នំអាកោត្នោតនៅភូមិព្រះដាក់កំពុងមានប្រជាប្រិយជាខ្លាំង ដោយសារតែរសជាតិដ៏ឆ្ងាញ់។ សូម្បីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានអ្នកនាំពាក្យអះអាងថា បានចុះទៅភ្លក់រសជាតិ នំអាកោត្នោតភូមិព្រះដាក់ ដែលជាកន្លែងដែលគេ កំពុងតែល្បីនៅពេលធ្វើដំណើរទៅលេងនៅម្តុំប្រាសាទបន្ទាយស្រី នៅខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ហើយក៏ ជាអតីតអភិបាលស្រុកបន្ទាយស្រី បានសំដែងការអរគុណដែលលោក រដ្ឋមន្ត្រីបាន ចុះជួយគាំទ្រកសិផលកៃច្នៃដ៏វិសេសវិសាលរបស់បងប្អូនសហគមន៍។

លោកបានបញ្ជាក់ នំអាកោត្នោតភូមិព្រះដាក់ជានំធ្វើក្តៅៗថ្មីៗ ទន់ល្មើយ ផ្អែមល្មម មានអនាម័យ មានសុវត្ថិភាព និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក១០០% ដែលដាំដោយខ្មែរ ផលិតដោយខ្មែរ និងជួយលើកស្ទួយជីវភាពក្នុងសហគមន៍។

លោកបានបន្តថា នំអាកោនេះ ពិតជាស័ក្តិសមជាអត្តសញ្ញាណជនបទដ៏ ទាក់ទាញមួយ នៃអ្នកបន្ទាយស្រី ដែលអ្នកទេសចរជាតិ និងអន្តរជាតិមិនគួររំលង។ អាកោត្នោតគឺជាប្រភេទបង្អែមប្រពៃណីខ្មែរមួយប្រភេទដែលអ្នកស្រុកតែងតែចំអិនហូបនៅតាមគ្រួសារនិងលក់ដោះដូរជីវភាពនៅរដូវដែលត្នោតផ្លែ ។

វត្ថុធាតុដើមសំខាន់សម្រាប់ចំអិននំប្រភេទនេះគឺមានម្សៅអង្ករ ផ្លែត្នោតទំ ស្កត្នោត ខ្ទិះដូង ស្លឹកចេក ស្លឹកដូង ឫ ស្លឹកត្នោត តាមការកែច្នៃដើម្បីវេចខ្ចប់។


ចែករំលែកព័តមាននេះ