AFP ផ្សាយថា កាលពីថ្ងៃទី១០ កញ្ញា ២០១៣ សភារបស់ស្វ៊ីសអនុម័តបង្កើនអាយុស្រ្ដីពេស្យាពី១៦ទៅ១៨ឆ្នាំ ដើម្បីធ្វើឱ្យច្បាប់ស្ដីពីរបរពេស្យាចារស្របទៅតាមបទដ្ឋាននៅអឺរ៉ុប ។ សមាជិកសភា បានយល់ស្របធ្វើវិសោធនកម្មច្បាប់នេះ ក្រោយពីសេចក្ដីព្រាងច្បាប់បានឆ្លងកាត់ការព្រមព្រៀងពីព្រឹទ្ធសភាកាលពីមុន ។
សភាប្រទេសស្វ៊ីសអនុម័តច្បាប់នោះ គឺដើម្បីឱ្យស្របអនុសញ្ញាគណៈកម្មាធិការអឺរ៉ុប ស្ដីពីការការពារកុមារ និងយុវជនដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ ។ លោកម៉ាហ្គ្រេត ខៃន័រនេលលេន ជាសមាជិកសភាមកពីគណបក្សសង្គមនិយមបញ្ជាក់នៅក្នុងកិច្ចប្រជុំសភានៅមុនពេលអនុម័តច្បាប់កាលពីថ្ងៃទី១០ កញ្ញាថា «វាជាហេតុផលដ៏សំខាន់ក្នុងការការពារកុមារ និងមានការទទួលស្គាល់ពីសហគមន៍អឺរ៉ុប» ។
ពេស្យាចារជាអាជីពស្របច្បាប់នៅក្នុងប្រទេសស្វ៊ីស ។ ស្រ្ដីពេស្យាអាចដើរទាក់ទាញអតិថិជននៅតាមតំបន់ ផ្សេងៗដូចជានៅតាមទីតាំងពេស្យាចារ ឬទាក់ទងតាមទូរស័ព្ទ ។ ដោយសារជារបរស្របច្បាប់ ស្ដ្រីពេស្យាត្រូវបង់ពន្ធជូនរដ្ឋ ។ កាលពីខែមុន ប្រទេសស្វ៊ីសមានភាពល្បីរន្ទឺនៅទូទាំងពិភពលោក ដោយទីក្រុងស៊ុយរិក បើកទីកន្លែងបម្រើផ្លូវភេទ «ដ្រាយ អីុន សិន» ជាលើកដំបូងស្ថិតនៅតំបន់ជាយក្រុង ៕
ចែករំលែកព័តមាននេះ