ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​បាក់បែក ៖ អ្នក​អភិរក្ស​រើស​ថ្ម​៧០០​ដុំ ផ្គុំ​ម្តង​មួយ ដើម្បី​ជួសជុល

7 ខែ មុន
  • សៀមរាប

ដើម្បី​ស្តារ និង​ជួសជុល​ឲ្យ​ប្រាសាទ «​ជម​» ដែល​ជា​ប្រាសាទ​មួយ រង​ការ​ខូចខាត​យ៉ាងដំណំ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទព្រះពិធូ បង្ហាញ​រូបរាង​ឡើង​វិញ

ដើម្បី​ស្តារ និង​ជួសជុល​ឲ្យ​ប្រាសាទ «​ជម​» ដែល​ជា​ប្រាសាទ​មួយ រង​ការ​ខូចខាត​យ៉ាងដំណំ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទព្រះពិធូ បង្ហាញ​រូបរាង​ឡើង​វិញ អ្នក​អភិរក្ស​កំពុង​តែ​រើស​ផ្គុំ​ផ្ទាំង​ថ្ម ដែល​ធ្លាក់​រាយ​ប៉ាយ​មក​ផ្គុំ​ម្តង​មួយ​ៗ ។

លោក ថៃ យ៉ា​ម៉​ង់ ស្ថាបត្យករ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​រៀបចំ​ផ្គុំ​សាកល្បង​ថ្ម នៅ បរិវេណ​ខាងជើង​ប្រាសាទ បានឱ្យ​ដឹង​ថា ក្រុមការងារ​ជួសជុល​ប្រាសាទ «​ជម​» បាន​បំពេញការងារ​សម្រង់​ប្លង់ ថតរូប រៀបចំ​ចុះបញ្ជី​ថ្ម រាប់រយ​ដុំ ដែល​បាន​ជ្រុះ​ធ្លាក់​រាយ​ប៉ាយ​នៅ​លើ​ដី និង​បែងចែក​ទៅ​តាម​ប្រភេទ​ថ្ម ដើម្បី​ស្វែងរក​ទីតាំង​ដើម ហើយនឹង​រៀបចំ​ជួសជុល​ប្រាសាទ​នេះ ឱ្យ​បាន​ពេញលេញ​តាម​លក្ខណៈ​ដើម​ឡើង​វិញ ដោយ​ព្យាយាម​ប្រើប្រាស់​ថ្ម​ថ្មី​តិច​បំផុត​។

លោក​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន ក្រុមការងារ កំពុង​សាកល្បង​ផ្គុំ​ថ្ម​ទៅ​តាម​លំនាំ​ដើម បាន​ចំនួន ជាង​២០០​ដុំ ក្នុង​ចំណោម​ថ្ម​ប្រមាណ​៧០០​ដុំ ដែល​បន្ត​ស្វែងរក​ទីតាំង​ដើម​»​។

ចំនួន​ថ្ម​រាប់រយ​ដុំ​ទាំង​អស់នេះ កាល​មុន​រៀបចំ​ជួសជុល គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ ខ្លះ​កប់ ក្នុង​ដី និង​ខ្លះ​ទៀត​នៅ​គរ​លើ​គ្នា​។ ក្រោយមក ក្រុមការងារ​បាន​ថតរូប ចុះបញ្ជី សម្រង់​ប្លង់ និង រើស​យក​ថ្ម​ទាំងនោះ ដាក់​នៅ​ខាងក្រៅ​បរិវេណ​ប្រាសាទ ដើម្បី​ងាយស្រួល​បំពេញការងារ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ ក៏​បាន​កំណត់​អត្តសញ្ញាណ និង​វាស់វែង​ដុំ​ថ្ម​នីមួយ​ៗ ព្រមទាំង បាន​បែងចែក​ទៅ​តាម​ប្រភេទ​ដូច​ជា ៖ ថ្ម​ហោជាង ថ្ម​ដំបូល ថ្ម​ខឿន និង​ថ្ម​ជញ្ជាំង​ជាដើម មុន​នឹង​សាក​ល្បង​ផ្គុំ​ទៅ​តាម​បច្ចេកទេស និង​ទម្រង់​របស់​ថ្ម​នីមួយ​ៗ​នៃ​ប្រាសាទ​។

លោក ថៃ យ៉ា​ម៉​ង់ បញ្ជាក់​ទៀត​ថា មក​ដល់​ពេល​នេះ ក្រុមការងារ បាន​រក​ឃើញ​ថ្ម និង​បាន​ផ្គុំ​សាក​ល្បង​ត្រូវ​តាម​លំនាំ​ដើម​របស់​រចនា​សម្ពន្ធ​នៃ​ប្រាសាទ ក្នុង​នោះ​មាន​ហោជាង ទាំង​៤​ទិស និង​ថ្ម​កំពូល​ប្រាសាទ មាន​រាង​ជា​ផ្កាឈូក ថ្ម​ខឿន ថ្ម​ជញ្ជាំង និង​ថ្ម​កំពូល ជាដើម​។

លោក​បាន​បន្ត​ថា ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក្តី ក្រុមការងារ​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង ស្វែងរក​ថ្ម ដែល​ជ្រុះ​ធ្លាក់​លាយឡំ​គ្នា​ទាំងនេះ ហើយ​ចំពោះ​បញ្ហា​ដែល​ថ្ម​ខ្លះ​ពុក​ផុយ ខ្លះ​បាក់បែក និង​ខ្លះ​ទៀត សឹក​រិច​រិល​រលុប​នូវ​ក្បាច់​ធ្វើ​ឱ្យ​ពិបាក​បែងចែក​ប្រភេទ និង​ពិបាក​កំណត់​ប្រភព​នៃ​ទីតាំង​ដើម គឺ​ក្រុមការងារ​ត្រូវការ​ចំណាយ​ពេលវេលា​មួយ​សម​ស្រប ដើម្បី​ជួសជុល និង​ស្វែង​យល់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ