ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនឹកស្មានមិនដល់នៅកំពត៖ ចៅអធិការវត្តសិរីធានី ប្រព្រឹត្តខុសវិន័យសង្ឃ«សឹកដំបូក»​ដោយ​លួចដោះស្បង់ចីវរបើកឡាន​ទៅដេកផ្ទះ​សំណាក់

1 នាទី មុន
  • កំពត

ខេត្តកំពត ៖ រឿង​នឹក​ស្មាន​មិន​ដល់​ និងសោកស្តាយ​មួយ ដែល​ភិក្ខុសង្ឃ​មាន​ឋានៈ​ជា​ចៅអធិការ​វត្ត គប្បី​បំពេញ​ភាព​ឧត្តមភេទ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឱ្យ​ខ្លួនមាន​កំហុស ។ តួយ៉ាង​ចៅអធិការ​វត្ត​សិរី​ធានីនាម វង្ស…

ខេត្តកំពត ៖ រឿង​នឹក​ស្មាន​មិន​ដល់​ និងសោកស្តាយ​មួយ ដែល​ភិក្ខុសង្ឃ​មាន​ឋានៈ​ជា​ចៅអធិការ​វត្ត គប្បី​បំពេញ​ភាព​ឧត្តមភេទ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឱ្យ​ខ្លួនមាន​កំហុស ។

តួយ៉ាង​ចៅអធិការ​វត្ត​សិរី​ធានីនាម វង្ស វ​ឌ្ឍ​នា ព្រះ​ជន្ម​៥៩​ឆ្នាំ បាន​ធ្វើ​ឲ្យគណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ហួសចិត្ត​ចំពោះ​ទ​ង្វើ​មិន​គប្បី ដែល​ពេល​ថ្ងៃ​គ្រង​ជា​ភិក្ខុសង្ឃ​ដែល​ជា​ស្រែបុណ្យ​សម្រាប់​ពុទ្ធបរិស័ទ តែ​ពេល​យប់​បែរជា​ក្លែងខ្លួន​ជា​គ្រហស្ថ​បើករថយន្ត​ទៅ​ដេក​ផ្ទះសំណាក់។

តាម​ប្រវត្តិ​និង​ស្នាដៃ​បានឱ្យ​ដឹង​ថា ភិក្ខុ​អង្គ​នេះ និមន្ត​មក​ពី​វត្ត​ស្វាយមាស ក្នុង​ខេត្ត​កំពង់​ស្ពឺ​មក​គង់នៅ​វត្ត​សិរី​ធានី ហើយ​ត្រូវ​បាន​អាចា​រ្យ គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​តែងតាំង​ជា​ព្រះ​ចៅអធិការ ដើម្បី​ដឹកនាំ​ពុទ្ធបរិស័ទ​កសាង​សមិទ្ធផល​ក្នុង​វត្ត​នេះ​អស់រយៈ​៦​វស្សា​មក​ហើយ ដោយ​ទទួល​បាន​លទ្ធផល​រីក​ចម្រើន​ក្នុង​វត្ត​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។

វត្ត​សិរី​ធានី ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​គគីរ ឃុំកណ្តោល ស្រុក​ទឹកឈូ ។ អ្វី​ដែល​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ហួស​ចិត្ត​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​នៅ​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ចៅអធិការ​អង្គ​នេះ ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ជា​សង្ឃ ដោយ​លួច​ដោះ​ស្បង់​ចីវរចេញ រួច​ស្លៀកខោ​ពាក់អាវ​ក្លែងខ្លួន​ជា​គ្រហស្ថ​ ហើយ​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០ របស់​ខ្លួន​ចេញ​មក​ដេក​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​កំពត​យ៉ាង​រំភើយ ។

ពាក្យចាស់​លោក​ពោល​ថា ដំរី​ងាប់​យក​ចង្អេរមក​បាំង​មិន​ជិត​ទេ រីឯ​ការ​ក្លែងភេទ​ពី​សង្ឃ​មក​ជាគ្រហស្ថ​របស់​បុគ្គល​ម្នាក់​នេះ ក៏​លាក់​មិន​ជិត​ដែរ ។ ទីបំផុត ខណៈ​ចៅអធិការ​ក្លែងភេទ​បើករថយន្ត​ចេញពី​វត្ត ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍តាម​ទូរស័ព្ទ​ទៅ​កាន់​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​ប្រាប់​ចំណុច​ដែល​សង្ឃ​ក្លែងខ្លួន​នោះ​ចូល​ស្នាក់​នៅ​ផង​ដែរ ។

លោក នាក់ យិ​ត​ថូ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានពលរដ្ឋ​រាយ​ការណ៍​ភ្លាម លោក​ក៏​បាន​រាយការណ៍​ទៅ​ស្នងការ​ខេត្ត​ដើម្បី​សុំ​កម្លាំង​សមត្ថកិច្ច​ចុះ​សហការ​ជាមួយ​មន្ត្រី​ធម្មការ ។ លោក​បាន​ចុះទៅ​ផ្ទាល់​ជាមួយ​កម្លាំង​សមត្ថកិច្ច ទៅ​ពិនិត្យ​ដល់ទីតាំង​ជាក់ស្តែង​ក្នុង​បន្ទប់​ផ្ទះសំណាក់​ ដែល​លោកស្នាក់​នៅ​នោះ​ក៏​បានឃើញ និង​មាន​តែ​ម្នាក់ឯងក្នុង​បន្ទប់ ដោយនៅ​លើ​ខ្លួន​ស្លៀក​កន្សែងពោះគោ​មិន​ពាក់អាវ​ទេ ។ ពេល​នោះ សមត្ថកិច្ច​ក៏​ឲ្យ​ចៅអធិការ​ក្លែងភេទ​នេះ​ចេញពី​ក្នុង​បន្ទប់ រួច​សមត្ថកិច្ច​បាន​ទទួល​សំណូមពរ​ពី​មន្ត្រី​ធម្មការ​ខេត្ត​សុំ​ផ្ញើ​ឱ្យ​អ​ន្ទិ​ត​សឹក​ដំបូក​នេះ នៅ​ស្នងការដ្ឋាន​ខេត្ត​មួយ​យប់ ចាំ​ព្រឹក​ឡើង​សឹម​ធ្វើការ​បន្ត ។

លុះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ អ​ន្ទិ​ត​សឹក​ដំបូក​រូប​នេះ​ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី ជាវ សា​មុត ស្នងការ​រង នាំ​មក​កាន់​វត្ត​ជុំ​គ្រៀល​ដើម្បី​ប្រគល់​ជូន​ព្រះ​មេគណ​ខេត្ត​ដោះស្រាយ​អំពី​វិន័យធរ ។

ប្រភព​ពី​ព្រះ​មេគណ​ខេត្ត​មាន​ថេរ​ដីកា​ថា ភិក្ខុវង្ស វ​ឌ្ឍ​នា ចៅអធិការ​វត្ត​សិរី​ធានី មិនបាច់​ធ្វើ​ពិធី​ផ្សឹក​អី​ទៀត​ទេ ព្រោះ​លោក​បាន​ផ្សឹក​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​(​សឹក​ដំបូក​)​រួច​ស្រេច​ទៅ​ហើយ ។ ព្រះ​មេគណ​ខេត្ត ក៏​បាន​សំណូមពរ​ទៅ​កម្លាំង​សមត្ថកិច្ច សុំ​ជួយ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត នាំ​អ​ន្ទិ​ត វង្ស វ​ឌ្ឍ​នា ទៅ​កាន់​វត្ត​សិរី​ធានី ដើម្បី​ជួប​គណៈកម្មការ​អាចារ្យ និង​ប្រគល់​សម្ភារ​:​និង​របស់​គរុ​ភ័​ណ្ឌ​ដែល​មាន​ទាំងអស់ ឲ្យ​ទៅ​គណៈកម្មការ​វត្ត​គ្រប់គ្រង​បន្ត ។ ជាមួយ​នេះ រាយការណ៍​ពី​បំណុល​សម្ភារ​:​កសាង​នៅ​ជំពាក់​គេ​ប៉ុន្មាន ដើម្បី​ឲ្យ​គណៈកម្មការ​និង​ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​តែងតាំង​ថ្មី ទទួលស្គាល់​និង​ជួយ​សងបំណុល​ចាស់ ។

គណៈកម្មការ​អាចារ្យ ក៏​បាន​សម្រេច​ប្រគល់​រថយន្ត​ឲ្យ​ទៅ​អ​ន្ទិ​ត វង្ស វ​ឌ្ឍ​នា ផង​ដែរ ​ព្រោះ​រថយន្ត​នោះ​ជា​របស់​លោក​ផ្ទាល់ ។ រីឯ​សម្ភារៈក្រៅពី​នេះ ជា​របស់​គរុ​ភ័​ណ្ឌ​ត្រូវ​យក​ជា​សម្បត្តិ​រួម​ទាំងអស់។

ក្រោយ​ពី​ចប់​ការ​ប្រគល់​-​ទទួល​ហើយ អ​ន្ទិ​តរូប​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ ។ បើ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ផ្សេង​ទៀត​ក្រៅពី​វិន័យ​សង្ឃ គឺ​ត្រូវ​មានទោស​ទៅ​តាម​ទ​ង្វើ​ដែល​បាន​ប្រព្រឹត្ត ។ ប៉ុន្តែ បើ​សមត្ថកិច្ច​ពិនិត្យ​ទៅឃើញ​ថា មិន​មាន​បទល្មើស​ផ្សេង​ទៀត​ទេ សមត្ថកិច្ច​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

ជា​ការ​កត់សម្គាល់ មាន​រយៈពេល​មិន​ដល់១​ខែ​ទេ​ ដែល​ចៅអធិការ​វត្ត​២​ហើយ​បាន​ក្លាយជា​សង្ឃ​មាន​អាបត្តិ​ត្រូវ​បាន​ផ្សឹក ។ ទី​១ ចៅអធិការ​វត្ត​ភ្នំ​រាប ដោយសារ​មាន​ស្រី​ស្នេហ៍​លួចលាក់​ប្តឹង ទីបំផុត​ត្រូវ​បាន​ផ្សឹក ហើយ​បាន​រក​ឃើញ​ពី​ទោស​កំហុស​រហូត​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ថែម​ទៀត និង​ទី​២ គឺ​ករណី​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ