រាជធានីភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានក្រុមគ្រួសារជួលទូកនេសាទរាវរកឃើញ បន្ទាប់ពីខឹងបងប្អូនស្តីបន្ទោសបន្តិចបន្តួច និងតូចចិត្តខ្លួនឯងក្រជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារលិចបាត់មួយយប់ ដែលហេតុការណ៍រាវរកសពឃើញបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅក្រោមស្ពានជ្រោយចង្វារប៉ែកខាងកើត ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
យុវជនគិតខ្លីខាងលើឈ្មោះ ពៅ ដាវិន ហៅនីត អាយុ២២ឆ្នាំ រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ជាកូនមន្ត្រីនគរបាលខណ្ឌឬស្សីកែវ ។
តាមក្រុមគ្រួសារបានឱ្យដឹងថា យុវជនរូបនោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ១HC- ៣០៨៣ ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី០១ ខែមីនា ហើយបានលិចបាត់បន្សល់ទុកតែម៉ូតូនៅលើស្ពាន ។ លុះនៅវេលា ល្ងាចក៏បានដឹងដំណឹងដល់ក្រុមគ្រួសារ ហើយនាំគ្នាជួលទូកនេសាទរាវរកសពឃើញនៅវេលាថ្ងៃត្រង់ទី០២ ខែមីនា នាំយកទៅធ្វើបុណ្យនៅវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ។
ទាក់ទិនការធ្វើអត្តឃាតនេះត្រូវបានក្រុមគ្រួសារអោយដឹងថា ដោយសាតែខឹងបងប្អូនស្តីបន្ទោសណែនាំបន្តិចបន្តួច និងម្យ៉ាងទៀតយុវជនរូបនោះតូចចិត្តខ្លួនឯងក្រ ។ តាមព័ត៌មានបានអោយដឹងទៀតថា នៅវេលាយប់នោះយុវជនរូបនោះបានផឹករហូតដល់ម៉ោងប្រមាណ២រំលងអធ្រាត្រ ហើយត្រូវបងប្អូនស្តីបន្ទោសក៏បានធ្វើដំណើរទៅផ្ទះបងស្រីជីដូនមួយខ្ចីម៉ូតូប្រាប់ថា ទៅរកបាយក៏បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនតែម្តង ។ នៅពេលលោតទឹកម៉ូតូត្រូវបានយុវជននោះចាក់សោត្រឹមត្រូវទំនង់ជាការពារមិនអោយមានការបាត់បង់ឡើយ ៕
ចែករំលែកព័តមាននេះ