រាជធានីភ្នំពេញ ៖ រថយន្តម៉ាក់ម៉ែកសឺដេស មួយគ្រឿង ម្ចាស់ជាប្រជាជនជាតិចិន ខណៈបើកបរសុខៗ ស្រាប់តែមានអណ្ដាតភ្លើងចេញពីម៉ាស៊ីនឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង សល់តែគ្រោងឆ្អឹង ។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៤និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវណតប្រីដ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែលត្រូវភ្លើងឆេះពាក់ផ្លាកលេខភ្នំពេញ 2V-7774 បើកបរដោយជនជាតិចិន និងរួមដំណើរដោយជនជាតិចិនម្នាក់ទៀត ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកម៉ែកសឺដេស (Mercedes) ខាងលើជិះដោយជនជាតិចិនពីរនាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីដ ក្នុងទីសដៅពីជើងទៅត្បូង ។ នៅពេលធ្វើដំណើរហួស បុរីអតីតឃ្លាំង K៤ បន្តិច ស្រាប់តែភ្លើងបានឆាបឆេះហុយចេញពីផ្នែកខាងក្រោយរថយន្ត និងមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗអ្នកបើកបរបានឈប់អែបរថយន្ត និងយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់អន្តរាគមន៍ តែពុំអាចទប់ស្កាត់បាន។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ទៅជួយអន្តរាគមន៍បាញ់ពន្លត់ ទើបភ្លើងបានរលត់ទៅវិញ ។
តាមព័ត៌មានឲ្យដឹងថា រថយន្តខាងលើ ត្រូវភ្លើងឆេះរងការខូចខាតទាំងសុង នៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ គេសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តភ្លើង ៕






ចែករំលែកព័តមាននេះ