ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបានដំណឹង មានមនុស្សពីរនាក់បានបាត់ខ្លួន បន្ទាប់ពីពួកគាត់រាយសន្ទូចរកត្រី ហើយជួបភ្លៀងខ្យល់មួយមេធំ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុកស្អាង កងកម្លាំងទាំងបី ប្រជាការពារភូមិ សាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋចុះស្វែងរកជនរងគ្រោះទាំងពីរនាក់ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកណ្តាល បានប្រកាសនាម៉ោង៥ និង០២នាទីថ្ងៃទី២៤ ខែតុលានេះ ។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកស្អាង បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីមនុស្សប្រុស០២នាក់ ត្រូវជាពូ និងក្មួយ បានទៅរាយសន្ទូចនៅខាងក្រោយភូមិត្នោតញីត្រូវខ្យល់ភ្លៀងមួយមេធំកួចលិចទូក បណ្ដាលឱ្យបាត់ខ្លួនមកដល់ព្រឹកនេះ ពុំទាន់រកឃើញនៅឡើយ។ ជនរងគ្រោះដែលបានបាត់ខ្លួនមានឈ្មោះ ៖

១/ឈ្មោះ ឡា មាស ភេទ ប្រុស អាយុ ១៨ឆ្នាំ ។
២/ឈ្មោះ ឡាត់ ឌីណា ភេទ ប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងឱកាសដឹកនាំក្រុមការងារចុះស្វែងរកនោះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បាននាំយកថវិការបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភកងកម្លាំងទាំង អាជ្ញាធរស្រុក និងប្រជាការពារភូមិ ដើម្បីស្វែងរកជនរងគ្រោះទាំង០២នាក់ ។

ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់កងកម្លាំងទាំង អាជ្ញាធរស្រុកស្អាង ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកជនរងគ្រោះឱ្យអស់ពីលទ្ធភាព ទន្ទឹមនឹងនោះត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនត្រូវឱ្យក្មេងៗ លេងទឹកដោយខ្វះការប្រុងប្រយ័ត្នឡើយ ដែលអាចបណ្ដាលឱ្យលង់ទឹកស្លា.ប់បាន។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤នេះ ក្រុមការងារមិនទាន់បានរកឃើញជនរងគ្រោះនៅឡើយទេ ហើយនៅតែបន្តស្វែងជនរងគ្រោះដែលបានបាត់ខ្លួន ដោយក្នុងនោះក្រុមការងារបានរកឃើញទូករបស់ជនរងគ្រោះ ដែលបានលិចនៅក្នុងទឹក ព្រមទាំងបានសន្និដ្ឋាថា ជនរងគ្រោះទាំងពីរនាក់អាចលង់ទឹកនៅទីនោះផងដែរ ៕





ចែករំលែកព័តមាននេះ