ខេត្តកំពង់ឆ្នាំង ៖ លោកប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាក្នុងនាមលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងរីករាយរាល់កិច្ចសហការ ប្រតិបត្តិការ ជាមួយដៃគូទាំងជាតិ និងអន្តរជាតិ ក្នុងការធ្វើកំណាយរុករក ស្រាវជ្រាវប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌នៅទីនេះ ។ លោកមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលដឹកនាំប្រតិភូអញ្ជើញទៅទស្សនាកំណាយដីជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
![Picture]()
លោកប្រាក់ សុណ្ណរ៉ា ឲ្យដឹងថាបន្ទាប់ពីយើងចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងរវាង៣ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន កាលពីពេល ថ្មីៗកន្លងទៅនេះ ទាំងអស់គ្នាក៏ទៅពិនិត្យទីតាំងផ្ទាល់ នៅទីតាំងកំណាយ ។ ការស្រាវជ្រាវនេះព្រោះយល់ឃើញថា តំបន់លង្វែកជាទីតាំងប្រវត្តិសាស្ត្រដែលមានសារសំខាន់ខ្លាំងណាស់នៅក្នុងសម័យក្រោយអង្គរ សម័យកណ្ដាល ក្នុងសតវត្សទី១៦។
![Picture]()
យើងចង់ដឹងថាតើក្រោយការស្រាវជ្រាវ យើងបានរកឃើញអ្វីខ្លះដែលពាក់ពន្ឋ័ទៅនឹងប្រវត្តិសាស្ត្រ ស្លាកស្នាមរបស់ជាតិយើង។ នៅទីកន្លែងនេះ ជាកន្លែងមានសារសំខាន់ខ្លាំង ក្នុងការស្រាវជ្រាវ ព្រោះតាមដឹងអ្នកស្រាវជ្រាវរបស់យើង បានរកឃើញរបស់ជាច្រើន ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌របស់ជាតិយើង ។
![Picture]()
លោកខឿន វុឌ្ឍី ប្រធាននាយកដ្ឋាន បុរាណវិទ្យា បានបកប្រែប្រសាសន៍របស់ លោកម៉ាទីនពីសកលវិទ្យាល័យមួយនៃប្រទេសអូស្ត្រាលី ថា គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីឆ្ពោះទៅរកការស្រាវជ្រាវវប្បធម៌អរិយធម៌ ដែលអ្នកស្រាវជ្រាវទាំងឡាយគិតថា សម័យកណ្តាលមានភាពងងឹតឈឹង ដូច្នេះចង់បង្ហាញថា អរិយធម៌សម័យកណ្តាលត្រូវគេកំពុងស្រាវជ្រាវ។ មួយវិញទៀតការស្រាវជ្រាវ នៅខាងក្រៅកំពែងលង្វែកបានរកឃើញថា នៅទីនេះមានការផ្លាស់ប្ដូរទំនិញដែលមានលក្ខណៈជាប្រចាំ និងជារៀងរាល់ថ្ងៃ។
![Picture]()
នៅទីតាំងនេះ (ទួលបាយក្អែក) បានរកឃើញថា មានសេរ៉ាមិច ដែលគេបានផ្លាស់ប្ដូរគ្នានៅទីនេះ របៀបជាពាណិជ្ជកម្មទិញដូរគ្នា ដោយមានកុលាលភាជន៍សម័យមុនអង្គរ ក្រោយសម័យអង្គរ និងសម័យកណ្តាល ប៉ុន្តែកុលាលភាជន៍មុនអង្គរ និងក្រោយអង្គរ យើងមិនបាច់និយាយទេ យើងនិយាយត្រឹមតែកុលាលភាជន៍សម័យកណ្តាល ដែលដឹកមកពីប្រទេសថៃ ប្រទេសចិន និងប្រទេសមួយចំនួននៅក្នុងភូមិភាគអាស៊ីនេះ ។
![Picture]()
ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវនេះ ឃើញមានការស្នាក់នៅរបស់មនុស្សនៅទីនេះមានតាំងពីសម័យបុរេប្រវត្តិរហូតដល់បច្ចុប្បន្ន មានន័យថាការរស់នៅទីនេះតាំងពីមុនប្រវត្តិសាស្ត្រ សម័យប្រវត្តិសាស្ត្រសម័យអង្គរ និងសម័យក្រោយអង្គរដល់បច្ចុប្បន្ន ។ ចំពោះការស្រាវជ្រាវនេះសង្ឃឹមថា៖នឹងបានផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ។ ក្នុងការស្រាវជ្រាវរបស់ជំនាញបានរកឃើញបំណែកកុលាលភាជជាច្រើនក្នុងនោះក៏មានឃើញពូថៅធ្វើពីថ្មផងដែរ ៕
![Picture]()
ចែករំលែកព័តមាននេះ