ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី ប្រកាស​ថា មុខរបរ​លក់​ទំនិញ​​តាម​អន​ឡាញ​មិន​ប៉ះពាល់​អាជីព​កីឡា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមាណ​មួយ​ខែ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​កីឡាការិនី​ស៊ន សៀវ​ម៉ី បង្ហាញ​សកម្មភាព​កាន់តែ​ខ្លាំង​ក្នុង​អាជីព​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​នៅ​លើ​អន​ឡាញ ។ នាង​ត្រូវ​គេ​ឃើញ​ចំណាយពេល​ឃោសនា​លក់​ផង ឡើង​ទៅ​យក​ទំនិញ​ផង និង​ដឹក​យក​ទៅ​ឱ្យ​ភ្ញៀវ​ដោយ​ខ្លួនឯង​ផង…

រាជធានី​ភ្នំពេញ ៖ ប្រមាណ​មួយ​ខែ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​កីឡាការិនី​ស៊ន សៀវ​ម៉ី បង្ហាញ​សកម្មភាព​កាន់តែ​ខ្លាំង​ក្នុង​អាជីព​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​នៅ​លើ​អន​ឡាញ ។ នាង​ត្រូវ​គេ​ឃើញ​ចំណាយពេល​ឃោសនា​លក់​ផង ឡើង​ទៅ​យក​ទំនិញ​ផង និង​ដឹក​យក​ទៅ​ឱ្យ​ភ្ញៀវ​ដោយ​ខ្លួនឯង​ផង តែ​បែរជា​អះអាង​ថា មិន​មានការ​ប៉ះពាល់​នឹង​អាជីព​កីឡា តេ​ក្វា​ន់​ដូ​ដែល​ជួយ​ឱ្យ​នាង​ផ្លាស់​ប្ដូរជីវិត​ស្ទើរ​ទាំងស្រុង​ទៅ​វិញ​។

កញ្ញា ស៊ន សៀវ​ម៉ី និយាយ​ថា កញ្ញា​សម្រេចចិត្ត​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​រួម​មាន​ផលិតផល​លាបមុខ ថែរក្សា​មុខ និង​ថ្នាំ​សម្រក​ទម្ងន់​ជាដើម​ប្រមាណ​ជា​១​ខែ​មក​ហើយ ដោយ​ក្នុង​មួយ​ខែ​ចាប់តាំងពី​នាង​បើក​លក់​នេះ នាង​រក​ចំណូល​បាន​មិន​ក្រោម​៤​ទៅ​៥​ពាន់​ដុល្លារ​នោះ​ទេ ក្នុង​ពេល​ដែល​នាង​ផ្សាយ​លក់​កន្លង​មក ក៏​មិន​ទាន់​គ្រប់មុខ​ទំនិញ និង​គ្រាន់តែ​ជា​ការ​ប្រកាស​លក់​សាកល្បង​នៅឡើយ​។

កញ្ញា​ថា ខ្លួន​លក់ដាច់​ខ្លាំង​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃ​ផលិតផល​ដែល​នាង​ប្រកាស​លក់​ស្ទើរ​មិន​សល់​សម្រាប់​បំពេញតម្រូវការ​ឡើយ ។ ជាក់ស្ដែង​ផលិតផល​សម្រក​ទម្ងន់ និង​ថែរក្សា​ស្បែក​ស្ទើរ​គ្រប់មុខ​ដែល​នាង​យក​មក​ផ្សាយ គឺ​នាង​លក់​អស់​គ្មាន​សល់ ខណៈ​ថ្ងៃ​ខ្លះ​មិន​មាន​ទំនិញ​ដើម្បី​ដាក់​ផ្សាយ​លក់​ផង ។ គ្រប់មុខ​ទំនិញ​ទាំងអស់​នាង​ថា មិន​បាន​ឡើង​ទៅ​ទិញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ប៉ុន្តែ​នាង​មាន​ទំនាក់ទំនង​ក្នុង​ការ​កុម្ម៉ង់​ទិញ ដោយ​នាង​គ្រាន់តែ​កុម្ម៉ង់​ថា​យក​របស់​នេះ​របស់​នោះ ហើយ​តម្រូវ​ឱ្យ​វេច​ខ្ចប់​ដាក់​ស្លាក​យីហោ​បែប​នេះ​បែប​នោះ គឺ​គ្រប់គ្រាន់​ហើយ​។

ក្នុង​រយៈពេល​មួយ​ខែ តាំងពី​បើក​ដំណើរការ​នាង​ថា​បាន​ឡើង​ទៅ​មើល​ទំនិញ​តែ​ម្ដង​ពីរ​ដង​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ ដោយ​ការ​ត្រួតពិនិត្យ​ក៏​ទៅ​តែ​មួយ​ភ្លែត​ៗ ព្រោះ​មុខទំនិញ​ដែល​នាង​កុម្ម៉ង់​ទិញ គឺ​អាច​មើល​តាម​រូបថត​ឆ្លង​ឆ្លើយ​គ្នា​បាន មិនបាច់​ទៅ​មើល​ផ្ទាល់​ក៏​បាន ។ នាង​ថា មុខរបរ​លក់​តាម​អន​ឡាញ​ដ្បិតថា មិន​ត្រូវ​នឹង​បទ​ពិសោធន៍​ក្នុង​ពេល​ដែល​នាង​ប្រឡូក​តែ​ការងារ​កីឡា ប៉ុន្តែ​មិន​មាន​ផលវិបាក​សម្រាប់​រូប​នាង​នោះ​ទេ ដោយសារ​តែ​នាង​ក៏​ចេះ​របៀប​ផ្សាយ​លក់ និង​ជា​មនុស្ស​ចូល​ចិត្ត​តែងខ្លួន និង​សម្រក​រាង ដែល​មិន​ពិបាក​ឱ្យ​នាង​ឃោសនា​ដើម្បី​ឱ្យ​អតិថិជន​ជឿជាក់ ។

មុខរបរ​លក់ទំនិញ​តាម​អន​ឡាញ​ដែល​នាង​បើក​លក់​នេះ នាង​គ្មាន​គម្រោង​ជួល​ផ្ទះ​បើក​ជា​ហាង​នោះ​ទេ ដោយសារ​តែ​នាង​យល់​ថា ខ្លួន​មិន​ទាន់​ទំនេរ​គ្រប់គ្រាន់ និង​ថា​ត្រឹម​លក់​តាម​អន​ឡាញ ក៏​រក​ចំណូល​បាន​សមប្រកប​ហើយ ។ នាង​ថា ហេតុ​ផល​ដែល​នាង​សម្រេចចិត្ត​ប្រកាស​លក់​ផលិតផល​លើ​អន​ឡាញ​នេះ ក៏​ព្រោះតែ​ពេល​កន្លង​មក​នាង​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ខ្លួនឯង និង​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​ខ្លួនឯង ហើយ​ឃើញ​ថា​ល្អ​ទើប​សម្រេចចិត្ត​កុម្ម៉ង់​យក​មក​លក់​តែ​ម្ដង ទាន់​ពេល​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​មានការ​គាំទ្រ​។

ស៊ន សៀវ​ម៉ី បន្ត​ថា អាជីព​លក់ទំនិញ​តាម អន​ឡាញ មិន​ប៉ះពាល់​ការងារ​របស់​នាង​ដែល​ជា​កីឡាការិនី​តេ​ក្វា​ន់​ដូ​នោះ​ទេ ដោយសារ​តែ​នាង​ផ្សាយ​លក់ និង​ដឹក​អីវ៉ាន់​ឱ្យ​ម៉ូយ​រាល់ថ្ងៃ ក៏​ជ្រែ​តែ​ចំ​ម៉ោង​ទំនេរ និង​ថ្ងៃ​មិន​រវល់​ក្នុង​ការ​ហ្វឹកហាត់​។

ជាក់ស្ដែង​ក្នុង​មួយ​ថ្ងៃ​នាង​ត្រូវ​ចំណាយពេល​ហ្វឹកហាត់​២​ម៉ោង​កន្លះ​រាល់​ល្ងាច គឺ​នាង​នៅ​តែ​ទៅ​ហាត់​ជា​ប្រចាំ បើ​ទោះជា​ក្នុង​ពេល​នេះ​មិន​ទាន់​មានការ​ប្រកួត​ណាមួយ​ក្ដី ។ នាង​ហ្វឹកហាត់​បែប​នេះ ដើម្បី​ឱ្យ​ទម្ងន់ និង​រាង​កាយ​នៅ​តែ​ស្ទុះ និង​រហ័សរហួន ដោយ​ក្នុង​អំឡុង​ខែ​៥ និង​ខែ​៧​ជាដើម គឺ​នាង​នឹង​ត្រូវ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ក្នុង​ប្រទេស​មួយ​ដែល​មិន​ទាន់​ច្បាស់​នៅឡើយ ដើម្បី​ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក​សម្រាប់​តេ​ក្វា​ន់​ដូ ។

កញ្ញា​ថា នៅ​ក្នុង​ពេល​នេះ នាង​ហាត់​តែ​មួយ​ពេល និង​ម្ដង​២​ម៉ោង​កន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ គឺ​នាង​នឹង​ហ្វឹកហាត់​មួយ​ថ្ងៃ​២​ពេល ដែល​នាង​ប្រកាស​ថា នឹង​ទុក​ការងារ​លក់ទំនិញ​តាម​អន​ឡាញ​ចោល​ហើយ​ហ្វឹកហាត់​ឱ្យ​ដិត​ដល់ ។ ទោះជា​មុខរបរ​អន​ឡាញ​អាច​រក​ចំណូល​បាន​ច្រើន ក៏​នាង​មិន​ចោល​តេ​ក្វា​ន់​ដូ មក​លក់​ផ្ដាច់មុខ​នោះ​ដែរ ប៉ុន្តែ​នាង​នឹង​ចាប់​អាជីព​អន​ឡាញ​ឱ្យ​ពេញទំហឹង នៅ​ពេល​អាជីព​តេ​ក្វា​ន់​ដូ ត្រូវ​នាង​សម្រេចចិត្ត​បោះចោល​នៅ​២​ឆ្នាំ​ក្រោយ ។

នាង​ថា មិនមែន​ជា​រឿង​ខ្មាស​អៀន​នោះ​ទេ ដែល​កីឡាការិនី​លំដាប់​ជាតិ​ម្នាក់ ទៅ​លក់​ផលិតផល​នៅ​តាម​អន​ឡាញ ដែល​ផ្ទុយ​ពី​កីឡា​រិ​នី​ល្បី​ស្រុក​គេ​ដេក​ស៊ី ។ ផ្ទុយ​ទៅ​វិញ គឺ​បែរជា​ធ្វើ​ឱ្យ​នាង​កាន់តែ​មាន​លំនឹង​ក្នុង​ការ​តស៊ូ និង​មិន​ពិបាក​នៅ​ពេល​អាជីព​ទាំងមូល​កាន់តែ​បោះ​ជំហាន​ទៅ​មុខ​។ ជាក់ស្ដែង មិត្តភក្តិ​ជន​បរទេស​របស់​នាង ដែល​ឃើញ​នាង​ផ្សាយ​លក់​ផលិតផល​មិន​តិច​នាក់​ទេ បាន​បង្ហាញ​ការ​អបអរ​ក្នុង​ពេល​ឃើញ​ទី​ផ្សារ​លក់​ផលិតផល​តាម​អន​ឡាញ​របស់​នាង​ទទួល​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ