ខេត្តបន្ទាយមានជ័យ ៖ គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារមួយទៀត ដែលត្រូវបានអគ្គិភ័យបំផ្លាញផ្ទះគាត់ ក្លាយជាផេះផង់ស្ថិតនៅចំណុច671 ក្នុងភូមិប្រាសាទក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ នោះ កាលពីរសៀលថ្ងៃទី០៦ មីនា បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួនផងពីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពីខាងក្រុមហ៊ុនមួយផងដែរ ។
គួរបញ្ជាក់ថា គ្រួសារដែលជួបគ្រោះអគ្គិភ័យនេះ មានប្តីឈ្មោះអិន ឆាយ អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះសឿន ណាប់ អាយុ៥៨ឆ្នាំ មានចិញ្ចឹមចៅប្រុស-ស្រី៤នាក់ក្នុងបន្ទុកទៀត ។ គ្រួសារនេះ ទទួលបានអង្ករចំនួន3ការ៉ុង (ស្មើ150គីឡូក្រាម), មី2កេស, ត្រីខ5យួរ, ទឹកត្រី3យួរ, ទឹកស៊ីអុីវ3យួរ, កៅស៊ូតង់1 និងថវិកាចំនួន70ម៉ឺនរៀល និង140$ទៀត ។
ខណៈក្រុមការងារទៅដល់ចំណុចកើតហេតុ បានមើលឃើញពីទុក្ខលំបាករបស់គ្រួសារមួយទៀត 2នាក់ប្តីប្រពន្ធជាចាស់ជរា គ្មានទីពឹង និងគ្មានកូនទៀត រស់នៅក្នុងខ្ទមតូចមួយ រស់អាស្រ័យអ្នកស្រុក ផ្តល់បាយទឹកក្រុមការងារនេះ ក៏បានរៃអង្គាសប្រាក់គ្នាភ្លាម ជួយថវិកាបានចំនួន315000រៀល(សាមសិបមួយម៉ឺនប្រាំពាន់រៀល) និងប្រាក់ថៃ1500បាត និងទឹកផ្លែឈើ១កេស ។
គួររំលឹកថា គ្រួសាររងគ្រោះអគ្គិភ័យ គឺបង្កឡើងដោយម្ចាស់ផ្ទះខ្លួនឯង បានដុតសំរាមចោលហើយរវល់ទៅរែកទឹក ត្រូវភ្លើងនោះឆាបរាលឆេះដល់ផ្ទះអស់តែម្តង កាលពីរសៀលថ្ងៃទី០៥ មីនា កន្លងមក ។
ចែករំលែកព័តមាននេះ