ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​ថា​ផែន​ការ​សន្តិ​ភាព​នៅ​មី​យ៉ាន់​ម៉ាគ្មាន​អ្វី​ដែល​ពិបាក​នឹង​អនុ​វត្ត​នោះ​ទេ

2 ម៉ោង មុន

ទី​ក្រុង​គូឡា​ឡាំពួរ៖ ផែន​ការ​សន្តិ​ភាព​៥​ចំណុច​នៅ​មីយ៉ាន់​ម៉ា​ដែល​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ធ្លាប់​បាន​សន្យា​ជា​មួយ​អាស៊ាន​តាំង​ពី​ឆ្នាំ​២០២១​ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំហើយ​ ហើយ​​មិន​ពិបាក​នឹង​អនុ​វត្ត​នោះ​ទេ​។ នេះ​បើ​យោង​តាម​​ការ​ប្រមើល​មើល​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេ​ស៊ី​ លោក​មហា​មេត ហាសាន (Mohamad Hasan)។ លោក​យល់​ថា​របប​សឹក​គួរ​ណាស់​អនុវត្ត​តាម​ផែន​ការ​នោះ​ឱ្យ​បាន​ពេញ​លេញ…

ទី​ក្រុង​គូឡា​ឡាំពួរ៖ ផែន​ការ​សន្តិ​ភាព​៥​ចំណុច​នៅ​មីយ៉ាន់​ម៉ា​ដែល​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ធ្លាប់​បាន​សន្យា​ជា​មួយ​អាស៊ាន​តាំង​ពី​ឆ្នាំ​២០២១​ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៤​ឆ្នាំហើយ​ ហើយ​​មិន​ពិបាក​នឹង​អនុ​វត្ត​នោះ​ទេ​។ នេះ​បើ​យោង​តាម​​ការ​ប្រមើល​មើល​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេ​ស៊ី​ លោក​មហា​មេត ហាសាន (Mohamad Hasan)។

លោក​យល់​ថា​របប​សឹក​គួរ​ណាស់​អនុវត្ត​តាម​ផែន​ការ​នោះ​ឱ្យ​បាន​ពេញ​លេញ ហើយ​គួរ​ឱ្យ​អនុញ្ញាត​ឱ្យ​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​​អាច​បំពេញ​ការ​ងារ​របស់​ខ្លួន​ដោយ​គ្មាន​​ការ​រំខាន​។ លោក​​មហា​មេត ហាសាន​ទទួល​ស្គាល់​ថា​អាស៊ាន​មិន​អាច​រា​រាំង​​ផែន​ការ​​បោះ​​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ដែល​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ​ទេ​។ គ្រាន់​តែ​ថា​បណ្ដា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ចង់​ឃើញ​មីយ៉ាន់​ម៉ា​រៀប​ចំ​ការ​បោះឆ្នោត​ដោយ​យុត្តិ​ធម៌ និង​​បរិ​យា​ប័ណ្ណ​ (​ចូលរួម​ពី​គ្រប់​និន្នា​ការ​នយោបាយ​)។

សូម​រំលឹក​ថា​ក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​លោក​ស្រី​ស៊ូជី​បាន​ប៉ុន្មាន​ខែ លោក​មីន​អុង​ឡាំង​ និង​អាស៊ាន​បាន​ឯក​ភាព​គ្នា​ទៅ​លើ​ផែន​ការ​សន្តិ​ភាព​ទាំង​៥​ចំណុច​។ ទោះ​ជា​យ៉ាង​ណា​ក្ដី របប​សឹក​រង​ការ​ចោទ​ប្រកាន់​ថា​គ្មាន​ឆន្ទៈ​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​ទេ​។ លោក​មហា​មេត​ ហាសាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​នោះ​គ្មាន​អ្វី​ពិបាក​នឹង​អនុ​វត្ត​នោះ​ទេ​។ លោក​យល់​ថា​ជា​ការ​ល្អ​បើ​របប​សឹក​ចាប់​ផ្ដើម​សន្ទនា​គ្នា, ចាប់​ផ្ដើម​អនុញ្ញាត​ឱ្យ​ដឹក​​ជំនួយ​ចែក​ជូន​អ្នក​អត់-​ឃ្លាន​ និង​វិល​ទៅ​រក​ការ​ចរ​ចា​​ជា​មួយ​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។​

នៅ​ចុង​សប្ដាហ៍​នេះ អាស៊ាន​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​។ គេ​គិត​ថា​ផែន​ការ​សន្តិ​ភាព​​បាន​ទទួល​បរាជ័យ​ហើយ​។ របប​ដឹក​នាំ​​​យោធា​នៅ​មីយ៉ាន់​ម៉ា​មិន​ត្រូវ​ការ​សន្ទនា​គ្នា​ជា​មួយ​ក្រុម​ប្រឆាំង​ទេ​ព្រោះ​ពួក​គេ​ចាត់​ទុក​​អ្នក​ទាំង​នោះ​ជា​ក្រុម​ភេ​រវកម្ម​ដែល​ត្រូវ​តែ​កម្ទេច​ចោល​។ ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​បស្ចិម​ប្រទេស​ថា​របប​សឹក​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​​ទៅ​លើ​​​​ជន​ស៊ីវិល​នោះ​​ត្រូវ​របប​សឹក​ចេញ​មុខ​​បដិសេធ​។ របប​សឹក​អះ​អាង​ថា​ខ្លួន​មាន​ឆន្ទៈ​មោះ​មុត​ក្នុង​ការ​រៀប​ចំ​ស្រុក​ទេស​ឱ្យ​មាន​សន្តិ​ភាព​។​

ងាក​មក​និយាយ​អំពី​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​វិញ​ម្ដង របប​សឹក​ថ្លែង​ថា​ការ​បោះ​ឆ្នោត​មិន​អាច​រៀប​ចំ​ឱ្យ​បាន​១០០%​គ្រប់​ទី​កន្លែង​បាន​ឡើយ​។ ដូច្នេះ​ទី​កន្លែង​ណា​ដែល​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ ពួក​គេ​នឹង​រៀប​ចំ​នៅ​ទី​កន្លែង​នោះ​។ របប​សឹក​ចាត់​ទុក​ថា​នេះ​ជា​ការ​បោះ​ឆ្នោត​ជា​ដំណាក់​កាល​ៗ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​។ ប៉ុន្តែ​​រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​យល់​ថា​គួរ​ណាស់​បង្ក​លក្ខណៈ​​​ឱ្យ​ប្រជា​ជន​​មាន​ឱកាស​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា​។ យើង​មិន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​​នេះ​ចូល​រួម​ដោយ​ប្រជា​ជន​ត្រឹម​តែ​មួយ​ផ្នែក​ ចំណែក​ប្រជា​ជន​ដទៃ​ទៀត​គ្មាន​ឱកាស​បោះ​ឆ្នោត​​នោះ​ទេ​។ លោក​សន្យា​ថា​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ដាក់​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ