រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមន ចុះឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មាន ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702, D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិវៀតណាម ចំនួន១៩នាក់ មានស្ត្រី០៥នាក់ និងបានដកហូតសម្ភារៈ ជាវត្ថុតាងមានដូចជា អាវុធខ្លី០១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ០៩គ្រឿង ទូរសព្ទ ២២គ្រឿង Laptop ០១គ្រឿង CPU ០១គ្រឿង និងលិខិតឆ្លងដែនចំនួន ០២ក្បាល ។
ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈ ដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam) ។
ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបាន ត្រូវបានប្រគល់ជូនសមត្ថកិច្ច នៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕

ចែករំលែកព័តមាននេះ