាណ​មិន​ត្រឹមត្រូវ បើ​ពុំ​ដូច្នោះ​ទេ នឹង​អាច​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​ដូច​ជន​ទាំង​០២​នាក់​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ