ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ជារៀងរាល់ឆ្នាំ អំពីតួលេខនៃអត្រាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសដែលបានវាយតម្លៃថា ជាមធ្យមមានពលរដ្ឋស្លាប់ចំនួន៥នាក់ ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ច្បាប់ចរាចរណ៍ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ ពីស្រាលទៅធ្ងន់ ក្នុងន័យរឹតបន្ដឹង និងក្នុងគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត ឬការគោរពច្បាប់នេះ ។

ជាមួយនឹងការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ កន្លងមក គណ:បញ្ជាការកងឯកភាពខេត្តបាត់ដំបង បានចេញសារាចរណ៍ណែនាំ ហាមដាច់ខាតមិនអនុញាតឲ្យរថយន្តធុនធ្ងន់ដឹកទំនិញសំពីងសំពោងចូលក្នុងក្រុងបាត់ដំបងឡើយ ចៀសវាងការបាត់បង់សណ្ដាប់ធ្នាប់ បង្កការកកស្ទះ និងបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ ។ ជាមួយនឹងសារាចរណ៍នេះ គេពិនិត្យឃើញកម្លាំងនគរបាលចរាចរណ៍ខេត្ត បានដាក់ពង្រាយតាមគោលដៅនានាបណ្ដាក់គ្នាដូចខ្យង ដើម្បីអនុវត្តនូវសារាចរណ៍នេះ ។
ប៉ុន្តែទីបំផុត គេឃើញរថយន្តប្រភេទនេះ បើកចូលលុកលុយទាក់ខ្សែភ្លើង ដាច់រញ៉េរញ៉ៃពេញក្រុង ស្ទើររាល់ថ្ងៃ…។ តើហេតុអ្វី..? ឬដោយសារតែលោកប្រាក់..? បើនិយាយពីកម្លាំងនគរបាលចរាចរណ៍ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវនានា នៅក្នុងក្រុងបាត់ដំបងនាបច្ចុប្បន្ននេះវិញ គឺកំពុងត្រូវបានមហាជននិយាយដើមបែកផ្សែងតាមតុកាហ្វេពីរឿងផាក«មួក និងកញ្ចក់»យកលុយ តែមិនចេញសន្លឹកប័ណ្ណផាកពិន័យ។ តើហេតុអ្វី..?

ច្បាប់ចរាចរណ៍មិនតម្រូវឲ្យមន្ត្រីចាប់ផាកពិន័យអ្នកដែលប្រព្រឹត្តខុសនៅនឹងកន្លែងគោលដៅទេ គឺតម្រូវឲ្យមន្ត្រីជំនាញចេញប័ណ្ណផាកពិន័យប្រគល់ឲ្យទៅសាមីខ្លួន ដើម្បីយកទៅបង់ថ្លៃពិន័យដោយខ្លួនឯងនៅការិយាល័យចរាចរណ៍ខេត្តតាមកាលកំណត់។ ប៉ុន្តែច្បាប់នេះ គេសង្កេតឃើញមន្ត្រីជំនាញនាំគ្នាគោរព ឬអនុវត្តបានតែមួយចំអិនកំពឹសប៉ុណ្ណោះ ទីបំផុត ក្រុមមន្ត្រីទាំងនោះ ប្រើល្បិច«ត្រីងៀតឆ្លៀតពង» គឺធ្វើការផាកពិន័យនៅនឹងគោលដៅដដែល ហើយថែមទាំងមិនចេញសន្លឹកប័ណ្ណផាកពិន័យទៀតផង គឺមានតិចតួចណាស់ ដែលចេញប័ណ្ណផាកពិន័យឱ្យសាមីខ្លួន កាន់យកទៅបង់នៅការិយាល័យចរាចរណ៍ ។ តើហេតុអ្វី..?
បើពិនិត្យលើសកម្មភាពនៃការអនុវត្តច្បាប់ជាក់ស្ដែងរបស់មន្ត្រីចរាចរណ៍សព្វថ្ងៃនេះ មួយថ្ងៃៗគេឮតែស្នូរលំឡេង កញ្ចែរក្បែរក្បាលស្ពាន ឬតាមគោលដៅនានា លាន់ទ្រហឹងនៅក្នុងក្រុងស្ទើរខ្សោះខ្យល់ ។ តាមរយៈស្នូរកញ្ចែលាន់កងរំពង មិនស្រាកស្រាន្តនេះសបញ្ជាក់ឱ្យឃើញថា សមត្ថកិច្ចហាក់មមារញឹកខ្លាំងណាស់ ក្នុងការស្ទាក់ចាប់អ្នកដែលបំពានច្បាប់ចរាចរណ៍ ។ ប៉ុន្តែបែរជាមានអ្នកប្រព្រឹត្តខុសតិចតូចបំផុតដែលកាន់សន្លឹកប័ណ្ណផាកពិន័យយកលុយទៅបង់នៅការិយាល័យចរាចរណ៍ ឬថ្ងៃខ្លះស្ទើរតែគ្មានអ្នកប្រព្រឹត្តខុសច្បាប់សោះតែម្ដង ។ បើទោះជាគេសង្កេតឃើញអ្នកមិនគោរពច្បាប់ច្រើនស្អេកស្កះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លុំកញ្ចែបញ្ឈប់នៅគោលដៅក្ដី ។ តើហេតុអ្វី.?

តើសកម្មភាពរបស់កម្លាំងនគរបាលចរាចរណ៍ខាងលើនេះ អាចចាត់ទុកថា ជាការអនុវត្តដោយមិនស្របច្បាប់ដែរឬទេ.? តើពួកគេកំពុងប្រើល្បិច«ត្រីងៀតឆ្លៀតពង» ដោយជ្រកក្រោមស្លាកចុះអនុវត្តច្បាប់ចរាចរណ៍ ឬយ៉ាងណា..?
ចុះបើមន្ត្រីអនុវត្តច្បាប់បន្លំបំពានច្បាប់បែបនេះ តើការប្រឹងប្រែងធ្វើកំណែទម្រង់ច្បាប់ចរាចរណ៍ ដើម្បីក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានដោយរបៀបណា.? ប្រហែលច្បាប់ស្រេចតែនៅលើបបូរមាត់អស់លោកមន្ត្រីជាអ្នកថាហើយ ៕
ចែករំលែកព័តមាននេះ