រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ដែលខឹងប្តីជាជនជាតិចិនស្រវឹងស្តីបន្ទោស តូចចិត្តពេកបីកូនបម្រុងលោតពីលើផ្ទះសំណាក់ដើម្បីសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចលួងលោមហាមឃាត់កុំឱ្យគិតងាយបែបនេះ ។ រឿងរ៉ាវនេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ កុម្ភៈ នៅលើផ្ទះសំណាក់សុមនា ដែលមានទីតាំងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរូបនេះមិនបានប្រាប់ឈ្មោះទេ មានអាយុជាង២០ឆ្នាំ មានប្តីជាជនជាតិចិន មុខរបរមេការសំណង់នៅតាមខេត្ត និងនៅទីក្រុងបានកូនប្រុសអាយុជិតមួយខួបម្នាក់ ។ តាមប្រភពពីម្ចាស់ផ្ទះសំណាក់បាននិយាយថា នៅមុនពេលកើតហេតុ ឃើញស្ត្រីជាប្រពន្ធមានជម្លោះជាមួយប្តីបានឡើងលើសំយាបប៉ាណូផ្ទះសំណាក់ជាន់ទី១ក្នុងបំណងលោតធ្វើអត្តឃាត ។
ឃើញបែបនេះ ម្ចាស់ផ្ទះសំណាក់បានព្យាយាមបំបែកភាគីជាប្តីឱ្យចេញទៅឆ្ងាយសិន ដើម្បីឲ្យស្ត្រីខាងលើចុះមកវិញ តែស្ត្រីរូបនោះបម្រុងលោតដដែល បណ្តាលឲ្យផ្អើលដល់អ្នកដែលធ្វើដំណើរតាមផ្លូវ បានសម្តែងការអាណិតដល់ក្មេងប្រុសដែលបីនៅនឹងដៃ នៅតែព្យាយាមចង់លោតសម្លាប់ខ្លួនទៀត ។ ភ្លាមៗនោះគេនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

តាមសំដីនាយប៉ុស្តិ៍នគរបាលចោមចៅទី៣បានឱ្យដឹងថា ខណៈពេលបានដឹងដំណឹងនេះភ្លាមៗ លោកបានចាត់កម្លាំងនាយរងប៉ុស្តិ៍ និងមន្ត្រី ព្រមទាំងរូបគាត់បានចុះទៅលួងលោមស្ត្រីខាងលើ កុំឱ្យធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ ឱ្យចេះអាណិតកូនតូចផង ចាំគាត់ជួយដោះស្រាយបញ្ហាឱ្យ ។ និយាយលួងទាល់តែនាងប្រែចិត្តវិញ ហើយសមត្ថកិច្ចបាននាំនាងចេញភ្លាមៗ ចំណែកឯអ្នកដែលចោមរោមមើលតាមផ្លូវ មានការធូរស្បើយក្នុងចិត្ត ហើយសមត្ថកិច្ចបាននាំស្ត្រីខាងលើយកទៅសួរនាំភ្លាមៗផងដែរ ។ ប៉ុន្តែទំនងស្ត្រីរូបនេះដោយមានការតក់ស្លុត រហូតសន្លប់មួយរំពេចនៅនឹងកន្លែង ។
ចំណែកឯបុរសជនជាតិចិនខាងលើដែលដោះស្រាយមិនចេញ ក៏បានបើករថយន្តចេញទៅបាត់មុនសមត្ថកិច្ចមកដល់សង្ស័យជាប្តីហេងស៊យ ។ បន្ទាប់ពីស្ត្រីរងគ្រោះដឹងខ្លួនភ្លាមៗនោះ សមត្ថកិច្ចជំនាញបានសាកសួរទើបដឹងថា បុរសជាប្តីជនជាតិចិន ទើបមកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកហើយរូបគាត់ចាំមើលផ្លូវប្តីដើម្បីហូបបាយជុំគ្នា ព្រោះគាត់និងប្តីទើបមកពីខេត្តផង មិនដឹងមានរឿងអ្វី ពេលមកដល់បែរជាមករករឿងគ្មានមូលហេតុ ។ ចំណែកខ្លួនជាប្រពន្ធតូចចិត្តពេកក៏គិតឃើញខ្លីថាមានតែលោតសម្លាប់ខ្លួនតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌពោធិ៍សែនជ័យ បានណែនាំស្ត្រីខាងលើកុំឱ្យគិតខ្លីចង់សម្លាប់ខ្លួនបែបនេះ និងជួយស៊ើបអង្កេតតាមរកប្តីដើម្បីដោះស្រាយបញ្ហាឱ្យ ៕
ចែករំលែកព័តមាននេះ