ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន អេ​លី​ត ប្រាប់​មូលហេតុ​បិទ​ក្លិប​តេ​ក្វា​ន់​ដូ ពង្រឹង​ក្លិប​ប្រដាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា លោក ស៊ន អេ​លី​ត បងប្រុស​កញ្ញា ស៊ន សៀវ​ម៉ី គឺជា​អតីត​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​តេ​ក្វា​ន់​ដូ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា លោក ស៊ន អេ​លី​ត បងប្រុស​កញ្ញា ស៊ន សៀវ​ម៉ី គឺជា​អតីត​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​តេ​ក្វា​ន់​ដូ ដែល​មាន​ស្នាដៃ​រាប់​មិន​អស់​នា​ពេល​កន្លង​មក ។ ក្រោយ​ប្រកាស​ឈប់​ពី​ជម្រើសជាតិ លោក​បាន​ទាំង​ធ្វើ​គ្រូបង្វឹក និង​បង្កើត​ក្លិប​តេ​ក្វា​ន់​ដូ​ធំ​មួយ​ជាប់​របង​វិទ្យាល័យ
ប្ញ​ស្សី​កែវ​នោះ​ផង ប៉ុន្តែ​ពេល​ក្លិប​នេះ​ល្បីឈ្មោះ លោក​បែរជា​ប្រកាស​បិទ​ចោល ហើយ​បង្វែរ​ក្លិប​តេ​ក្វា​ន់​ដូ​ទៅ​ជា​ក្លិប​ប្រដាល់​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​ទៅ​វិញ​នៅ​ក្នុង​ពេល​នេះ​។

លោក ស៊ន អេ​លី​ត និយាយ​ថា មក​ទល់​ពេល​នេះ​លោក​បោះបង់​ការ​បង្ហាត់​តេ​ក្វា​ន់​ដូ​ដល់​សិស្ស​ប្រមាណ​២​ឆ្នាំ​មក​ហើយ ដោយ​គ្រាន់តែ​ផ្ដល់​ទីតាំង​ឱ្យ​កូនសិស្ស​របស់​លោក​បង្វឹក​តេ​ក្វា​ន់ ដូ​កុំឱ្យ​បាត់ នៅ​ពេល​ល្ងាច​ៗ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

លោក​ថា ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចោល​ក្លិប​តេ​ក្វា​ន់​ដូ ដោយ​លែង​ទទួល​បង្ហាត់​សិស្ស​នោះ គឺ​ដោយសារ​តែ​តេ​ក្វា​ន់​ដូ​កាន់តែ​បោះ​ជំហាន​ថយក្រោយ និង​ធ្វើ​ឱ្យ​លោក​អស់សង្ឃឹម​។ លោក​ថា ខ្លួន​បាន​បញ្ជូន​សិស្ស​តេ​ក្វា​ន់​ដូ​ច្រើន​នាក់​មក​ហើយ​ឱ្យ​ចូល​ប្រឡង​ថ្នាក់​ជាតិ ប៉ុន្តែ​លទ្ធផល​កូនសិស្ស​ល្អ​ៗ​របស់​លោក​ដែល​ប្រកួត​គួរតែ​ឈ្នះ​បែរជា​ត្រូវ​ឱ្យ​ចាញ់​ធ្វើ​ឱ្យ​លោក​លែង​បញ្ជូន​កូនសិស្ស​បន្ត​តំណែង ហើយ​សម្រេចចិត្ត​បោះបង់​ការ​បង្ហាត់​តេ​ក្វា​ន់​ដូ​តែ​ម្ដង ។

លោក​និយាយ​ថា​៖«​តេ​ក្វា​ន់​ដូ​ទៅ​មុខ​មិន​រួច​ទេ បើ​អា​កូនសិស្ស​គ្នា​ល្អ​ៗ​ទៅ​ប្រកួត​ឱ្យ​ចាញ់​តែ​រហូត​ហ្នឹង អា​មិន​សម​ឈ្នះ​ទៅ​ជា​ឱ្យ​ឈ្នះ ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ​រកតែ​សកម្ម​ភា​ប្រកួត​ស្អី​មិនឃើញ​ផង​ហ្នឹង អ៊ីចឹង​នៅ​តស៊ូ​បណ្ដុះ​សិស្ស​ស្អី​ទៀត ទើប​ខ្ញុំ​បិទ​តេ​ក្វា​ន់​ដូ ហើយ​បើក​ក្លិប​ប្រដាល់​វិញ​» ។ លោក​ថា ក្រោយ​ពី​អស់​សង្ឃឹម​លើ​ការ​បង្ហាត់​តេ​ក្វា​ន់​ដូ លោក​បាន​បើក​ក្លិប​ប្រដាល់​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៨ ដោយ​មក​ដល់​ពេល​នេះ លោក​មានកូន​សិស្ស​ហ្វឹកហាត់​ជាប់លាប់​ចំនួន​២០​នាក់​ហើយ ខណៈ​ដែល​១២​នាក់ គឺ​ស្នាក់​នៅ​ដេក​ពួន​ក្នុង​ក្លិប​របស់​លោក​ជាប់​វិទ្យាល័យ​ប្ញ​ស្សី​កែវ​នោះ​តែ​ម្ដង ។ លោក​ថា កូនសិស្ស​ទាំងអស់​អត់​មាន​តម្រូវ​ឱ្យ​បង់លុយ​ក្នុង​ការ​ហ្វឹកហាត់​នោះ​ទេ តែ​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​គ្រាន់បើ គឺ​គេ​ឱ្យ​អង្ករ​មួយ​បេ ឬ​២​បេ ទៅ​តាម​លទ្ធភាព​។

ក្នុង​ចំណោម​កូនសិស្ស​ទាំងនោះ​មាន​អាយុ​ពី​១៦​ដល់​២៥​ឆ្នាំ ហើយ​កីឡាករ​ទាំង​២០​រូប​ត្រូវ​បាន​ឆ្លាស់គ្នា​ឡើង​ប្រកួត​ចុះឡើង​ៗ​ស្ទើរតែ​គ្រប់​សង្វៀន​ចាប់តាំងពី​ក្លិប​របស់​លោក​ដំណើរការ​ជិត​១​ឆ្នាំ​នេះ ។ លោក​បាន​សម្រេច​ឱ្យ​កូនសិស្ស​ទាំងអស់​ប្រើ​ត្រកូល​«​អេ​លី​ត​» នៅ​ពេល​ឡើង​ប្រកួត ដោយសារ​តែ​ចង់​ពង្រីក​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន​ក្រោយ​តស៊ូ​បើក​ក្លិប​ប្រដាល់ ។ ហេតុផល​ដែល​លោក​ហ៊ាន​បើក​ក្លិប​ប្រដាល់ ហើយ​ដើរតួ​ជា​អ្នក​បង្ហាត់​ផង គឺ​ដោយសារ​តែ​មុន​ក្លាយ​ខ្លួន​ជា​អ្នក​តេ​ក្វា​ន់ដូ លោក​ក៏​ជា​អ្នក​ប្រដាល់​អាជីព​មួយ​រូប ដោយ​លោក​ប្រកាស​ថា មុន​ពេល​បោះ​ជំហាន​ចូល​ផ្នែក​តេ​ក្វា​ន់​ដូ គឺ​លោក​ឡើង​ប្រកួត​បាន​ជាង​១០​លើក​ដែរ ។

លោក​ថា ប្រដាល់​នៅ​ពេល​បន្ថែមបន្ថយ​ក្បាច់គុន​តេ​ក្វា​ន់​ដូ​កាន់តែ​ងាយស្រួល​បង្ហាត់ ទើប​លោក​ពេញចិត្ត​ក្នុង​ការ​បង្វឹក​សិស្ស ហើយ​កូនសិស្ស​របស់​លោក​ទៀត​សោត ក៏​ច្រើន​តែ​ល្អ​នៅ​ពេល​ឡើង​រេញ ។ កីឡាករ​ខ្លះ​លោក​ថា​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ប្រកួត​រក​ពេល​សម្រាក​មិន​បាន​ព្រោះតែ​ភាព​ខ្លាំង​នោះ​ផង​។

លោក ស៊ន អេ​លី​ត បន្ត​ថា ការ​បើក​ក្លិប​ប្រដាល់​របស់​លោក​មិន​មាន​ស្ថាប័ន​ណាមួយ​ឈរ​ពីក្រោយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោក​ស្រឡាញ់ ហើយ​គិត​ថា បើ​ចំណាយ​លុយ​ចាយ​លើ​ក្លិប​ប្រដាល់ គឺ​វា​ប្រសើរ​ជាង​យក​លុយ​ដើរ​លេង ទើប​លោក​ចេះ​តែ​ដើរ​ក្នុង​អាជីព​មួយ​នេះ ដោយ​ភរិយា​របស់​លោក​ក៏​ឯកភាព ។ លោក​ថា ខ្លួន​ចំណាយពេល​ពី​ចន្ទ ដល់​សុក្រ បង្វឹក​ដល​សិស្ស​ផ្នែក​ប្រដាល់ ខណៈ​សិស្ស​ដែល​លោក​ចិញ្ចឹម គឺ​រស់​ដោយសារ​កូនសិស្ស​ឡើង​ប្រកួត​គូ​ក្នុងស្រុក​មួយ​លើក​បាន​៦​ម៉ឺន​រៀល និង​គូ​អន្តរជាតិ​មួយ​លើក​បាន​១២​ម៉ឺន​រៀល ។

ម្យ៉ាង​មក​ពី​លោក​អត់​មាន​ចំណាយ​លុយ​ជួល​ក្លិប និង​ចំណាយ​លុយ​ជួល​គ្រូ​មក​បង្វឹក​បន្ថែម ទើប​លោក​អាច​ដំណើរការ​ក្លិប​នេះ ដោយ​គ្មាន​ឧបសគ្គ ។ ទោះ​មិន​ទាន់​ដឹង​ពី​អនាគត តែ​លោក​ប្រកាស​ថា ក្លិប​ប្រដាល់​របស់​លោក​នឹង​ដើរ​ដោយ​រឹង​មាំ​ដោយ​លោក​នឹង​ទទួល​សិស្ស​ឱ្យ​ហ្វឹកហាត់​មិន​គិតលុយ និង​ទទួល​ឱ្យ​ស្នាក់​នៅ​ដោយ​សេរី ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ប្រដាល់ ។

យ៉ាងណាមិញ​លោក​ថា កូនសិស្ស​ដែល​លោក​បណ្ដុះ​រាល់ថ្ងៃ មិន​ទាន់​ដឹង​ថា មួយ​ណា​សក្តិ​សម​នឹង​ចូល​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ពេលវេលា​នៅ​យូរ​ទៀត ហើយ​មិន​ទាន់​ដឹង​ថា ទម្រាំ​ដល់​ពេល​នោះ តើ​កីឡាករ​ល្អ​ៗ​សព្វថ្ងៃ​នឹង​ទៅ​ដល់​ណា ហើយ​មាន​កីឡាករ​ថ្មី​ៗ​ល្អ​ៗ​មក​ជំនួស​ឬ​អត់ ។ ប៉ុន្តែ​លោក​ថា នឹង​ប្រឹង​បង្វឹក​សិស្ស​ឱ្យ​មានគុណ​ភាព​ដើម្បី​ឱ្យ​មាន​កេរ្តិ៍ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ប្រដាល់ ។

លោក​ថា ប្រដាល់ និង​តេ​ក្វា​ន់​ដូ លោក​ស្រឡាញ់​តេ​ក្វា​ន់​ដូ​ជាង ប៉ុន្តែ​មក​ពី​ចំណាយពេល​ជាមួយ​តេ​ក្វា​ន់​ដូ​អស់​ច្រើន​ឆ្នាំ រកតែ​កូនសិស្ស​មួយ​បង្ហាញ​ស្នាដៃ​មិនឃើញ ទើប​ងាក​មក​បង្ហាត់​ប្រដាល់​វិញ ដែល​មានការ​ងាយស្រួល​បញ្ជូន​សិស្ស​ឡើង​រេញ​បាន​ទាំង​ចំណូល​បាន​ទាំង​កិត្តិយស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ