ខែកញ្ញា ឆ្នាំ២០១៣ នេះ ថ្ងៃទី១៣ កញ្ញា គឺប៉ះចំថ្ងៃសុក្រ ដែលថ្ងៃសុក្រ ទី១៣ នោះមានជំនឿឆ្វេងមួយថាជាថ្ងៃចង្រៃ ក៏ប៉ុន្តែសម្រាប់អ្នកខ្លះថា ជាថ្ងៃល្អ និងជាថ្ងៃមានសំណាងទៅវិញ ។ ថ្ងៃសុក្រ ទី១៣ មានយ៉ាងតិច១ឆ្នាំម្តង ហើយយ៉ាងច្រើនមួយឆ្នាំ៣ដង។
សម្រាប់មនុស្សមួយចំនួន ថ្ងៃសុក្រ ទី១៣ មានន័យថា មានព្រឹតិ្តការណ៍អាក្រក់ និងប្រកបដោយគ្រោះភ័យដែលពុំអាចពន្យល់បាន។ ប៉ុន្តែសម្រាប់អ្នកឯទៀតចាត់ទុកផ្ទុយពីនេះថាជាថ្ងៃល្អ និងជាថ្ងៃមានសំណាងទៅវិញ ។តើជំនឿរឿងថ្ងៃសុក្រ ទី១៣ អាក្រក់មានប្រភពពីណាមក ? ថ្ងៃសុក្រ ទី១៣ មានប្រភពជំនឿពីបណ្តាប្រទេសនៅភាគខាងជើង ហៅបណ្តាប្រទេសន័រឌីក PAYS NORDIQUES ។
ថ្ងៃសុក្រខ្មៅសម្រាប់ពួក TEMPLIERS គឺខែតុលា ឆ្នាំ១៣០៧ ព្រះមហាក្សត្របារាំង PHILIPPE LE BEL ចេញបញ្ជាឱ្យពួកអាមាត្យ និងនាម៉ឺនសព្វមុខមន្ត្រីចូលគាល់ថ្ងៃសុក្រ ទី១៣ ។ ព្រះមហាក្សត្របញ្ជាពួកអ្នកទាំងនេះឱ្យចាប់ខ្លួនពួក TEMPLIERS បារាំងទាំងអស់ ។ នាថ្ងៃសុក្រនោះឯងពួក TEMPLIERS ២.០០០នាក់ត្រូវចាប់ខ្លួនបន្តបន្ទាប់គ្នា ដោយពួកអាមាត្រ និងពួក BAILLIS ។ ពួកអ្នកត្រូវចាប់ខ្លួនត្រូវគេនាំទៅសួរចម្លើយក្រោមការធ្វើទារុណកម្ម មុនពេលប្រគល់ទៅឱ្យពួកឈ្មួញដូមីនីកែន ។ ក្នុងចំណោមពួក TEMPLIERS ក្រុងប៉ារីស១៤០នាក់ ៥៤នាក់ត្រូវគេចាប់ដុតទាំងរស់ ក្រោយពួកគេព្រមសារភាពទោសកំហុសពីបទឧក្រិដ្ឋដូចជា គ្រាន់តែស្តោះទឹកមាត់ដាក់ឈើឆ្កាង ឬមួយគ្រាន់តែថើបគ្នាដោយមិនអៀនខ្មាស់។
ថ្ងៃសុក្រ ទី១៣ នោះមានប្រវត្តិរឿងចង្រៃដទៃៗទៀតដូចជា ថ្ងៃសុក្រ ទី១៣ ឆ្នាំ១៩៧២ មានការធ្លាក់យន្តហោះជើងហោះហើរ T-571 នៅ ANDES ។ ថ្ងៃសុក្រ ទី១៣ តុលា ឆ្នាំ១៩៧២ យន្តហោះនោះដែលហោះចេញពីទីក្រុងមុ៉ងតេវីដេអូទៅកាន់ក្រុងសាន់ស្យាហ្គោប្រទេសស៊ីលី ដឹកក្រុមកីឡាករ RUGBY OLD CHRISTIANS ។ យន្តហោះនោះបានបុកសត្វល្វាចេកមួយ ហើយធ្លាក់ក្នុងតំបន់ភ្នំ ។ សរុបមនុស្ស២៩នាក់ក្នុងចំណោមមនុស្ស៤៥នាក់ជិះក្នុងយន្តហោះនោះត្រូវស្លាប់ ក្នុងនោះអ្នកដំណើរ៥នាក់ស្លាប់ដោយសារការបាក់ដីមួយបន្ថែមទៀតនាថ្ងៃទី៣០ តុលា ១៩៧២ ។ ពួកអ្នកនៅរស់រានមានជីវិតអាចរកឃើញរហូតដល់២ខែក្រោយមក ។
ការភ័យខ្លាចចំពោះថ្ងៃសុក្រ ទី១៣ ក៏មកពីជំនឿកាលពីបុរាណកាលរបស់បណ្តាប្រទេសភាគខាងជើងដែរ ។ យោងតាមពាក្យដំណាលរបស់ពួកខាងជើងថា ODIN ជាអាទិភាពនៃពួកអ្នកចម្បាំង ថ្ងៃមួយបានរៀបចំពិធីជួបជុំមិត្តភក្តិ១១រូបក្នុងចំណោមមិត្តភក្តិជាអាទិភាពដូចគ្នាឱ្យមកចូលរួមក្នុងពិធីជប់លៀងមួយនៅឯវិមាន VALHALLA របស់ខ្លួន ។ LOKI ជាព្រះអាទិទេពនៃសង្គ្រាម និងធ្វើបាបមនុស្ស មកចូលរួមតាមការអញ្ជើញតែបានអុកឡុក ។ ព្រះបុត្រារបស់ព្រះអាទិទេព ODIN ព្រះនាម BALDER ជាព្រះអាទិទេពនៃក្តីស្រឡាញ់ ព្រមទាំងពន្លឺប៉ុនប៉ងរារាំងអាទិទេព LOKI ។
ការប្រយុទ្ធគ្នាផ្ទុះឡើងរវាងអាទិទេពទាំង២អង្គនោះ។ LOKI អាទិទេពនៃក្តីច្រណែនឈ្នានីស និងចូលចិត្តប្រព្រឹត្តអំពើអាក្រក់បានប្រើព្រួញមានជាតិពុលមួយបាញ់ចំបេះដូងសម្លាប់អាទិទេព BALDER ដែលតំណាងនៃក្តីស្រឡាញ់ ។ ចាប់តាំងពីមានរឿងដំណាលនោះមកក្នុងបណ្តាប្រទេសស្តង់ឌីណាវ លេខ១៣ ជាតំណាងអាទិទេព LOKI ត្រូវបានគេចាត់ទុកថាជាលេខអាក្រក់ ។
រឿងនិទានមួយទៀតនៃតំបន់ភាគខាងជើងផែនដីដែរថា FRIGGA ឬ FREYA ជាព្រះមហាក្សត្រីយានីរបស់បណ្តាអាទិទេពជាទេពអប្សរនៃសេចក្តីស្នេហា និងការបង្កើតកូន ។ ទេពអប្សរអង្គនោះត្រូវបណ្តាអាទិទេពនាំគ្នាហៅថា សុក្រ ។ ពាក្យថា FRIDAY ជាភាសាអង់គ្លេសប្រែថា ថ្ងៃសុក្រ មកពីពាក្យថា FREYA’S DAY ។ ក៏ប៉ុន្តែនៅសតវត្សទី១០ និងទី១១ បណ្តាប្រទេសខាងជើងបែរជាជឿលើសាសនាគ្រិស្តវិញ ។ នាពេលនោះគេបែរជានិទានថា FRIGGA តាមការពិតជាយាយឆ្មប់មួយទេ ហើយយាយធ្មប់នោះស្ថិតនៅលើកំពូលភ្នំមួយ ។ ដើម្បីជាការសងសឹកយាយធ្មប់នោះ រៀងរាល់ថ្ងៃសុក្រ កោះហៅពួកបិសាចនិងយាយធ្មប់១១នាក់ទៀតដើម្បីចេញធ្វើបាបមនុស្ស ហើយកម្ចាត់មនុស្សឱ្យជួបនឹងវាសនាអាក្រក់ ។
ដោយសារការខ្លាចចំពោះលេខ១៣ នោះពិធីមួយចំនួនដូចជាថ្ងៃរៀបការ ថ្ងៃកំណើត ឬថ្ងៃចេញទៅសមុទ្រនៅលោកខាងលិចគេចៀសវាងថ្ងៃទី១៣ នៃខែនីមួយៗ ។ ក្នុងទីក្រុងជាច្រើនពុំមានផ្ទះណាដាក់លេខ១៣ ឡើយ ។ ចំណែកអគារធំៗ ក៏គេមិនហៅជាន់ទី១៣ គេប្រើពាក្យថា ជាន់ទី១២ស្ទួន ឬជាន់ទី១៤A រួចសណ្ឋាគារមួយចំនួនពុំមានបន្ទប់លេខ១៣ ទេ ។ ថ្ងៃសុក្រ ទី១៣ ពួកអឺរ៉ុបខ្លះពុំចង់ចេញទៅធ្វើការ ពុំចង់ធ្វើដំណើរ ហើយពុំចង់ចាកចេញពីផ្ទះ ។ អ្នកសេដ្ឋកិច្ចអាមេរិកម្នាក់លើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារថ្ងៃសុក្រ ទី១៣ ព្រោះថ្ងៃនោះពិសេសបំផុតមានការធ្លាក់ចុះខ្លាំងនៃការប្រើប្រាស់ ។
ពួកអ្នកបើករថយន្តប្រណាំង ពិសេសពួកអ្នកចូលរួមប្រកួត FORMULA-1 មានការខ្លាចចំពោះលេខ១៣ ចាប់តាំងពីការស្លាប់អ្នកប្រណាំង២នាក់ដែលពាក់លេខ១៣ នោះកាលពីឆ្នាំ១៩២០ ។ លេខនោះដាច់ខាតពុំមានអ្នកណាពាក់ឡើងក្នុងការប្រណាំង FORMULA-1 ។ ទោះបីជាយ៉ាងណា ថ្ងៃសុក្រ ទី១៣ ពុំមែនជាថ្ងៃគ្មានសំណាងល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ រៀងរាល់ថ្ងៃសុក្រ ទី១៣ នារីស្តេចល្បែងបារាំងម្នាក់អាចប្រមូលមនុស្សលេងល្បែងបានច្រើនបំផុតដល់ទៅ៣ដងលើសថ្ងៃធម្មតា នារីនោះបានធ្វើយុទ្ធនាការមួយហៅ «ប្រតិបត្តិការV-13» ។ ថ្ងៃសុក្រក្លាយជាថ្ងៃមានសំណាង ដោយពួកអ្នកលេងល្បែងច្រើនឈ្នះខុសពីធម្មតា។ ប៉ុន្តែសម្រាប់ពួកគេ ថ្ងៃសុក្រមិនតែងមានសំណាងរាល់លើកឡើយ ។
នៅប្រទេសអេស្ប៉ាញ និងនៅក្នុងបណ្តាប្រទេសអាមេរិកឡាទីន គេពុំខ្លាចថ្ងៃសុក្រ ទី១៣ ឡើយ តែគេខ្លាចថ្ងៃអង្គារ ទី១៣ វិញ ។ ថ្ងៃអង្គារជានិមិត្តរូបនៃភពព្រះអង្គារ ជាអាទិទេពនៃសង្គ្រាម ។ ថ្ងៃនោះទាក់ទិននឹងភពព្រះអង្គារមានន័យថា ការបំផ្លិចបំផ្លាញ និងហិង្សា។ នៅប្រទេសអុីតាលី គឺលេខ១៧ ដែលគេខ្លាច ពុំមែនលេខ១៣ ទេ ។ តាមពិតលេខ១៧ សរសេរជាលេខឡាតាំង XVII ប្រហាក់ប្រហែលនឹង VIXI ដែលមានន័យជាភាសាឡាតាំងថា «ខ្ញុំស្លាប់» ។ នៅចិនគឺលេខ៤ ជាលេខអាក្រក់ ព្រោះលេខនេះចិនហៅស៊ី SHI មានន័យថា ការស្លាប់ ដែលធ្វើឱ្យគេខ្លាច រួចគេពុំខ្លាចលេខ១៣ ដែលគេថាជាលេខល្អទៅវិញទេ ៕
ចែករំលែកព័តមាននេះ