ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​សម្បថ​ចាក់​ជ្រៅ​ទៅ​ក្នុង​បេះដូង​ខ្មែរ

5 ឆ្នាំ មុន

សម្បថ​គឺជា​ជំនឿ​បែប​អ​រូបិយ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ជនជាតិ​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ និង​កំពុង​បន្ត​រីកសាយ​ភាយ​នៅ​កម្ពុជា ទាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន ។ ទាំងនេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​អត្ថិភាព​នៃ​ពាក្យ​សម្បថ​ដែល​ជា​មរតក​ប្រពៃណី​វប្បធម៌​ក្នុង​សង្គម​ខ្មែរ​យ៉ាង​ពិតប្រាកដ​។ ទោះជា​យ៉ាងណា​អ្នកប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា ការ​ស្បថស្បែ​នោះ មិន​មាន​ចែង​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទេ ហើយ​ក៏​ជា​អបិយ​ជំនឿ​មួយ​បែប​ដែល​គេ​មិន​អាច​យក​ជា​ការ​បាន​ឡើយ…

សម្បថ​គឺជា​ជំនឿ​បែប​អ​រូបិយ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ជនជាតិ​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ និង​កំពុង​បន្ត​រីកសាយ​ភាយ​នៅ​កម្ពុជា ទាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន ។ ទាំងនេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​អត្ថិភាព​នៃ​ពាក្យ​សម្បថ​ដែល​ជា​មរតក​ប្រពៃណី​វប្បធម៌​ក្នុង​សង្គម​ខ្មែរ​យ៉ាង​ពិតប្រាកដ​។ ទោះជា​យ៉ាងណា​អ្នកប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា ការ​ស្បថស្បែ​នោះ មិន​មាន​ចែង​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទេ ហើយ​ក៏​ជា​អបិយ​ជំនឿ​មួយ​បែប​ដែល​គេ​មិន​អាច​យក​ជា​ការ​បាន​ឡើយ ។

បើ​តាម​ឯកសារ​ស្រាវជ្រាវ​វប្បធម៌​ទំនៀមទម្លាប់​ខ្មែរ​បាន​លើក​ឡើង​ថា ពាក្យ​សម្បថ គឺជា​វិធីសាស្ត្រ​របស់​មនុស្ស​ជំនាន់​មុន ជាន់​បុរាណសម័យ​ដែល​គេ​ប្រើ​ដើម្បី​កម្លាច​អ្នក​ដទៃ​ឲ្យ​ឆ្លើយ​ការ​ពិត កុំ​ក្បត់​ពាក្យ​សម្តី​របស់​ខ្លួន កុំ​ធ្វើ​អ្វី​ដែល​ខុស​នឹង​ពាក្យ​សម្បថ ពីព្រោះ​សម័យ​នោះ​គេ​ខ្វះ​បច្ចេកទេស​ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​រក​ចម្លើយ​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ប្រើ​ពាក្យ​សម្បថ​នេះ​ជា​ផ្លូវការ និង​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ បើ​ទោះជា​សម័យ​វិទ្យាសាស្ត្រ​ទំនើប​យ៉ាងណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ឃើញ​មានការ​និយម​ប្រើ​សម្បថ​នេះ​នៅឡើយ តែ​មិន​យក​ជា​ការ​ដូច​សម័យ​មុន​ទេ ។

មូលហេតុ​ដែល​គេ​នៅ​និយម​ប្រើ​ពាក្យ​សម្បថ ឬ​ស្បថ​ក្នុង​សម័យនេះ ពីព្រោះ​គេ​យល់​ថា គឺជា​វិធីសាស្ត្រ​មួយ​អាច​ជួយ​ឲ្យ​គេ​បាន​ស្ងប់ចិត្ត រម្ងាប់​អារម្មណ៍​បាន​ខ្លះ ឬ​ក៏​អាច​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទ័លច្រក​ណាមួយ​របស់​គេ​ម្នាក់​ៗ​បាន ។

ការ​ប្រើ​ពាក្យ​សម្បថ​នោះ​មាន​ច្រើន​របៀប​ច្រើន​យ៉ាងដូច​ជា អ្នកខ្លះ​គេ​ស្បថ​នៅ​ពេល​ណា​ដែល​មានការ​ចោទប្រកាន់​គ្នា រឿង​វិវាទ​ក្ដីក្ដាំ​នឹង​គ្នា ហើយ​ដោះស្រាយ​មិន​ចេញ​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ក៏​យក​សម្បថ​នេះ​ជា​តុលាការ​កាត់សេចក្តី ។ រីឯ​អ្នកខ្លះ​ទៀត​បាន​នាំ​គ្នា​ប្រើ​ពាក្យ​សម្បថ នៅ​ពេល​ដែល​គេ​មាន​គូសង្សារ គូ​កំណាន់ចិត្ត​ដើម្បី​បង្ហាញ​ពី​ភក្ដីភាព ឬ​ភាព​ស្មោះត្រង់​ប្ដូរផ្ដាច់​ជាមួយ​គ្នា​លុះ​អវសាន ក៏​នាំ​គ្នា​ទៅ​ស្បថ​នៅ​ចំពោះ​មុខ​វត្ថុ​ស័ក្តិសិទ្ធិ​ណាមួយ ទើប​អស់ចិត្ត ស្ងប់​អារម្មណ៍ ។

ក្រៅពី​នេះ​ពាក្យ​សម្បថ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ក៏​និយម​ប្រើ​ដែរ ពិសេស​គឺ​នៅ​ពេល​ដែល​គេ​ចូល​កាន់​តំណែង​ដូច​ជា តំណែង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ឬ​តំណែង​តំណាងរាស្ត្រ​ជាដើម​។ ពេល​ខ្លះ​សម្បថ​នេះ ជួនកាល​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផលប្រយោជន៍​នយោបាយ​ផង​ដែរ ។

អ្នកប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​អំពី​ពាក្យ​សម្បថ​នេះ​ថា គឺជា​ជំនឿ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជឿ​ត​ៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ឬ​គេ​ហៅ​ថា ជា​ជំនឿ​អ​រូបិយ​មិន​មាន​ភាព​ប្រាកដប្រជា​ច្បាស់លាស់​អាច​យក​ជា​ការ​បាន​នោះ​ឡើយ ។ ចំណែក​ទ្រឹស្តី​ពុទ្ធសាសនា ព្រះ​អង្គ​អត់​មាន​ពន្យល់​ន័យ​អំពី​សម្បថ​ទេ គឺ​ពន្យល់​តែ​ពី​កម្ម​និង​ផល​យ៉ាង​ច្បាស់លាស់ ។

ទាក់ទង​នឹង​ជំនឿ​លើ​ពាក្យ​សម្បថ​នេះ ព្រះ​តេជគុណ សាន ឧត្តម ចៅអធិការ​វត្ត​រតន​មណី​រង្សី ខេត្តកំពង់ចាម បាន​មាន​ថេរ​ដីកា​ថា រឿង​សម្បថ​នេះ​មិន​មាន​ចែង​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ទេ គឺជា​ជំនឿ​មួយ​របស់​ព្រហ្មញ្ញសាសនា ដែល​បាន​កើត​មាន​តាំងពី​មុន​ពុទ្ធកាល​ទៅ​ទៀត ព្រោះ​សម័យ​នោះ​អត់​មាន​តុលាការ​កាត់ក្ដី​ទេ គឺ​គេ​យកពាក្យ​សម្បថ​ហ្នឹង​ជា​ធំ​ទៅ​វិញ ។

លុះ​សម័យ​ក្រោយ​ៗ​មក​ប្រទេស​ជាតិ​ជឿនលឿន មានច្បាប់ មាន​តុលាការ ក៏​លែងយក​ពាក្យ​សម្បថ​ជា​ធំ គេ​ប្រើ​ច្បាប់ ប្រើ​តុលាការ​ជា​ផ្លូវការ​វិញ​។ ប៉ុន្តែ​ក៏​មិន​អាច​ចោល​សម្បថ​បាន​ដែរ ព្រោះតែ​សម្បថ​នេះ​គឺជា​ទំនៀមទម្លាប់​ចាក់​ជ្រៅ​ទៅ​ក្នុង​បេះដូង​ខ្មែរ​ទៅ​ហើយ ។