ខេត្តកណ្តាល ៖ លោក ណុប ដារ៉ា អភិបាលរងខេត្ត បានសំណូមពរ និងណែនាំដល់បងប្អូនអាជីវកដែលបានលក់ដូរលើចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបញ្ឈប់ការលក់ដូររំលោ.ភចិញ្ចើមផ្លូវ គ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ បង្កជាការកកស្ទះចរាចរណ៍បន្តទៀត ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តកណ្តាលបានប្រកាសនារសៀលថ្ងៃទី២៤ ខែតុលានេះ ។

ការសំណូមពរនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ណុប ដារ៉ាអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរលើចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ តាមការណែនាំពីសំណាក់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

លោក ណុប ដារ៉ា បាននិយាយថា គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណ្ឌភាព នៅតាមកំណត់ផ្លូវជាតិលេខ២នេះ ឲ្យបានស្អាតសមរម្យ សាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ ។ ពិសេស គឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ ។

លោកអភិបាលរងខេត្ត បានសង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយអាជ្ញាធរបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរ បងប្អូនជីវករដែលបានដាក់តាំងលក់សម្ភារៈអីវ៉ាន់លើចិញ្ចើមផ្លូវសាធារណៈទាំងអស់ បានយល់ព្រមសហការជាមួយអាជ្ញាធរ ដោយបានស្ម័គ្រចិត្តយល់ព្រមបញ្ឈប់ការលក់រំលោ.ភលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត ៕








ចែករំលែកព័តមាននេះ