ខេត្តក្រចេះ ៖ ក្រុមហ៊ុនកូរ៉េកិនម្សៅដំឡូងមី បានបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលការជះក្លិនស្អុយពីកាកសំណល់ដំឡូង ដែលបានសាយភាយស្ទើរពេញក្នុងខេត្ត និងស្ទើរតែមិនអាចដក ដង្ហើមបានមិនទាន់បានធូរស្រាលផងនោះ ស្រាប់តែការបំពុលបរិស្ថានដោយការបង្ហូរកាកសំណល់ចូលក្នុងទឹកអូរបឹង ព្រែក បានកើតមានឡើងធ្វើឱ្យត្រីតូច-ធំគ្រប់ប្រភេទពុលងាប់អណ្តែតពេញទឹក ។

ពលរដ្ឋរស់នៅក្នុងក្រុងក្រចេះបាននិយាយថា ត្រីទាំងតូចទាំងធំគ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកអូរ បឹង ព្រែកជាប់តំបន់ជុំវិញក្រុមហ៊ុន កិនម្សៅដំឡូងមីរបស់ក្រុមហ៊ុនកូរ៉េយីហោសិងសុង ក្នុងក្រុងក្រចេះ និងនៅស្រុកចិត្របុរី បានជួបស្ថានភាពពុលងាប់អណ្តែតពេញផ្ទៃទឹក ។ ស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរទៅៗក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ ។

ពលរដ្ឋនិយាយថា ស្ថានភាពពុលងាប់ត្រីនេះ បានកើតមានកាន់តែធ្ងន់ធ្ងរនៅថ្ងៃទី១៧ កុម្ភៈ ។ ដោយពួកគាត់សន្និដ្ឋានថា ការពុលងាប់ត្រីទាំងនេះ កើតមានឡើងដោយសារការពុល កាកសំណល់របស់ក្រុមហ៊ុនកូរ៉េកិនម្សៅដំឡូងមី ដែលបានបង្ហូរចូលក្នុងដៃព្រែកអូរ និងបឹងដោយសារទឹកមានសភាពល្អក់់ថែមទាំងមានក្លិនស្អុយទៀតផង ។

ស្ថានភាពត្រីពុលបែបនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពរបស់ពួកគាត់ ក៏ដូចជាសត្វពាហនៈផងដែរ ដែលសព្វថ្ងៃបានពឹងផ្អែកលើទឹកបឹង ព្រែក និងទឹកអូរ ។ ពួកគាត់បានអំពាវ ឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ជាបន្ទាន់ និងស្តារស្ថានភាពនេះឱ្យមានប្រក្រតីឡើងវិញ ។ ការពុលនេះ ក៏ត្រូវបានពលរដ្ឋដែលរស់នៅតំបន់ជុំវិញរោងចក្រកិនម្សៅដំឡូងមីដ៏មួយនេះនិយាយថា បានកើតមានឡើងក្រោយពីក្រុមហ៊ុនកិនយកម្សៅដំឡូងបានចាប់ផ្តើមដំណើរការឡើងវិញ ។

ព្រោះកន្លងមក ក្រុមហ៊ុនកិនម្សៅដំឡូងនេះបានផ្អាកដំណើរការរយៈពេលជាច្រើនខែ ក្រោយពីជួបបញ្ហាបច្ចេកទេស ដោយសារធុំក្លិនស្អុយយ៉ាងខ្លាំងពីកាកសំណល់ដំឡូង បានជះក្លិនស្អុយគ្របដណ្តប់ទូទាំងទីរួមខេត្ត ហើយអាជ្ញាធរបានចុះទៅពិនិត្យមើលដល់ទីតាំងក្រុមហ៊ុន និងស្នើឲ្យក្រុមហ៊ុនផ្អាកសកម្មភាព ដើម្បីកែច្នៃប្រព័ន្ធកាកសំណល់ឲ្យបានត្រឹមត្រូវមុនចាប់ផ្តើមដំណើរការឡើងវិញ ។

ជាមួយនឹងការស្ថានភាពការពុលត្រីក្នុងទឹកបឹង ព្រែក អូរ ដែលពលរដ្ឋនិយាយថា ពុំធ្លាប់មាននេះ ក៏មានការភ្ញាក់ផ្អើល ធ្វើឲ្យពលរដ្ឋខ្លះបានម្នីម្នាទៅដងជញ្ជាត់យកត្រីទាំងនោះយកមកទទួលទាន ។ ជាមួយគ្នានោះដែរ ក្រុមមន្ត្រីជំនាញក៏បានចុះទៅពិនិត្យមើលនិងបាន ហាមប្រាមពលរដ្ឋមិនឲ្យយកត្រីពុលទាំងនោះមកទទួលទាននោះទេ ដោយខ្លាចប៉ះពាល់ដល់ សុខភាពរបស់ពួកគាត់។

អភិបាលរងក្រុងក្រចេះ លោក សេង ភីណា ដែលបានចុះទៅពិនិត្យមើលស្ថានភាពពុលត្រី ដែលអណ្តែតងាប់ពេញក្នុងទឹកបឹងនៅក្រុងក្រចេះ បានអះអាងប្រាប់ពលរដ្ឋថា អាជ្ញាធរនិងយកទឹកនេះទៅធ្វើការពិសោធន៍ដើម្បីរកពីមូលហេតុដែលបណ្តាលឲ្យត្រីពុលងាប់ក្នុងទឹកនេះ ៕

ចែករំលែកព័តមាននេះ