មានទំនាក់ទំនងគ្នាដោយផ្ទាល់មួយរវាងពោះវៀន និងសុខភាពជាទូទៅ ។ ការថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារឱ្យបានល្អ គឺជាកិច្ចការចាំបាច់មួយសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព ។ ដូច្នេះប្រសិនជាអ្នកចង់រក្សាពោះវៀនឱ្យមានសុខភាពល្អ ចូរសាកល្បងតាមវិធីសាស្ត្រងាយៗដូចខាងក្រោមនេះ ៖
១-បន្ថែមការប្រើប្រាស់បាក់តេរីល្អ ៖ ប្រព័ន្ធរំលាយអាហាររបស់យើងផ្ទុកទៅដោយសរីរាង្គមានជីវិតដែលមានសារសំខាន់បំផុតចំពោះសុខភាព ។ អ្នកអាចបង្កើនចំនួនបាក់តេរីល្អនៅក្នុងពោះវៀនតាមរយៈការទទួលទានអាហារឡើងមេដូចជា ទឹកដោះគោ Yogurt ទឹកដោះគោ/ពពែជូរ ( Kefir) និងស្ពៃក្តោបជ្រក់ជាដើម។
២-ទទួលបណ្តាអាហារដែលផ្ទុកសារធាតុសរសៃឱ្យបានច្រើន ៖
សារធាតុសរសៃមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយរក្សាឱ្យមានរបៀបរៀបរយនៃការរំលាយអាហារ និងជួយបញ្ចេញចោលនូវសារធាតុផ្សេងៗពីរាងកាយ ។ យ៉ាងណាក៏ដោយ មិនមែនរាល់សារធាតុសរសៃទាំងអស់សុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នានោះទេ ។ បណ្តាអាហារដែលឆ្លងកាត់ការកែច្នៃ តួយ៉ាងដូចជា គ្រាប់ធញ្ញជាតិទាំងឡាយ ថ្វីដ្បិតតែវាផ្ទុកសារធាតុសរសៃ ប៉ុន្តែវាអាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ។ អ្នកអាចទទួលបានសារធាតុសរសៃពីប្រភពរុក្ខជាតិពីធម្មជាតិ ក្នុងនោះពពួកសណ្តែកជាបន្លែ ផ្លែឈើ និងបន្លែស្រស់គ្រប់ប្រភេទ ។ រុក្ខជាតិទាំងនេះផ្ទុកទៅដោយសារធាតុសរសៃយ៉ាងច្រើនលើសលប់ដែលអាចរក្សាពោះវៀនរបស់អ្នកឱ្យមានសុខភាពល្អ ។
៣-កាត់បន្ថយឬចៀសវាងប្រើប្រាស់ថ្នាំប្រឆាំងនឹងបាក់តេរី (Antibiotics) ៖
ពពួកថ្នាំប្រឆាំងនឹងបាក់តេរី (Antibiotics) ផលិតឡើងក្នុងគោលបំណងប្រើកំចាត់បាក់តេរីអាក្រក់ដែលបង្កឱ្យមានជំងឺឆ្លង ។ ទោះជាយ៉ាងនេះក្តី នៅពេលវាបញ្ចេញប្រសិទ្ធភាពគឺវាបានសម្លាប់ទាំងបាក់តេរីអាក្រក់និងបាក់តេរីល្អ ហើយដែលបញ្ហានេះនឹងនាំអតុល្យភាពយ៉ាងធ្ងន់ធ្ងរ ទីបំផុតធ្វើឱ្យអ្នកប្រើប្រាស់ក្លាយជាស៊ាំនឹងពពួកថ្នាំនេះ ។ ដូច្នេះ ចូរចៀសវាងប្រើប្រាស់ពពួកថ្នាំខាងដើមលើសកម្រិត ហើយជាជំនួសមកវិញ ចូរប្រើប្រាស់វិធីព្យាបាលតាមធម្មជាតិដែលមានតម្លៃស្មើគ្នា ។
៤-ធ្វើសកម្មភាពរាងកាយឱ្យបានច្រើន ៖
ការសិក្សាជាច្រើនសុទ្ធតែបានបង្ហាញលទ្ធផលស្រដៀងៗគ្នាថា មានការជាប់ពាក់ព័ន្ធគ្នាមួយរវាងសុខភាពពោះវៀននិងការហាត់ប្រាណ។ ដូច្នេះ មិនថាអ្នកទៅកាន់ក្លឹបឬរត់ដើម្បីកម្សាន្តសប្បាយ ចូរព្យាយាមហាត់ប្រាណឱ្យបានទៀងទាត់និងរាល់ថ្ងៃ ។ ហាត់ប្រាណមិនត្រឹមតែជួយធ្វើឱ្យល្អប្រសើរដល់សុខភាពពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យល្អប្រសើរដល់អារម្មណ៍ និងកាត់បន្ថយភាពតានតឹង (Stress) ផងដែរ ៕
ចែករំលែកព័តមាននេះ