ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​ឆ្នាំ​2019 ​​មិន​ទាន់​ឡើង​ដូច​ប្រាក់ខែ​មន្ត្រី​រាជ​ការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ ២០១៩​នេះ ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ ប្រដាល់​កម្ពុជា​ទាំង​ឡើង​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ហាក់​នៅ​ទ្រឹង​មិន​ទាន់​ឡើង​ដូច ប្រាក់ខែ​មន្ត្រីរាជការ​នោះ​ទេ បើ​ធៀប​ទៅ​នឹង ឆ្នាំ​២០១៨​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ ២០១៩​នេះ ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ ប្រដាល់​កម្ពុជា​ទាំង​ឡើង​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ហាក់​នៅ​ទ្រឹង​មិន​ទាន់​ឡើង​ដូច ប្រាក់ខែ​មន្ត្រីរាជការ​នោះ​ទេ បើ​ធៀប​ទៅ​នឹង
ឆ្នាំ​២០១៨​កន្លង​ទៅ ។ បើ​ទោះជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន កំពុង​តែ​មាន​តម្រូវ ការ​ខ្លាំង​ទាំង​បរិ​មាណ និង​គុណភាព ធ្វើ​ឲ្យ ទីផ្សារ​ប្រកួត​របស់​កីឡាករ​កម្ពុជា​ជា​ពិសេស​កីឡាករ​ឆ្នើម​ៗ​កាលពី​ឆ្នាំ​២០១៨​មានការ​កើន​ ឡើង​តម្លៃ​ខ្លួន​ខ្ពស់ ក៏​មក​ដល់​ឆ្នាំ​២០១៩​នេះ​គេ មិន​ទាន់​ឃើញ​តម្រុយ​នៃ​ការ​កើនឡើង​ដូច​កាលពី​ឆ្នាំ​កន្លង​ទៅ​ទេ ។

កីឡាករ​កម្ពុជា​ឆ្នើម​ៗ​ទទួល​បាន តម្លៃ​ខ្លួន​ក្នុង​ការ​ឡើង​ប្រកួត​១​លើក​ពី​៥០០​ដល់​ជិត​១០០០​ដុល្លារ​ខណៈ​ដែល​តម្រូវការ​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​ឯកជន​មក​ដល់​ពេល​នេះ​មិន​តិច​ជាង​៥​ស្ថានីយ​នោះ​ឡើយ ហើយ​មាន​គូប្រកួត​លក្ខណៈ​អន្តរជាតិ​ក៏​មិន​តិច​ជាង​២០​គូ​ក្នុង​១​ស​ប្តា​ហ៍​ផង​ដែរ​។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​CBS(​ស៊ីធី​អិន​,​ស៊ី​អិន​ស៊ី និង​MyTV) បាន​ឱ្យ​ដឹង​ថា តម្លៃ​ខ្លួន​កីឡាករ​គិត​ចាប់ពី​ឆ្នាំ​២០១៨​មក​ដល់​ពេល​នេះ​សម្រាប់​ការ​ឡើង​ប្រកួត​ម្ដង​ៗ​នៅ​​សង្វៀន​ទូរទស្សន៍​លោក​គឺ​បាន​ច្រើន​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្ងាយ​ណាស់ ។ លោក​ថា តម្លៃ​ខ្លួន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​វា​អាស្រ័យ​ទៅ​លើ​កីឡាករ​ល្បី​និង​មិន​ល្បី​ប៉ុណ្ណោះ ។ បើ​កីឡាករ​មិនសូវ​ល្បី​បាន​ត្រឹម​៣០០​ដុល្លារ បើ​ល្បី​ល្មម​បាន​៤០០​ដុល្លារ ហើយ​បើ​ល្បី​ខ្លាំង​បាន​ដល់​៥០០​ដុល្លារ​គ្រាន់តែ​ចំណាយពេល​មិន​ដល់​កន្លះ​ម៉ោង​ផង​នោះ ។

នេះ​គ្រាន់តែ​ជា​គូ​មិត្តភាព​ប៉ុណ្ណោះ តែបើ​គូ​ដណ្ដើម​ខ្សែក្រវាត់​វិញ​បើ​ទោះជា​តម្លៃ​ខ្លួន​នៅ​ដដែល​ប៉ុន្តែ​ដល់​ពេល​ប្រកួត​បាន​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​គឺ​ប្រាក់​រង្វាន់​ត្រូវ​បាន​ផ្ដល់​បន្ថែម​ពីលើ​ប្រាក់​តម្លៃ​ខ្លួន​ដល់​ខ្ទង់ពាន់​ដុល្លារ​ថែម​ទៀត ។ ចំណែក​ប្រាក់​តម្លៃ​ខ្លួន​គូប្រកួត​មិត្តភាព​ខ្មែរ​គ្នា​ឯង​វិញ​ក៏​គិត​ទៅ​តាម​កីឡា​ករ​ល្បី​និង​មិន​ល្បី​ដូច​គ្នា ។ បើ​គូ​បើក​ឆាក​ក្មេង​ៗ​មិន​ទាន់​ចេះ​វាយ​ច្បាស់លាស់ ទទួល​បាន​ចាប់ពី​១៥​ម៉ឺន​រៀល​ដល់​២០​ម៉ឺន​រៀល ក្នុង​ពេល​កីឡាករ​ចាស់​ៗ​ធ្លាប់​ប្រកួត​ច្រើន​ដង​មាន​គេ​ចាប់អារម្មណ៍​ច្រើន​ទទួល​បាន​ចាប់ពី​៣៥​ម៉ឺន​រៀល​ដល់​ជាង​៤០​ម៉ឺន​រៀល ។

ចំណែក​សង្វៀន​ស្ថានីយទូរទស្សន៍​ដទៃ​ទៀត​មាន​ដូច​ជា​ប៉ុស្តិ៍​លេខ​៥​និង​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​ជាដើម​នោះ តាម​ដែល​គេ​ធ្លាប់​ដឹង​ក៏​មិន​លើស​គ្នា​ប៉ុន្មាន​នោះ​ដែរ ។ លោក ម៉ា ស៊ី​ថេ​ត បញ្ជាក់​ថា មាន​ស្ថានីយ​ទូរទស្សន៍​ខ្លះ​ក៏​មិន​បង្ហាញ​តួលេខ​ពិតប្រាកដ​នោះ​ដែរ​គ្រាន់តែ​និយាយ​ថា​មិន​ខុស​គ្នា​នោះ​ទេ ហើយ​តែង​និយាយ​ថា វា​អាស្រ័យ​ទៅ​លើ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជា​អ្នក​កំណត់​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​បាន​នៅ​តាម​ស្ថានីយទូរទស្សន៍​ទាំងអស់​មានការ​ប្រកួត​​ប្រជែង​ដណ្តើម​កីឡាករ​ល្បី​រៀង​ៗ​ខ្លួន​ដោយ​គ្មាន​តម្លាភាព និង​ស្មើភាព​គ្នា ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​កាន់តែ​ឡើង​ខ្ពស់ និង​មាន​បន្ថែម​លុយ​ក្រោម​តុ​ឱ្យ​ចាយ ឬ​ផ្ដល់​ប្រាក់​ប្រចាំខែ​ ដើម្បី​ចងជើង​កីឡាករ​មិន​ឲ្យ​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​ដទៃ​ទៀត​ផង ។ កីឡាករ​ខ្លាំង​ៗ និង​ល្បី​ៗ​មួយ​ចំនួន​សឹងតែ​រក​ពេល​សម្រាក​មិន​បាន​ផង ស្រប​ពេល​ដែល​ទីផ្សារ​ប្រកួត​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​មាន​សកម្មភាព​ផុលផុស​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​សង្វៀន​ប្រដាល់​មួយ​ចំនួន​នៅ​តែ​រើសអើង​ចំពោះ​វត្តមាន​កីឡាករ​ដែល​មិន​ទាន់​ល្បី​ដោយ​មិន​ផ្តល់​ឱកាស ឬ​មាន​គំនិត​លើក​ស្ទួយ​កីឡាករ​វ័យក្មេង និង​ថ្មី​ៗ​នោះ​ឡើយ​។

ប្រភព​ច្បាស់ការ​ពី​មន្ត្រី​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៩ ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ​គឺ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨ ។ កីឡាករ​ឆ្នើម​លំដាប់​ជួរ​មុខ​ដែល​មាន​សមត្ថភាព​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នោះ​មាន​តម្លៃ​ខ្លួន​ចាប់ពី​២៥០​ដុល្លារ​ដល់​៥០០​ដុល្លារ​ក្នុង​ការ​ប្រកួត​មួយ​លើក​ៗ ប៉ុន្តែ​មាន​កីឡាករ​ខ្លះ​ដែល​គេ​ចងជើង​ជាប់​មិន​ឲ្យ​ប្រកួត​ដូច​ជា​កែវ រំ​ចង់ សម្រាប់​តែ​សង្វៀន​បាយ័ន​មួយ​គឺ​បាន​ដល់​៨០០​ដុល្លារ​ក្នុង​មួយ​លើក ។

ប្រភព​ដដែល​បន្ត​ថា ភាគីខាង​ម្ចាស់​សង្វៀន​និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជា​អ្នក​ស្នើ​យកឈ្មោះ​កីឡាករ​ដោយ​ខ្លួនឯង ចំណែក​ខាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចាំតែ​សម្រប​សម្រួល និង​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​មាន​ថ្លឹង​ទម្ងន់ ពិនិត្យ​សុខភាព និង​ផ្តល់​មន្ត្រី​បច្ចេកទេស​ឱ្យ​ប៉ុណ្ណោះ ។ រីឯ​ការ​ទិញ​ទឹកចិត្ត ឬ​ផ្តល់​ប្រាក់​ប្រចាំខែ​ឲ្យ​កីឡាករ​ណាមួយ​ដើម្បី​រារាំង​មិន​ឲ្យ​ចេញ​ទៅ​ប្រកួត​សង្វៀន​ដទៃ ជា​រឿង​ឯកជន​រវាង​កីឡាករ និង​ម្ចាស់​សង្វៀន​ផ្ទាល់​ប៉ុណ្ណោះ​យើង​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​ហាមឃាត់​គេ​បាន​ឡើយ​។

ទោះបី​យ៉ាងណា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​មួយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ចាត់​ទុក​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ខ្លះ​ដែល​និយម​ចូល​ចិត្ត​ចងជើង​កីឡាករ​មិន​ឲ្យ​មាន​សិទ្ធិ​ចេញ​ទៅ​ប្រកួត​សង្វៀន​ដទៃ​បាន​នោះ ជា​មនុស្ស​មានគំនិត​ចង្អៀត ចង្អល់​ដោយ​ផ្ដោត​ទៅ​លើ​ផលប្រយោជន៍​សួន តួ​ជា​ធំ និង​ជា​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​គ្នា មិន​ផ្ដល់​ផលប្រយោជន៍​ដល់​កីឡាករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ