យើងដឹងហើយថា ទូទឹកកកត្រូវប្រើភ្លើង២៤ម៉ោងលើ២៤ម៉ោងជាប្រចាំ ដូច្នេះវាពិតជាត្រូវចំណាយភ្លើងច្រើន ។ ប្រសិនបើទូទឹកកករបស់អ្នកមានអាយុកាលលើសពី១៥ឆ្នាំ អ្នកប្រហែលជាត្រូវដូរថ្មីហើយ ដើម្បីទាញយកប្រយោជន៍ពីការសន្សំថាមពលភ្លើង ហើយការចំណាយដំបូងសម្រាប់ទូទឹកកកថ្មី អាចមានតម្លៃថ្លៃ ប៉ុន្ដែមានវិធីមួយចំនួនដែលលោកអ្នកនឹងសន្សំសំចៃថាមពលភ្លើងរយៈពេលវែងបាន ។ ខាងក្រោមនេះ គឺជាវិធីងាយៗមួយចំនួនដែលលោកអ្នកអាចសន្សំសំចៃថាមពលបានច្រើន ។
១-សីតុណ្ហភាព ៖ សីតុណ្ហភាពល្អបំផុតសម្រាប់ប្រតិបត្តិការទូទឹកកក គឺ៥និង-១៨អង្សារសេ ។ នៅរាល់ពេលសីតុណ្ហភាពទូទឹកកកកើនឡើង១អង្សារសេនោះ ថាមពលភ្លើងនឹងកើនបន្ថែមប្រហែល៦%។ ដូច្នេះ ការកំណត់សីតុណ្ហភាពត្រឹមត្រូវ វាអាចជួយសន្សំសំចៃថវិកា ។
២-ទីតាំង គឺសំខាន់ ៖ មិនត្រូវដាក់ទូទឹកកកជាប់នឹងប្រភពកម្តៅដូចជា ចង្ក្រាន ឬចំហាយវិទ្យុសកម្មឡើយ និងចៀសវាងការប៉ះនឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ ។ ម្យ៉ាងទៀត មិនថាទូទឹកកកអាចផ្លាស់ទីបាន ឬនៅមួយកន្លែង ប៉ុន្តែត្រូវប្រាកដថា វាមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកុំឱ្យម៉ាស៊ីន Compressor ដំណើរការរហូត ។
៣-ប្រើប្រាស់ទូទឹកកកអាចចុចចេញទឹក ៖ ជាជាងការបើកទូទឹកកកដើម្បីយកទឹកកក ឬទឹក១ដប ចូរប្រើទូទឹកកកមានលក្ខណៈពិសេស ដែលអាចចុចចេញទឹកមកខាងក្រៅតាមទ្វារ ដើម្បីកាត់បន្ថយការបើកទ្វារ ។ វិធីដ៏សាមញ្ញនេះអាចបង្កើនប្រសិទ្ធភាពរបស់វាយ៉ាងងាយស្រួល និងបង្កើនអាយុនៃការប្រើប្រាស់ផងដែរ ។
៤-ដាក់តែអាហារត្រជាក់ ៖ សូមកុំដាក់ម្ហូបអាហារក្តៅចូលទៅក្នុងនោះឲ្យសោះ ព្រោះវានឹងបង្កើនកំដៅផ្ទៃខាងក្នុង ព្រមទាំងចំណីអាហារផ្សេងទៀត ។ សូមទុកម្ហូបអាហារក្តៅឱ្យត្រជាក់សិន មុននឹងដាក់វាចូលទៅក្នុងទូទឹកកក ។
៥-ពិនិត្យកៅស៊ូជុំវិញទ្វារឱ្យបានទៀងទាត់ ៖ កៅស៊ូនៅជុំវិញទ្វារ គឺប្រើជាតិអុីសូឡង់។ វាការពារការប្រែប្រួលកំដៅរវាងខ្យល់ខាងក្រៅ និងខាងក្នុង ។ ការពិនិត្យកៅស៊ូនេះឲ្យបានទៀងទាត់មានសារសំខាន់ណាស់ដើម្បីធានាថា វារឹងមាំ និងអាចទប់ស្កាត់ខ្យល់បានយ៉ាងល្អ។ ប្រសិនបើវាខូចខាត សូមដូរចេញភ្លាមៗ។ ស្របគ្នានេះដែរ ទ្វាររបស់វាត្រូវបិទជិត ជានិច្ច ៕
ចែករំលែកព័តមាននេះ