ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់ ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់ ជាមួយ​ឯកឧត្តម អឹ​អិ​ណុ អា​ហ្សឹ​ហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​និវេសនដ្ឋាន​ទូត​ជប៉ុន រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​បាន​គោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន លើក​ឡើង​ថា ឯកឧត្តម និង​សហការី មាន​សេចក្តី​រីករាយ និង​កិត្តិយស​ក្រៃ​លែង ដែល​សម្ដេច​តេ​ជោ បាន​ទទួល នូវ​ការ​អញ្ជើញ​របស់​ឯកឧត្តម និង​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់ នៅ​និវេសនដ្ឋាន​របស់​ឯកឧត្តម នា​ថ្ងៃនេះ ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​របស់​ឯកឧត្តម សម្តេច​តេ​ជោ ធ្លាប់​អញ្ជើញ​មក​ស្ថានទូត​ជប៉ុន នៅ​ឆ្នាំ​២០០៤ នៅ​ក្នុង​អាណត្តិ​របស់​ឯកអគ្គរាជទូត ហ្វូ​មី​អូ​គី ស្ថានទូត​ជប៉ុន ត្រូវ​បាន​សាងសង់​ឡើង នៅ​ឆ្នាំ​២០០២ នៅ​ពេល​នោះ មិន​មាន​អគារ​ច្រើន​នៅ​ជុំវិញ​ទេ​។ ក៏​ប៉ុន្តែ ឥឡូវនេះ មាន​អគារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អគារ​របស់​ក្រសួងមហាផ្ទៃ ដ៏​ស្កឹមស្កៃ និង​អគារ​នៅ ជុំវិញ​ស្ថានទូត​ស្អេកស្កះ ដែល​បង្ហាញ​អំពី​កា​រវិ​វ​ឌ្ឍ​យ៉ាង​ខ្លាំង នៃ​រាជធានី​ភ្នំពេញ​។ ជា​រៀង​រាល់​ព្រឹក ឯកឧត្តម បាន​ដើរ​ហាត់ប្រាណ​ជាមួយ​ភរិយា នៅ​ក្នុង​បរិវេណ​ស្ថានទូត និង​បានឃើញ រូបថត​សម្តេច​ទាំង​បី (​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​សម្តេច ហេង សំ​រិ​ន​) ។

ឯកឧត្ដម បាន​បន្ត​ទៀត​ថា កាលពី​ព្រឹក​ម្សិលមិញ ឯកឧត្តម បានឮ នូវ​សម្លេង​ឃោសនាបោះឆ្នោត ដែល​ធ្វើ​ឱ្យ​ឯកឧត្តម យល់​ដឹង​អំពី​សកម្មភាព នៃ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ឯកឧត្តម បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ​បោះ​ឆ្នោត​នៅ​កម្ពុជា ទោះជា​បី​ជា​ការ​បោះ​ឆ្នោត​សកល ឬ​អ​សកល ដែល​បាន​ធ្វើ​ឡើង​ប្រាំ​ឆ្នាំ​ម្តង​។ ប្រទេស​ជប៉ុន​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ។ ទាំងនេះ គឺជា​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

ឯកឧត្ដម ឯកអគ្គរាជទូត​បាន​មាន​ប្រសាសន៍​ថា សម្តេច​តេ​ជោ បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​ប៉ុន្មាន​ខែ​មុន​នេះ គឺ​ពិតជា​មាន​សកម្មភាព​រវល់​ច្រើន​ណាស់ ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ​។ សម្តេច​បាន​ជួប​តាម​វី​ដេ​អូ ជាមួយនឹង​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា ឧត្តមសេនីយ៍ មីន​អ៊ុ​ង លាំង ទទួល​ស្ដេច​ស៊ុ​ល​តង់ ប្រ៊ុ​យ​ណេ ហើយ​កាលពី​ម្សិលមិញ ទទួល​គណៈប្រតិភូ​ព្រឹទ្ធសភា​របស់​បារាំង ។

ជាមួយ​គ្នា​ដែរ ឯកឧត្តម បានឃើញ​ថា សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី មានការ​ងារ​យ៉ាង​សកម្ម និង​មមាញឹក ក៏​ដូច​ជាស​ម្តេច​ប្រធានរដ្ឋសភា​ផង​ដែរ​។ សន្តិភាព និង​ស្ថិរភាព មាន​សារៈសំខាន់​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​សភាពការណ៍​ពិភពលោក សព្វថ្ងៃ រួម​មាន សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា បញ្ហា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បញ្ហា​នៅ​ប្រទេស​ស្លូ​វ៉ា​គី ។

ឯកឧត្ដម ឯកអគ្គរាជទូត​បាន​បន្ត​ទៀត​ថា ដោយសារ​មាន​ស្ថិរភាព ក្រុមហ៊ុន​ជប៉ុន បាន​ដាក់​វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា ។

ឯកឧត្តម បាន​អរគុណ​សម្ដេច​តេ​ជោ ដែល​បាន​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​តូ​យ៉ូ​តា ក្រោយ​ពី​ការ​សម្ពោធ​រោងចក្រ​ដំឡើង​ផ្គុំ​ឡាន​តូ​យ៉ូ​តា​នៅ​កម្ពុជា ។ កម្ពុជា​កំពុង​ដើរ​លឿន​ជាង​ជប៉ុន នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល ។ ឯកឧត្តម មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​នៅ​កម្ពុជា គឺ​មានការ​ប្រើ QR កូដ សម្រាប់​បង់លុយ ហើយ​កម្ពុជា សម្រេច​បាន​សមិទ្ធផល​យ៉ាងច្រើន នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល ។ ដំណើរការ​ប្រើប្រាស់​ឌី​ជី​ថ​ល នៅ​ក្នុង​សេដ្ឋកិច្ច​សង្គម មាន​សារសំខាន់​ណាស់ ហើយ​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល ក៏​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ ជំនួយ​របស់​ជប៉ុន នៅ​ក្នុង​វិស័យ​នេះ​គឺ​មានការ​ប្រែប្រួល​។ របៀប​ផ្តល់​ជំនួយ​ថ្មី​របស់​ជប៉ុន គឺថា អ្នក​ទទួល​ជំនួយ និង​អ្នក​ផ្តល់ ត្រូវ​ជួប​គ្នា​មុន​សម្រេច​។ ជប៉ុន បាន​ផ្តល់​ជំនួយ​ដល់​ការ​បង្កើត​ម​ជ្ឍ​មណ្ឌល​ទិន្នន័យ​ជាតិ ដល់ គ​.​ជ​.​ប ។ ជប៉ុន មាន​បំណង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ទៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​បន្ថែម​ទៀត ។ ជប៉ុន​នឹង​ចូលរួម​ចំណែក​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល ។ យុវជន​កម្ពុជា ខិតខំ​ប្រឹងរៀន​យ៉ាង​ខ្លាំង ពូកែ​ភាសា​អង់គ្លេស និង​នាំមុខ​ខាង​បច្ចេកវិទ្យា ។ នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២៤​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តី​ពី “​ពិភពលោក​មួយ​ដែល​គ្មាន​មីន​” ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ កម្ពុជា​និង​ជប៉ុន និង​សហការ​គ្នា​លើ​ការ​បណ្តុះបណ្តាល​អ្នក​ដោះ​មីន ផង​ដែរ ។

ជា​កិច្ច​ឆ្លើយ​តប សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ធ្លាប់​មក​ស្ថានទូត​ជប៉ុន ចុះហត្ថលេខា​លើ​សៀវភៅ​មរណទុក្ខ បន្ទាប់​ពី​ព្រឹត្តិការណ៍​រញ្ជួយ​ដី នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១១ ។ ហើយ​កម្ពុជា បាន​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ទៀងទាត់ និង​មាន​គណបក្ស​នយោបាយ​នានា ចូលរួម ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។ កម្ពុជា មិន​ដែល​ពន្យារពេល នៃ​ការ​បោះ​ឆ្នោត​ម្ដងណា​ឡើយ ទាំង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ សម្តេច​តេ​ជោ ចាំ​បាន​ថា នៅ​ឆ្នាំ​១៩៩៨ ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប បាន​គាំទ្រ​ដល់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មួយ​ឆ្នាំ​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​វាយ​គ្នា នៅ​ទីក្រុង​ភ្នំពេញ នា​ខែកក្កដា ឆ្នាំ​១៩៩៧​។ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ នោះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​អច្ឆរិយ នៃ​ទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។

សម្ដេច​តេ​ជោ បាន​បន្ត​ទៀត​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ត្រូវ​បាន​រៀបចំ​ឡើង ចាប់តាំងពី​អាណត្តិ​ទី​ពីរ ដោយសារ​អាណត្តិ​ទី​មួយ​គឺជា​ការ​តែងតាំង បន្ទាប់​មក គឺជា​ការ​រៀបចំ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ ជា​បន្តបន្ទាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ខេត្ត ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ជា​ការ​ល្អ​ណាស់ ដែល​ជប៉ុន​ជួយ​កម្ពុជា​គ្រប់​ដំណាក់កាល​ទាំងអស់ ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ។ សម្តេច បាន​ស្នើ​ឱ្យ ឯកឧត្តម ឯកអគ្គរាជទូត ចាំ​មើល​ថា នៅ​ពេល ដែល​ចលនា​ជ្រុលនិយម​ត្រូវ​កាត់​បន្ថយ​នៅ​ក្នុង​តំបន់ ស្ថានការណ៍​ប្រជាធិបតេយ្យ នឹង​ល្អ​ប្រសើរ រួម​ទាំង​កម្ពុជា ។ តាម​ការ​ព្យាករណ៍​របស់​សម្តេច នៅ​ពេល​អស់​ចាស់​ជ្រុលនិយម ក្មេង​ៗ​នឹង​ធ្វើ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ ។ នៅ​ក្នុង​ប្រជាធិបតេយ្យ មិន​ត្រូវ​មាន​ចលនា​ជ្រុលនិយម​នោះ​ទេ សូ​ម្បី​តែ​នៅ​ប្រទេស​បារាំង ក៏​មានការ​ព្រួយបារម្ភ នឹង​ចលនា​ជ្រុលនិយម​របស់​លោក ឡឺ​ប៉ែន ផង​ដែរ ។ ការ​បោះ​ឆ្នោត គឺ​ដើម្បី​សុខ​សុវត្ថិភាព សេចក្ដីសុខ​របស់​ប្រជាជន មិនមែន​ដើម្បី​ធ្វើសង្គ្រាម​នោះ​ទេ ។ ចលនា​ជ្រុលនិយម អាច​បង្ក​ឱ្យ​មាន​សង្គ្រាម ។

សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​ថា ប្រទេស​នានា មានការ​រីក​ចម្រើន​ជឿនលឿន​ហើយ ក៏​ប៉ុន្តែ​ចំពោះ​កម្ពុជា យើង​ត្រូវ​តែ​រត់​ក្នុង​ខណៈ​ពេល ដែល​ប្រទេស​អភិវឌ្ឍន៍​គេ​កំពុង​តែ​ដើរ ។ នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថ្មី មាន​យុវជន ដែល​មាន​សមត្ថភាព ខ្ពស់​ក្នុង​ការ​ព​ន្លឿ​ន​វិស័យ​ឌី​ជី​ថ​ល ។ វិបត្តិ​តែងតែ​ផ្តល់​នូវ​កាលានុវត្តភាព កូ​វី​ដ​បាន​ជំរុញ​កម្ពុជា​ឲ្យ​ទៅ​មុខ​លឿន​ប្រាំ​ឆ្នាំ ខាង​ឌី​ជី​ថ​ល ។ ពេល​កូ​វី​ដ សាលា​ត្រូវ​បិទ ដូច្នេះ​យើង​ត្រូវ​តែ​ប្រើ​ឌី​ជី​ថ​ល ដើម្បី​បន្តសកម្មភាព​បង្រៀន ។ កាលពីមុន យើង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ធ្វើ​កំណែទម្រង់ រួម​ទាំង​ផ្នែក​អភិបាលកិច្ច និង​វិស័យ​ពន្ធដារ ។ ក្នុង​នោះ យើង​បាន​បើក​ប្រាក់ខែ​ប្រាក់បៀវត្សរ៍ តាម​ធនាគារ ទី​មួយ ជា​ការ​ព​ន្លឿ​ន​កិច្ចការ ទី​ពីរ ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ យើង​បាន​កាត់​មន្ត្រី​ខ្មោច​ចេញពី​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​ចំនួន​ពីរ​ម៉ឺន​នាក់​។ នៅ​ក្នុង​វិស័យ​ពន្ធដារ យើង​បាន​ជំរុញ​ឱ្យ មានការ​បង់ពន្ធ អន​ឡាញ និង​តាម​ធនាគារ ។

សម្ដេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​របស់​ជប៉ុន និង សូម​លើកទឹកចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំង​ទៀត​នៅ​ក្នុង​វិស័យ​នេះ ។ កម្ពុជា​អាច​ជា​កន្លែង មានបទពិសោធន៍​ក្នុង​វិស័យ​ឌី​ជី​ថ​ល ។

សម្ដេច​តេ​ជោ និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន គាត់​បាន​ផ្លាស់​ប្តូរ​យោបល់​ផង​ដែរ ទៅ​លើ​ស្ថានការណ៍​តំបន់​និង​អន្តរជាតិ ដូច​ជា​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី ព្រមទាំង ផល​ប៉ះពាល់ នៃ​ការ​អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត នៅ​ក្នុង​សង្គម សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ឧបករណ៍​សង្គ្រាម គឺជា​ផ្នែក​មួយ នៃ​ការ​រីក​លូតលាស់ នៃ​បច្ចេកវិទ្យា ដូច​ជា​គ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។​ល​។ ប្រសិនបើ​ពិភពលោក ប្តូរ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ធ្វើសង្គ្រាម មក​ប្រើប្រាស់​នៅ​ក្នុង​សម្រាប់​វិស័យសេដ្ឋកិច្ច​វិញ​នោះ ការ​រីក​ចម្រើន​របស់​ពិភពលោក នឹង​មាន​កម្រិត​ខ្លាំងក្លា ។

នៅ​ចុងបញ្ចប់ ឯកឧត្ដម​អគ្គរាជទូត សូម​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ​ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​មក​និវេសនដ្ឋាន​របស់​ឧត្តម រួម​មាន ឯកឧត្ដម អនុប្រធាន​ទាំង​ពីរ ឧត្តម​អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ។

សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ចំពោះ​ការ​អញ្ជើញ សម្តេច​និ ង​សហការី​នៃ​ព្រឹទ្ធសភា​នៅ​ក្នុង​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​នា​ពេល​នេះ ដែល​ជា​ផ្តល់​អាទិភាព​ដល់​ឯកឧត្តម​អគ្គរាជទូត​មុនគេ បន្ទាប់​ពី​សម្តេច​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ