ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ លាយឡំ​ខ្យល់​កន្ត្រាក់ បក់​បោក​​បង្គោល​ភ្លើង​ដួល​​រលំ និង​បាក់​ច្រើន​ដើម នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

13 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ភ្លៀង​១​មេ​ធំ ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង បាន​បក់​បោក​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ច្រើន​ដើម ​ដែល​ស្ថិត​នៅ​ប​បេះ​មាត់​ប្រឡាយ​ទឹក រលើង​គល់​ដួល​រលំ ​និង​បាក់​ធ្លាក់​ខ្សែ​កា​ប្លិ៍​ភ្លើង​រាយ​ប៉ាយ​កាត់​ទទឹង​ផ្លូវ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​១​ដើម​ សង្កត់​លើ​រទេះ​លក់​នំ​បុ័ង​…

រាជធានីភ្នំពេញ ​៖ ភ្លៀង​១​មេ​ធំ ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង បាន​បក់​បោក​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ច្រើន​ដើម ​ដែល​ស្ថិត​នៅ​ប​បេះ​មាត់​ប្រឡាយ​ទឹក រលើង​គល់​ដួល​រលំ ​និង​បាក់​ធ្លាក់​ខ្សែ​កា​ប្លិ៍​ភ្លើង​រាយ​ប៉ាយ​កាត់​ទទឹង​ផ្លូវ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​១​ដើម​ សង្កត់​លើ​រទេះ​លក់​នំ​បុ័ង​ ១​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​នោះ​បាន​និយាយ​ថា បង្គោល​ភ្លើង​ ដែល​ដួល​រលំ​ទាំងអស់ ​សរុប​ចំនួន​៨​ដើម​ ជា​បង្គោល​បេតុង ក្នុង​នោះ​ ៧​ដើម​ ស្ថិត​នៅ​ប​បេះ​មាត់​ប្រឡាយ​ទឹក ចំណែក​ ១​ដើម​ទៀត ដែល​មាន​បំពាក់​ត្រង់​ហ្វូ​ ស្ថិត​នៅ​លើគោក លើ​ចិញ្ចើម​ផ្លូវ ។ ដោយឡែក ​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ អាជ្ញាធរ​ បាន​ធ្វើការ​ស្ដារ​ប្រឡាយ​នោះ​ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​ភូមិឋាន​នានា ជា​ហេតុ​ធ្វើ​ឲ្យ​គ្រឹះ​បង្គោល​ភ្លើង​រាក់ មួយ​ចំហៀង ​គ្មាន​ដី​ទប់ ទើប​នៅ​ពេល​មាន​ភ្លៀង ​និង​ខ្យល់ បណ្ដាល​ឲ្យ​រលើង​ គល់​ដួល​រលំ ​បែប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ មេឃ​ចាប់ផ្ដើម​ងងឹត ​រួច​ក៏​បាន​ធ្លាក់​ភ្លៀង​១​មេ លាយឡំនឹង​ខ្យល់​កន្ត្រាក់​បោកបក់​មក​ខ្លាំង​ដែរ ខណៈនោះ​ បាន​ធ្វើ​ឲ្យ​ខ្សែ​កា​ប្លិ៍​ភ្លើង​ នៅ​លើ​បង្គោល​យោល​យោគ​ៗ​ចុះឡើង​ៗ ។ លុះ​បន្តិច​ក្រោយមក ​ស្រាប់តែ​បង្គោល​ភ្លើង​ចំនួន​ ៧​ដើម ​ដែល​ស្ថិត​នៅ​ប​បេះ​មាត់​ប្រឡាយ​ទឹក បាន​រលើង​គល់​ដួល​រលំ​ជា​បន្តបន្ទាប់ និង​ទាញ​បង្គោល​ត្រង់​ហ្វូ ​ដែល​នៅ​លើគោក​ ១​ដើម​ទៀត​បាក់​ដួល​រាប​ដល់​ដី និង​ធ្លាក់​ខ្សែ​កា​ប្លិ៍​ភ្លើង​រាយ​ប៉ាយ​កាត់​ទទឹង​ផ្លូវ ។

ប្រភព​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ក្នុង​ខណៈ​មេឃ​កំពុង​ភ្លៀង​នោះ​ផង​ដែរ ក៏​មាន​អ្នកលក់​នំ​បុ័ង​តាម​រទេះ ​បាន​ទៅ​ឈប់​ជ្រក​ភ្លៀង​នៅ​ក្នុងផ្ទះ​មួយ​ជិត​នោះ ដោយ​បាន​ចត​រទេះ​នំ​បុ័ង ​នៅ​តាម​ផ្លូវ ស្រាប់តែ​បង្គោល​ភ្លើង​រលំ​សង្កត់​រទេះ​នំ​បុ័ង ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ពេល​នោះ​ជា​សំណាងល្អ​ ដែលពុំ​បាន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ហើយ​ភ្លាម​ៗ​នោះ​អ្នកដំណើរ​ពុំ​ហ៊ាន​ឆ្លងកាត់​តាម​ផ្លូវ​នោះ​ទេ ព្រោះ​ខ្លាច​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​ បាន​រាយការណ៍​ជូន​មន្ត្រី​អគ្គិសនី​កម្ពុជា ឲ្យ​ចុះ​ទៅ​ធ្វើការ​ជួសជុល​ដូរ​បង្គោល​ថ្មី និង​ភ្ជាប់​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ