ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​សោកស្តាយសន្តិសុខ​គំរូ លោកពូ ហោ ម៉ៅ ទទួលមរណភាព​ហើយ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោកពូ ហោ ម៉ៅ គាត់​គឺជា​សន្តិសុខ​គំរូ​មួយ​រូប និង​គួរ​អោយ​គោរព​ទៀត​ផង ដែល​ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​មក​ជួយ​សម្រួល​ចរាចរណ៍ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម…

រាជធានី​ភ្នំពេញ ៖ លោកពូ ហោ ម៉ៅ គាត់​គឺជា​សន្តិសុខ​គំរូ​មួយ​រូប និង​គួរ​អោយ​គោរព​ទៀត​ផង ដែល​ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​មក​ជួយ​សម្រួល​ចរាចរណ៍ នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ ខណ្ឌមានជ័យ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​នៅ​ពេល​នេះ លោកពូ ហោ ម៉ៅ បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​ពេទ្យ​រុ​ស្សី នេះ​បើ​យោង​តាម​លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ ។

លោក​អភិបាល​ខណ្ឌមានជ័យ បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​ចូលរួម​សោកស្តាយ លោកពូ ហោ ម៉ៅ សន្តិសុខ​រដ្ឋបាល​ខណ្ឌមានជ័យ ដែល​ជួយ​សម្រួល​ចរាចរណ៍​ជូន​ពលរដ្ឋ​នៅ​ចាក់​អង្រែ​ក្រោម ពេល​នេះ​គាត់​បាន​ស្លា​.​ប់​ហើយ នៅ​មុន​នេះ​បន្តិច នៅ​ពេទ្យ​រុ​ស្សី​។ ស​.​ព​លោកពូ ម៉ៅ តម្កល់​នៅ​ខាងលិច​ផ្សារ​ច្បារ​អំពៅ ស្ថិត​នៅ​សង្កាត់​ច្បារ​អំពៅ​២» ។

គួរ​រម្លឹក​ឡើង​វិញ​បន្តិច​ដែរ​ថា កាល​អំឡុង​ចុងឆ្នាំ​២០១២ អ្នកដំណើរ​ភាគច្រើន ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ផ្លូវបំបែក​ជា​បួន ចំណុច​លូ​៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​នាំ​គ្នា​អាណិតអាសូរ ស្ញប់ស្ញែង និង​កោតសរសើរ ចំពោះ​ការ​បំពេញការងារ ដ៏​ស្វាហាប់ និង​មមាញឹក ក្រោម​កំ​ដៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​របស់​មន្ត្រី​សន្តិ​ខណ្ឌមានជ័យ​ម្នាក់ ដែល​ឈរ​បញ្ជា និង​ធ្វើ​ចរាចរណ៍ នៅ​លើ​ចំណុច​ផ្លូវបំបែក​ជា​បួន​នេះ​។ មន្ត្រី​សន្តិសុខ​ខណ្ឌ​ម្នាក់ ឈរ​លើក ដៃ​ចុះឡើង បញ្ជា​ឆ្វេង​ស្តាំ ជា​សញ្ញា​សម្រាប់​ធ្វើ​ចរាចរណ៍ ដែល​មាន​សម្បុរ​ខ្មៅ មាឌ​ក្រអាញ កម្ពស់ ប្រហែលជា ១,៦០​ម៉ែត្រ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា ហោ ម៉ៅ អាយុ ៥២​ឆ្នាំ (​កាល​ឆ្នាំ​២០១២) ។

លោក ហោ ម៉ៅ ដែល​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចាត់​ទុក​រូប​គាត់​ជា​មន្ត្រី​ដ៏​គំរូ​មួយ​រូប​នោះ ត្រូវ​បាន​សាលា​ខណ្ឌ​ចាត់ មក​ឲ្យ​ធ្វើ និង​សម្រួល​ចរាចរណ៍​នៅ​ផ្លូវបំបែក​ជា​៤ ចំណុច​លូ​៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ អស់​រយៈពេល​៦​ឆ្នាំ កន្លង​មក ដោយពេល​ព្រឹក​ធ្វើ​ចាប់ពី​ម៉ោង​០៦ ដល់​១២​ថ្ងៃត្រង់ ហើយ​ពេល រសៀល​ធ្វើ​ចាប់ពី​ម៉ោង​១ រហូត​ដល់​ម៉ោង ៦​ល្ងាច ថ្ងៃ​ខ្លះ​ដល់​ម៉ោង ៨​យប់​ក៏​មាន​ដែរ ។

លោក ហោ ម៉ៅ បាន​ឲ្យ​ដឹងផង​ដែរ​ថា ពេល​ខ្លះ​មាន​អ្នកដំណើរ​ឆ្លង​ការ​គេ​អាណិត​គាត់ ក៏​ហុច​ទឹក ហុច​នំចំណី និង​មាន​អ្នកខ្លះ​ឲ្យ​លុយ​គាត់​ក៏​មាន​ដែរ ពេល​ខ្លះ​៥​ពាន់​រៀល ហើយ​ពេល​ខ្លះ​ទៀត ១​ម៉ឺន​រៀល ក៏​មាន​ដែរ គាត់​ពិតជា​អរគុណ​ដល់​អ្នក​ដែល​មាន​សណ្តាន​ចិត្ត​ទាំង​អស់នោះ​ខ្លាំង​ណាស់ ។

ក្នុង​ឈុត​ជា​មន្ត្រី​ចរាចរណ៍ ដោយ​ដៃ​កាន់ដំបង​ចរាចរណ៍ ស្លៀកពាក់​ខោអាវ​ឈុត​ជា​មន្ត្រី​សន្តិសុខ ដោយ​មាន​អាវកាក​ចរាចរណ៍ ពាក់មួក​ក​ន្តិ​ប ព្រមទាំង​មាន​កញ្ចែ ជាប់​នឹង​ខ្លួន​មួយ​ផង​នោះ លោក ហោ ម៉ៅ ក៏​បាន​រៀបរាប់​ប្រាប់​ពី​ជីវិត​ពិត​របស់​គាត់​ឲ្យ​ដឹងផង​ដែរ​ថា រូប​គាត់​ជា​មនុស្ស​មិន​ចេះអក្សរ​នោះ​ទេ ដូច្នេះ​មិន​អាច​រក​ការងារ​អ្វី​ឲ្យ​ប្រសើរ​ជាង​នេះ គឺ​មាន​តែ​កម្លាំងកាយ និង​ចិត្ត​បំពេញការងារ ទោះបី​ក្តៅ និង​ពេល​ខ្លះ​ធ្វើ​ទាំង​ភ្លៀង​ធ្លាក់ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ គឺ​ដើម្បី​ចិញ្ចឹម​ខ្លួនឯង ក៏​ដូច​ជា​ភរិយា ដែល​ពិការ ។

លោក ហោ ម៉ៅ បាន​រៀបរាប់​ទៀត​ថា គាត់​រស់នៅ​លើ​ផ្ទះ ជាមួយនឹង​ភរិយា​ឈ្មោះ លេង សុ​វ៉ា​ន អាយុ​៥៤ ដែល​មាន​ជំងឺ​ប្រចាំ​កាយ ថែម​ទាំង ពិការ​មួយ​ចំហៀង​ខ្លួន​ទៀត រយៈពេល​៦​ឆ្នាំ​មក​ហើយ ព្រមទាំង​ចៅ​អាយុ ១៤​ឆ្នាំ​ម្នាក់ ផង​ដែរ ។

លោក ហោ ម៉ៅ និង​ភរិយា​បាន​ចាប់ដៃ​គ្នា​កសាង​ជីវិត ដ៏​លំបាក​មួយ​នេះ តាំងពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ដោយ​បានកូន​ចំនួន​៥​នាក់ តែ​ពេល​នេះ កូន​ៗ បាន​បែកចេញ​ទៅ​រស់នៅ​រៀង​ៗ​ខ្លួន​អស់ហើយ ហើយ​ពួក​គេ​ក៏​មិនសូវ​ជា​មាន​ជីវភាព​ប្រសើរ​អី​ដែរ ព្រោះ​គាត់​ក៏​គ្មាន​អ្វី​ជា​ដុំ​កំភួន​ផ្តល់​ឲ្យ​កូន​ៗ​គាត់​នោះ​ទេ ។

ជា​រៀងរាល់ថ្ងៃ​រូប​គាត់​បាន​ចេញ​ទៅ​ធ្វើការ​ចាប់ពី​ម៉ោង ៦​ព្រឹក ហើយ​ពេល​ថ្ងៃ​ឡើង​ត្រឡប់​មក​ហូប​បាយ បោក គក់ខោអាវ និង​មើលថែ​ទាំ​ប្រពន្ធ​ហើយ ទើប​ត្រឡប់​ទៅ​ធ្វើការ​វិញ ។

លោក ហោ ម៉ៅ បាន​បន្ត​ថា កាលពី​ឆ្នាំ​១៩៨៥ រូប​គាត់​បាន​ធ្វើ​ជា​កងជីវពល ហើយ​នៅ​ឆ្នាំ​២០០៥ រូប​គាត់ បាន​ចូល​ធ្វើ​ជា​សន្តិសុខ​ខណ្ឌមានជ័យ ហើយ​ត្រូវ​សាលា​ខណ្ឌ ចាត់​មក​ឲ្យ​បំពេញការងារ​នៅ​លើ​ផ្លូវបំបែក ជា​៤ លូ​៥​នេះ​តែ​ម្តង​ទៅ ។

លោកពូ ហោ ម៉ៅ និង​ក្រុម​គ្រួសារ បាន​ទទួល​បាន​នូវ​គេហដ្ឋាន​ថ្មី​មួយ​ដ៏​ស្រស់​ស្អាត មាន​ទំហំ ៤​ម​x១០​ម កំពស់​02​ជាន់ ស្ថិត​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​ផ្តល់​ជូន​លោក ហោ ម៉ៅ សំរាប់​ការ​លះបង់​ដ៏​ធំធេង ក្នុង​បុព្វហេតុ​ការងារ​សង្គម​ក្នុង​ពេល​កាល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ