រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានអញ្ជើញឈ្មោះ រិះ សៀវហុង ហៅ You Ri (បុរសភេទទី៣) ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ និងសាធារណជនខ្មែរទូទៅ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងតំណាងសហគមអ្នកស្រឡាញ់ភេទដូចគ្នា ។
ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន សូមធ្វើការអំពាវនាវដល់សាធារណជនគ្រប់រូប មេត្តាបញ្ឈប់ នូវការបង្ហោះមាតិកា ដែលមានភាពអវិជ្ជមានដល់សង្គម ក៏ដូចជាបញ្ឈប់ការរើសអើង ការមើលងាយ និងការប្រើប្រាស់អំពើហិ.ង្សាគ្រប់ទម្រង់ ចំពោះសហគមអ្នកស្រឡាញ់ភេទដូចគ្នា រាប់បញ្ចូលទាំងស្ត្រីប្តូរយេនឌ័រ (ស្ត្រីភេទទី៣) ដែលជាជនងាយរងគ្រោះ ដើម្បីយើងអាចរស់នៅក្នុងសង្គម ប្រកបដោយភាពសុខសាន្ត ទាំងអស់គ្នា ។
សូមជម្រាបផងដែរថា បុរសភេទទី៣ ឈ្មោះ រិះ សៀវហុង ហៅ You Ri ខាងលើរូបនេះ បានបង្ហោះវីដេអូក្នុងបណ្តាញសង្គម ដោយប្រើពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ ឆ្លើយតបទៅនឹងមតិមួយចំនួន ដែលថា«កុម្ម៉ង់អយស្ទ័រ ចេញហតដក» ករណីជនជាតិចិនម្នាក់ បង្កហិ.ង្សាលើបុរសភេទទី៣ម្នាក់ទៀត កាលពីវេលាម៉ោង០៥:៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូ ដឺព្រី ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និងជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ (បុរសភេទទី៣) ។
បន្ទាប់ពីមានករណីហិ.ង្សា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិ.ង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើ បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីអំពើហិ.ង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ ៕






ចែករំលែកព័តមាននេះ