ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ថ្ងៃ​ទី​២៦ តុលា នឹង​បង្ក​លក្ខណៈ​មាន​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក ​នឹង​បង្ក​លក្ខណៈ​មានការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់​ឲ្យ​មាន​សេរីភាព​វិញ​ ។​ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ឯកឧត្តម ទៀ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក ​នឹង​បង្ក​លក្ខណៈ​មានការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់​ឲ្យ​មាន​សេរីភាព​វិញ​ ។​ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

ឯកឧត្តម​ទៀ សីហា បាន​លើក​ឡើង​ថា ​ដើម្បី​ជម្រាប​ជូន​បងប្អូន​ទាំងអស់​គ្នា​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​មាន​ឯកឧត្តម និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Nattaphon Nark​phanit រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ ជា​សហ​ប្រធាន និង​ក្រោម​ការ​សង្កេត​ការណ៍​ដោយ​តំណាង​ប្រទេស​ម៉ា​ឡេ​ស៊ី តំណាង​សហរដ្ឋអាមេរិក និង​ក្រុមការងារ អ្នក​សង្កេត​ការណ៍​អន្តរកាល (IOT) ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ថៃ​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​មិត្ត​ម៉ា​ឡេ​ស៊ី និង​អា​មេ​រិ​ក​ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​កិច្ចប្រជុំ​ដែល​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នា​ថ្ងៃនេះ​ ។

ឯកឧត្តម​បាន​បន្ត​ថា​ យើង​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ គឺជា​ការ​ផ្តើម​ចេញពី​កិច្ចប្រជុំ​ពិសេស​រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ភូមិ​ថាំ វី​ឆា​យ៉ា​ឆៃ នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ប្រព្រឹត្ត​​ទៅ ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ធ្វើ​ជា​ម្ចាស់ផ្ទះ និង​សហការ​រៀបចំ ដោយ​សហ​រដ្ឋអាមេរិក ព្រមទាំង​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពិនិត្យ​តាមដាន​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ខេត្តកោះកុង នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​សម្រេច​បាន​នូវ​ឯកសារ​សំខាន់​ជា​ច្រើន​ដែល​ជា​ធាតុ​ចូល​សំដៅ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជាក់ស្តែង លើកកម្ពស់​សន្តិភាព ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ និង​វិល​ត្រលប់​ឆាប់រហ័ស​ទៅ​រក​ប្រក្រតី​ភាព ឡើង​វិញ​។

ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ រហូត​មក​ដល់​ថ្ងៃនេះ ក្រុមការងារ​លេខាធិការដ្ឋាន​របស់​យើង​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ក្រោម​បរិយាកាស​ប្រកបដោយ​ភាព​ជិត​ស្និទ្ធិ និង​ការ​ស្ថាបនា ដើម្បី​ត្រៀម​សម្រាប់ កិច្ចប្រជុំ​ពិសេស​លើក​ទី​២ ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​។

ភាគី​ទាំង​ពីរ​បាន​សម្រេច​ឯកភាព​គ្នា​លើ​យន្តការ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​តាម​រយៈ​ការ​កសាង​ពង្រាង​ដំបូង​នៃ​ឯកសារ​ផែនការ​សកម្មភាព​ការងារ​សម្រួល​អាវុធ​ធុន​ធ្ងន់​ដែល​មាន​សមត្ថភាព​បំផ្លាញ​ខ្លាំង និង​យុទ្ធោបករណ៍​ឱ្យ​ត្រលប់​ទៅ​មូលដ្ឋាន​ដើម​វិញ ដោយ​ការ​អនុវត្ត​ផែនការ​នេះ​នឹង​ត្រូវធ្វើ​ឡើង​ក្រោម​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)​។ ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ (TO​R) ក្នុង​ការ​បង្កើត​ក្រុម​អ្នក សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះហត្ថលេខា​រួចរាល់​ដោយ​សហ​ប្រធាន​GBC​នា​ថ្ងៃនេះ​។

ឯកឧត្តម​បន្ថែម​ថា ​ភាគី​ទាំង​ពីរ​បាន បញ្ជាក់​ថា​៖”​ឯកភាព​គ្នា​ទៅ​លើ​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) ចំពោះ​ការងារ​ដោះ​មីន​មនុស្សធម៌​សំដៅ​ចូល រួមចំណែក​ដោយ​ផ្ទាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការ​ការពារ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ធានាបាន​នូវ​ការ​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដោយឡែក​ចំពោះ​តំបន់​អាទិភាព​នៃ​ការងារ​ដោះ​មីន​មនុស្សធម៌ នេះ​ពុំ​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ទេ ដូចនេះ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ជួប​ពិភាក្សា​គ្នា​ដើម្បី​កំណត់​តំបន់​អាទិភាព​នេះ​។

យើង​ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​លើ​ផែនការ​សកម្មភាព នៃ​កិច្ច​សហប្រតិបត្តិការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ ល្មើស​ឆ្លង​ដែន រួម​បញ្ចូល​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Cyber Scam) និង​ការ​ជួញដូរ​មនុស្ស រវាង​នគ​បាល ជាតិ​កម្ពុជា និង​នគ​បាល​ជាតិ​ថៃ​។

ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សា​ជា​ថ្មី​ពី​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន ពាក់ព័ន្ធ​របស់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​ចែករំលែក​ព័ត៌មាន ដោយ​ធានា​ថា បញ្ហា​ទាំងនេះ​នឹង​ត្រូវ​បាន​ដោះស្រាយ ស្រប​តាម​ច្បាប់​ជាតិ និង​គោលការណ៍​មនុស្សធម៌​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​«ខ្ញុំ​សូម​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែល​គ្រោង​នឹង​ចុះ ហត្ថលេខា​នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​ការ​ជួយ​សម្របសម្រួល ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ស្មារតី​បង្កើន​ជំនឿ​ទុកចិត្ត​និង​ភាព​ជឿជាក់​ទៅ​វិញ​ទៅ​មក ព្រមទាំង​ការ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង និង​ការ​វិល​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ប្រទេស​ទាំង​ពីរ​។ សភាពការណ៍​នេះ​ក៏​នឹង​បង្ក​លក្ខណៈ​ចំពោះ​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់ ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​»​។

​ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាប់​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក្នុង​រយៈពេល​៩០​ថ្ងៃ ឬ​តាម​សេចក្តី​ត្រូវការ​ចាំបាច់​ណាមួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ ដោយ​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ឯកឧត្តម​បន្ថែម​ថា ជា​ចុងបញ្ចប់ ខ្ញុំ​សូម​បញ្ជាក់​ពី​ការ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ក្នុង​ការ​រក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​ជា​មិត្ត​ទាំងអស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ