រាជធានីភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រហូតដល់ពេលនេះ សម្តេចនៅតែបន្តការពារទាំងអស់លើសុវត្ថិភាព រាជវង្ស សានុវង្ស និងការគង់វង្សនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ដោយបានបញ្ជាក់យ៉ាងដូច្នេះថា«បន្ទាប់មក សម្តេចឪ ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដែលខ្ញុំជាភ្ញៀវរបស់ព្រះករុណា ហើយពេលនោះ បានក្លាយជាឪពុកធម៌ ម្តាយធម៌ ព្រះអង្គថា នេះជាកូន ហើយជាកូនពិសេសទៀត ហ្លួងម៉ែក៏នៅចាំ ។ អីចឹងបានជាមានរឿងឪកូនរហូតមក ហើយនេះខ្ញុំត្រូវទទួលខុសត្រូវរហូតមកដល់ពេលនេះ ទៅលើសុវត្ថិភាពទាំងអស់នៃរាជវង្សសានុវង្ស និងការគង់វង្សនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ។
ជាមួយគ្នានោះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរំលឹកអំពីព្រះរាជបន្ទូលរបស់សម្តេចឪ ដែលស្នើឱ្យសម្តេចការពារសុវត្ថិភាពរបស់ព្រះអង្គ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរំលឹកអំពីការបដិសេធរបស់សម្តេចចំពោះការស្នើសុំរបស់ថៃ ក្នុងការចូលការពារព្រះរាជសុវត្ថិភាពរបស់សម្តេចឪ ដែលប្រៀបដូចជាបញ្ហាមួយថា «ខាងកើតចេញខាងលិចចូល» ។
ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា សម្តេចតេជោ គឺសម្តេចឪ បានប្រាប់សម្តេចពីករណីថៃស្នើសុំការពារទ្រង់នៅរាជវាំងកម្ពុជា ប៉ុន្តែសម្តេចតេជោថា ឱ្យថៃការពារច្បាស់ជាប៉ះពាល់ដល់នយោបាយ ហេតុនេះហើយ បានជាសម្តេចតេជោស្នើកុំឱ្យមានអង្គរក្សទាំងខាងកូរ៉េខាងជើង និងថៃ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចគឺជាអ្នកទៅប៉េកាំងដោយផ្ទាល់ ដើម្បីដង្ហែសម្តេចឪ និងសម្តេចម៉ែ ព្រមទាំងសែរាជវង្សដទៃទៀត ចូលមកប្រទេសកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ