ទីក្រុងឡុង៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ធ្វើដំណើរទៅដល់អង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអឺរ៉ុប។ ពួកគេសន្យាថានឹងជួយជ្រោមជ្រែងអ៊ុយក្រែនផ្នែកយោធាដើម្បីទប់ស្កាត់មិនឱ្យរុស្ស៊ីវាយប្រហារជាថ្មីម្ដងទៀតនាពេលអនាគតក្រោយពេលមានបទឈប់បាញ់។ កិច្ចប្រជុំដែលរៀបចំដោយនាយករដ្ឋមន្ត្រីអង់គ្លេសនោះក៏ត្រៀមពិភាក្សាគ្នាអំពីការផ្ដល់ប្រព័ន្ធការពារសម្រាប់អ៊ុយក្រែនផងដែរនៅពេលរុស្ស៊ីបន្តវាយប្រហារដោយមីស៊ីល និងដ្រូនជារៀងរាល់ថ្ងៃ។ ជាពិសេស វាយប្រហារទីតាំងផលិតថាមពលដើម្បីកុំឱ្យអ៊ុយក្រែនមានអ្វីសម្រាប់កម្ដៅខ្លួននៅរដូវរងា។
ជាមួយគ្នានោះ អឺរ៉ុបកំពុងរកវិធីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងត្រៀមផ្ដល់មីស៊ីលដែលអាចបាញ់បានឆ្ងាយៗចូលទឹកដីរុស្ស៊ី។ ប្រភពខ្លះបង្ហើបឱ្យដឹងថាគម្រោងជួបគ្នាលើកនេះក៏ដើម្បីដាក់សម្ពាធទៅលើលោកពូទីនផងដែរដើម្បីឱ្យលោកចូលតុចរចា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញថាអឺរ៉ុប និងអាមេរិកចាប់ផ្ដើមដាក់សម្ពាធជាបណ្ដើរៗហើយ។ ក្នុងនោះ លោកត្រាំប្រកាសលុបចោលគម្រោងជួបគ្នាជាមួយលោកពូទីននៅហុងគ្រី និងប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងរបស់រុស្ស៊ី។ ចំណែកសហភាពអឺរ៉ុបប្រកាសកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចលើកទី១៩របស់ខ្លួន។ វិធានការទាំងនេះមានគោលដៅកាត់ផ្ដាច់ហិរញ្ញប្បទានរបស់រុស្ស៊ីដើម្បីកុំឱ្យរុស្ស៊ីមានលុយធ្វើសង្គ្រាម។
ទោះបីមានកិច្ចខិតខំប្រឹងប្រែងក្នុងការអូសទាញលោកពូទីនឱ្យចូលតុចរចាយ៉ាងណាក្ដី ប៉ុន្តែលោកហាក់ដូចជាមិនទាន់ចង់បញ្ចប់សង្គ្រាមត្រឹមនេះទេព្រោះលោកកំពុងមានប្រៀបនៅលើសមរភូមិយោធា។ រុស្ស៊ីអះអាងថាយុទ្ធនាការវាយប្រហារទៅលើអ៊ុយក្រែនជាទង្វើត្រឹមត្រូវ។ ទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ទៅលើប្រទេសរុស្ស៊ីមិនសូវមានប្រសិទ្ធភាពទេព្រោះរុស្ស៊ីអាចគេចចេញពីផលវិបាកយ៉ាងប៉ិនប្រសប់។ ប្រទេសមួយចំនួននៅតែបន្តទិញប្រេង និងឧស្ម័នពីរុស្ស៊ី ធ្វើឱ្យរុស្ស៊ីមានលុយកាន់ពេញដៃ។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងនៅមុនកិច្ចប្រជុំនេះថាជាថ្មីម្ដងទៀត យើងទុកឱកាសឱ្យលោកពូទីនបិទបញ្ចប់អំពើឈ្លានពានដ៏មិនចាំបាច់នេះ, យើងទុកឱកាសឱ្យលោកបញ្ឈប់ការកាប់សម្លាប់ និងដកកងទ័ពរបស់គាត់ត្រឡប់ទៅវិញ។ ប៉ុន្តែគាត់ (លោកពូទីន) បដិសេធបំណងល្អនេះម្ដងហើយម្ដងទៀត ហើយគាត់បានបោះបង់ឱកាសចរចាសន្តិភាព។
នៅក្នុងព្រឹត្តិការណ៍មួយទៀតពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងថារដ្ឋាភិបាលរបស់លោកកំពុងពិនិត្យមើលទណ្ឌកម្មទាំងនោះ ហើយនឹងចាត់វិធានការឆ្លើយតបដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ លោកអះអាងថារុស្ស៊ីមិនត្រូវការប្រឆាំងនឹងនរណាទេ យើងធ្វើដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរបស់យើង។ នេះជាអ្វីដែលយើងកំពុងធ្វើ។ នេះបើយោងតាមប្រភពពីអេភី រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ