ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិក-អ៊ីរ៉ង់ ប្រឈមមុខដាក់គ្នាខ្លាំង ឯប៉ាគីស្ថានដើរតួជាស្ពានការទូតសង្គ្រោះសន្តិភាព

4 ម៉ោង មុន

មជ្ឈិមបូព៌ា៖ ប្រទេសប៉ាគីស្ថានបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដោយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីជំរុញកិច្ចចរចាសន្តិភាព និងសម្របសម្រួលវិរុទ្ធភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ឱ្យដើរទៅមុខលឿនជាងមុន។…

មជ្ឈិមបូព៌ា៖ ប្រទេសប៉ាគីស្ថានបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដោយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីជំរុញកិច្ចចរចាសន្តិភាព និងសម្របសម្រួលវិរុទ្ធភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ឱ្យដើរទៅមុខលឿនជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភានេះ។

ការប្រញាប់ប្រញាល់នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទុកឱសានវាទត្រឹមតែ «ពីរបីថ្ងៃប៉ុណ្ណោះ» ព្រមទាំងបានព្រមានចំៗថានឹងបើកការវាយប្រហារយោធាសាជាថ្មីភ្លាមៗ ប្រសិនបើលោកមិនទទួលបានចម្លើយដ៏ត្រឹមត្រូវណាមួយនោះទេ ព្រោះទីក្រុងវ៉ាស៊ីនតោនមិនអាចបណ្តោយឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍កាន់តែតានតឹងឡើង បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់គឺលោក Ayatollah Mojtaba Khamenei បានចេញបញ្ជាដាច់ខាតមិនឱ្យនាំចេញរ៉ែអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ជិតដល់កម្រិតផលិតអាវុធទៅក្រៅប្រទេសជាដាច់ខាត ដែលនេះជាការបដិសេធចំៗទៅលើលក្ខខណ្ឌចម្បងរបស់អាម៉េរិក។ ស្របពេលជាមួយគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានបន្តគំរាមបកទៅកាន់រដ្ឋការទីក្រុងវ៉ាស៊ីនតោនវិញថា សង្គ្រាមតំបន់នឹងផ្ទុះឡើងឆ្លងផុតពីមជ្ឈិមបូព៌ា ប្រសិនបើអាម៉េរិកហ៊ានធ្វើសកម្មភាពល្ងង់ខ្លៅឈ្លានពានទឹកដីខ្លួនជាថ្មី។

ដោយឡែកចំពោះស្ថានភាពផ្លូវទឹកវិញ អ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តោះអាសន្ន ប៉ុន្តែអនុញ្ញាតឱ្យតែនាវាមកពីប្រទេសជាមិត្តដែលព្រមគោរពតាមលក្ខខណ្ឌ និងការបង់ថ្លៃឆ្លងកាត់ប៉ុណ្ណោះ ដូចជានាវាដឹកប្រេងខ្នាតយក្សរបស់ចិន និងកូរ៉េខាងត្បូងជាដើម ខណៈដែលអាម៉េរិកបានប្រកាសបដិសេធថាមិនអាចទទួលយកលក្ខខណ្ឌកម្រិតផ្លូវទឹកនេះបានឡើយ។ សង្គ្រាមដ៏រ៉ាំរ៉ៃនេះមិនត្រឹមតែបង្កការខូចខាតដល់ជីវិតមនុស្សរាប់ពាន់នាក់នៅអ៊ីរ៉ង់ និងលីបង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់លោក ត្រាំ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ ព្រោះតែបញ្ហាតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់ដែលកំពុងយាយីសេដ្ឋកិច្ចអាម៉េរិកផ្ទាល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ