រាជធានីភ្នំពេញ ៖ សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ។ ថ្លែងក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ព្រមទាំងវេទិកាអន្ដរជាតិនានាដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ រហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានប្រតិកម្មចំពោះអ្នកដែលលើកឡើងឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់លើបញ្ហាព្រំដែននេះ ។
សម្ដេចតេជោក៏បានលើកឡើងថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសមិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយធាតុចូលរបស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបមិច នេះ ! បានទៅហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត» ។
ទាក់ទិននឹងបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃវិញ ត្រូវបានសម្ដេចតេជោប្រធានព្រឹទ្ធសភានៃកម្ពុជាបានគូសបញ្ជាក់ថា «បានឈានដល់ដំណាក់កាលមួយនៃការធូរស្រាលហើយ បន្ទាប់ពីភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ចប់នូវកិច្ចប្រជុំសំខាន់ៗប៉ុន្មានថ្ងៃមកនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ហើយក៏ឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពមួយ នៅថ្ងៃទី២៦ ខែតុលាខាងមុខ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីថៃ នៅប្រទេសម៉ាឡេស៉ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។ កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
កិច្ចព្រមព្រៀង ឬឯកសារសន្តិភាពមួយនេះ នឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព៕
ចែករំលែកព័តមាននេះ