យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពិសាទឹកឪឡឹកក្រឡុកជាពិសេសក្រោយការហាត់ប្រាណរួច អាចកាត់បន្ថយការរលាកសាច់ដុំ ។ អត្ថប្រយោជន៍បែបនេះ ពីព្រោះនៅក្នុងផ្លែឪឡឹកត្រូវគេរកឃើញថា មានផ្ទុកសារធាតុគីមីកកើតពីធម្មជាតិជាអាមីណូអាស៊ីដឈ្មោះ L-citrulline ។ បន្ថែមពីលើនេះទៀតL-citrulline មានប្រសិទ្ធភាពជួយធ្វើឱ្យរបួសផ្សេងៗរបស់អ្នកលេងកីឡាឆាប់ជាសះស្បើយក៏ដូចជាជួយបង្កើនកម្លាំងប្រកួតដល់កីឡាករ-កីឡាការិនីផងដែរ ។
ទឹកឪឡឹកក្រឡុកទទួលបានការពេញនិយមពីសំណាក់អ្នកលេងកីឡាជាយូរមកហើយ ។ ប៉ុន្តែ យ៉ាងណាក៏ដោយ នេះទើបជាលើកទី១ប៉ុណ្ណោះដែលអ្នកវិទ្យាសាស្ត្របានពិនិត្យវិភាគលើប្រសិទ្ធភាពរបស់វា ។ ក្នុងរបាយការណ៍សិក្សាដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រគីមីសាស្ត្រផ្នែកកសិកម្មនិងចំណីអាហារ ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ការសិក្សាបានរកឃើញថា ទឹកក្រឡុកឪឡឹកមានផ្ទុកសមាសធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលមានសក្តានុពលជួយបង្កើនប្រូតេអុីនសាច់ដុំក៏ដូចជាបង្កើនកម្លាំងប្រកួតសម្រាប់អត្តពលិក ។
ការសិក្សាដែលដឹកនាំដោយសាស្ត្រចារ្យ Encarna Aguayo មកពីសាសកលវិទ្យាល័យ Technical University of Cartagena ប្រទេសអេស្ប៉ាញបានធ្វើតេសដោយការប្រៀបធៀបប្រសិទ្ធភាពទឹកក្រឡុកឪឡឹកមានផ្ទុកសមាសធាតុ L-citrulline ទៅនឹងទឹកភេសជ្ជៈផ្សេងដែលគ្មាន L-citrulline ។ ឯអ្នកដែលស្ម័គ្រចិត្តចូលរួមការពិសោធត្រូវគេតម្រូវឱ្យពិសាភេសជ្ជៈខុសគ្នាទាំង២មុខនេះ១ម៉ោងមុនហាត់ប្រាណ ។ ជាលទ្ធផលបានបង្ហាញថា ក្រុមដែលពិសាទឹកក្រឡុកឪឡឹកផ្ទុកសារធាតុ L-citrulline អត្រាប្រឈមនឹងការរលាកសាច់ដុំគឺថយចុះច្រើន ។ ប្រសិទ្ធភាពនេះ ក៏ព្រោះសមាសធាតុគីមីកើតពីធម្មជាតិ(Lcitrulline )ជួយបង្កើនល្បឿននិតិវិធីនៃដំណើរការផ្លាស់ប្តូរអាស៊ីដឡាក់ទិក ។ ការប្រមូលផ្តុំអាស៊ីដនេះច្រើនក្នុងរាងកាយអាចបណ្តាលឱ្យសាច់ដុំទាំងឡាយរលាក ។
ដោយឡែក ការសិក្សាមួយកាលពីលើកមុនដោយអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកបានរកឃើញថា ពិសាផ្លែឪឡឹកអាចជួយទប់ស្កាត់ជំងឺបេះដូង ដោយវាបានជួយរំលាយចោលដុំខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ។ ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Purdue Universityរបស់សហរដ្ឋអាមេរិកនេះបានអះអាងទៀតថា ការទទួលទានឪឡឹកទៀងទាត់ជួយទប់ស្កាត់ការឡើងទម្ងន់ និងកាត់បន្ថយវត្តមានខ្លាញ់ក្នុងសរសៃឈាម ៕
ចែករំលែកព័តមាននេះ