ខេត្តព្រៃវែង ៖ បើទោះបីជាស្រូវប្រាំងរាប់រយហិកតារបស់ប្រជាកសិករនៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង កំពុងតែលូតលាស់ខៀវស្រង៉ាត់ក្តីក៏ប៉ុន្តែម្ចាស់ស្រែទាំងនោះបែរជាមានទឹកមុខក្រៀមស្រពោន ហើយបានរៀបរាប់ទាំងក្តីកង្វល់ថា ពួកគាត់បារម្មណ៌ណាស់ ខ្លាចខ្វះទឹកនៅចុងរដូវ ព្រោះពេលនេះបឹងត្រាំងដែលជាប្រភពផ្គត់ផ្គង់ទឹកបានចាប់ផ្តើមរីងជាបណ្តើរៗហើយ ។
ប្រជាកសិករដែលធ្វើស្រូវប្រាំងនៅជុំវិញបឹងត្រាំង ក្នុងឃុំមេសរប្រចាន់ បានអោយដឹងថា ការធ្វើស្រូវប្រាំងនេះ ពួកគាត់ធ្វើទាំងផ្សងព្រេងនោះទេ ព្រោះតំបន់របស់ពួកគាត់គ្មានប្រឡាយទឹកឬប្រព័ន្ធធារាសាស្ត្រអ្វីនោះទេ រាល់ៗឆ្នាំស្រូវរដូវវស្សាធ្វើពឹងលើមេឃ ឯស្រូវរដូវប្រាំងនេះគឺធ្វើពឹងលើទឹកបឹងត្រាំង ប៉ុន្តែបឹងនេះឆាប់រីងណាស់ ហើយឥឡូវនេះទឹកចាប់ផ្តើមរីងជាបណ្តើរៗហើយ ខណៈពេលដែលស្រូវរបស់ពួកគាត់ ទើបតែចេញផុតពីដីបាន២តឹកប៉ុណ្ណោះ ដូច្នេះហើយទើបពួកគាត់ព្រួយបារម្ភខ្លាចអស់ទឹកនៅចុងរដូវ ។
កសិករទាំងនោះបានបញ្ជាក់ថា បើចុងរដូវនេះទឹកបឹងរីងអស់ ពួកគាត់ត្រូវដាក់ម៉ាស៊ីនខ្យល់បុកអណ្តូងចំណាយលុយច្រើន ច្បាស់ជាមិនចំណេញទេ គឺអាចខាតដើមថែមទៀត ព្រោះពេលនេះតម្លៃស្រូវនៅលើទីផ្សារចុះថោកខ្លាំងណាស់ ។
ប៉ុន្តែបើអាជ្ញាធរជួយដោះស្រាយររឿងប្រភពទឹកនេះបានគឺពួកគាត់ច្បាស់ជាមានសង្ឃឹមច្រើន ដូច្នេះហើយទើបពួកគាត់ សំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ សូមជួយដោះស្រាយបញ្ហាពួកគាត់ផង ជាពិសេសប្រព័ន្ធធារាសាស្ត្រប្រឡាយមេ បើមិនបានឆ្នាំនេះ ក៏សូមអោយបានឆ្នាំក្រោយផង តែប៉ុណ្ណឹងពួកគាត់សប្បាយចិត្តហើយ ។
ចំពោះទុក្ខកង្វល់របស់ប្រជាកសិករ រឿងកង្វះទឹកធ្វើស្រូវប្រាំងនេះលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានអោយដឹងថា ដីស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅក្នុងឃុំមេសរប្រចាន់នេះ គឺពិតជាពុំមានប្រភពទឹកគ្រប់គ្រាន់មែន ហើយលោកបានធ្វើសំណើរ ទៅក្រស្រួងហើយ ដើម្បីជីកប្រឡាយមេជូនដល់ពួកគាត់ហើយខាងក្រសួងក៏ទទួលយកសំណើរហើយដែរ ប៉ុន្តែការជាប់គាំងមកដល់ពេលនេះដោយសារតែកញ្ចប់ថវិការមិនទាន់ធ្លាប់មក ៕
ចែករំលែកព័តមាននេះ