រាជធានីភ្នំពេញ ៖ ប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ចំនួន៥រូប បានទស្សនកិច្ចការងាររយៈពេល៥ថ្ងៃ លើទឹកដីវៀតណាម ចំពេលដែលប្រធានបទគម្រោងព្រែកជីកហ្វូណនតេជោ កំពុងក្តៅគគុក ដោយសារព្រែកជីកនេះ ទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយ ប្រវិត្តិសាស្ត្រ បរិស្ថាន ប្រព័ន្ធធារាសាស្ត្រ និងប្រទេសជិតខាងជាមួយ នឹងវៀតណាមនេះឯង ។
មុននឹងចេញដំណើរ ប្រតិភូបានគិតទៅដល់សំណួរ នឹងការលើកឡើងមួយចំនួនពីសមភាគីវៀតណាមអំពីព្រែកជីក ប៉ុន្តែការគិតគូរនោះ បានត្រឹមតែគិត ព្រោះរាល់ជំនួបទាំងអស់ ភាគីវៀតណាម មិនបានលើកទាល់តែសោះ អំពីព្រែកជីក សូម្បីតែជាមួយ លោក Le Quoc Minh ជាមន្ត្រីជាន់ខ្ពស់វៀតណាម ដែលជាសមាជិកមជ្ឈិមបក្ស ជាអនុប្រធានឃោសានាអប់រំមជ្ឈិមបក្ស ជានិពន្ធនាយកកាសែតប្រជាជនវៀតណាម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម នៅក្នុងជំនួបជាមួយគ្នានារសៀលថ្ងៃទី១៥ ខែឧសភា បីថ្ងៃមុននេះ ក៏ដូចគ្នាជាមួយថ្នាក់ដឹកនាំ នៃស្ថាប័នសារព័ត៌មានធំៗដទៃទៀត រួមទាំងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ផង។
វៀតណាម មិនចាប់អារម្មណ៍រឿងព្រែកជីកនេះ ឬយ៉ាងណា ?
ថាមិនចាប់អារម្មណ៍ ក៏មិនទាន់គ្រប់ជ្រុងជ្រោយដែរ ព្រោះកន្លងមក ក្រៅពីអ្នកស្រាវជ្រាវ ក៏មានអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម បានលើកបញ្ហាព្រែកជីកនេះ ចំនួនបីលើក រួចមកហើយដែរ បើទោះបីជាកម្រិត នៃការលើកនោះ មិនមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ (ពីរលើកដោយអ្នកនាំពាក្យគោល រីឯមួយលើកទៀតដោយអ្នកនាំពាក្យរងនៅពេលអ្នកសារព័ត៌មានវៀតណាមចោទសួរអំពីព្រែកជីកនេះ) ។
យ៉ាងណាក៏ដោយ នៅពេល ដែលខ្ញុំសាកសួរពលរដ្ឋ និងមន្ត្រីរដ្ឋការរបស់វៀតណាម គេឆ្លើយតបថា គេធ្លាប់បានឮខ្លះៗ ដែរតាមរយៈសារព័ត៌មាន ប៉ុន្តែគេមិនសូវចាប់អារម្មណ៍រឿងហ្នឹងទេ ហើយក៏មិនបានដឹងថា នឹងទៅជាយ៉ាងម៉េច ក្នុងនោះក៏មានអ្នកសារព័ត៌មានផងដែរ។ ពិតណាស់ការសាកសួរប៉ុណ្ណឹង មិនមែនជាផ្លូវការឡើយ ព្រោះជាការស្វែងយល់តិចតួចប៉ុណ្ណោះ ហើយខ្ញុំយល់ថា ការចាប់អារម្មណ៍លើរឿងព្រែកជីកហ្វូណនតេជោ អាចខុសគ្នារវាងអ្នករស់នៅភាគខាងជើង និងអ្នករស់នៅភាគខាងត្បូង នៃប្រទេសវៀតណាម ។
ប្រតិភូក្លិបអ្នកកាសែតកម្ពុជា ទៅវៀតណាមធ្វើអ្វី ?
ជាការឆ្លើតតប ទៅនឹងការអញ្ជើញរបស់ប្រធានសមាគមអ្នកកាសែតវៀតណាម ដែលក្លាយជាដៃគូសហការជាមួយគ្នាលើកិច្ចការព័ត៌មាន បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជា ក្លាយជាសមាជិករបស់សហព័ន្ធសារព័ត៌មានអាស៊ាន (Confederation of Asean Journalists) នៅក្នុងឆ្នាំ២០១៨។ ក្លិបអ្នកកាសែតកម្ពុជាក៏មានដៃគូសហការជាមួយសមាគមអ្នកកាសែត នៃប្រទេសផ្សេងៗទៀតដែរ ។
តើថ្នាក់ដឹកនាំក្លិបធ្វើអ្វីខ្លះនៅវៀតណាម ?
ចម្ងល់មួយនេះ ប្រហែលជាពិបាកឆ្លើយបន្តិចហើយ ព្រោះរយៈពេលដល់ទៅ៥ថ្ងៃឯណោះ។ ណ្ហើយចុះ សូមប្រាប់ត្រួសៗបន្តិចទៅចុះ នោះគឺជំនួបជាបន្តបន្ទាប់ជាមួយស្ថាប័នព័ត៌មានវៀតណាម ទស្សនកិច្ចពន្ធនាគារកណ្តាលសម័យអាណានិគមបារាំងដែលមានមេដឹកនាំវៀតណាមមួយចំនួនត្រូវបានជាប់ឃុំឃាំងជាអ្នកទោសនយោបាយនៅទីនោះ រួមទាំងលោក ដូ មឺយ (Do Muoi) អតីតអគ្គលេខាធិការបក្សដែលជាមេដឹកនាំកំពូលរបស់វៀតណាម, សារមន្ទីរអក្សរសាស្ត្រ, សវនាការជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងតំបន់រម្មនីយដ្ឋានភាគខាងជើងជាប់ព្រំដែនខេត្តយូណានរបស់ប្រទេសចិន។ រម្មនីយដ្ឋានសាប៉ា (Sapa) ជាតំបន់ខ្ពង់រាបសម្បូរដោយភ្នំរាប់មិនអស់ ជាតំបន់ទេសចរណ៍ដ៏ត្រជាក់និងទាក់ទាញមួយដែលវៀតណាមដាក់ឈ្មោះថា “ទីក្រុង៤រដូវក្នុងមួយថ្ងៃ” ព្រោះអាកាសធាតុប្រែប្រួលមិនទៀង។ សូម្បីចិត្តបុរសដែលនារីតែងតំណាលថា “ប្រែប្រួលមិនទៀង” ក៏មិនអាចប្រដូចតំបន់នោះបានឡើយ។ ដំណើរទស្សនកិច្ចនោះធ្វើឱ្យខ្ញុំនឹកភ្នកទៅដល់ ភ្នំបូកគោ និងបុរីជូឡុង (គិរីរម្យ) នៅកម្ពុជាដែលអាចក្លាយជាតំបន់ទេសចរណ៍ដ៏ត្រជាក់ដូចទីក្រុងសាប៉ា នោះដែរ ។
វិលត្រឡប់មករឿងរដូវមិនទៀងវិញ ក៏ធ្វើឱ្យខ្ញុំនឹកដល់ការសាសងសម្តីនារាត្រីមួយនៅពេលយើងកំពុងស្ថិតនៅទីក្រុងហាណូយដែលបុរសម្នាក់បានជាប់អន្ទាក់រឿង “២កំប៉ុង ១០យប់” ។
អ្វីទៅ២កំប៉ុង ១០យប់ ?
ប្រពន្ធបានផ្តាំថា សូមបងពិសាស្រាបៀត្រឹម២កំប៉ុង ហើយម៉ោង១០យប់ចូលផ្ទះវិញ ប្តីឮហើយក៏ត្រេកអរពន់ពេក រួចចេញទៅក្រៅតាមការណាត់ជួបជាមួយមិត្តភក្តិរហូតដល់ “១០កំប៉ុង ២ភ្លឺ”។ ពេលមកដល់ផ្ទះវិញ ប្រពន្ធគាត់ខឹងហើយសួរថាម៉េចបានជាមិនស្តាប់បណ្តាំ បុរសនោះក៏ឆ្លើយថា “២នៅតែ២ រីឯ១០នៅតែ១០ គ្រាន់តែប្តីច្រឡំទេតើ!” ។
នៅមានទៀត តែសូមស្លេះប៉ុណ្ណឹងចុះ៕
អត្ថបទដោយ ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា






























ចែករំលែកព័តមាននេះ