ខេត្តប៉ៃលិន ៖ ចម្ការតាង៉ែនហៅមៀនប៉ៃលិនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង រួមជាមួយនឹងម៉ាស៊ីនបូមទឹក និងសម្ភារចម្ការមួយចំនួនទៀត ខណៈមានអ្នកដុតព្រៃនៅក្បែរៗចម្ការមិនបានពន្លត់ក៏ឆេះរាលរហូតដល់ឆេះចម្ការដំណាំតែម្តង ។
ហេតុការណ៍ភ្លើងឆេះចម្ការតាង៉ែនហៅមៀនប៉ៃលិននេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទទួលរងការខូចខាតអស់ប្រហែល៧០ភាគរយ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការមានឈ្មោះ សុខ គឹមហួរ ភេទប្រុស អាយុជាង៥០ឆ្នាំ ប្រពន្ធឈ្ភោះ យន ចំប៉ា រស់នៅក្នុងភូមិសង្កាត់ខាងលើដោយខូចខាតអស់ដើមតាង៉ែនហៅមៀនប៉ៃលិនចំនួន១៣៤ដើម ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញមានអ្នកចម្ការភ្លើងឆេះគល់ឈើនៅក្បែរចម្ការ ខណៈមានអ្នកដុតព្រៃ ដើម្បីឱ្យស្រឡះល្អងាយស្រួលក្នុងការភ្ជួរដីដាំពោត និងដំឡូងមី ។ ប៉ុន្តែ បន្ទាប់ពីម្ចាស់ឃើញសភាពបែបនេះក៏មិនចាប់អារម្មណ៍យកទឹកពន្លត់ចេញដោយទុកចោល ហើយក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនបាត់ស្រមោលលុះខ្យល់បក់មកពីទិសខាងលិចគួចនាំកម្ទេចឈើដែលឆេះធ្លាក់ទៅលើសំរាមនៅក្បែរចម្ការខាងលើក៏បង្កទៅជាភ្លើងឆេះតែម្តង ។
បន្ទាប់ពីឆេះជិតអស់ដំណាំនៅក្នុងចម្ការទៅហើយទើបមានអ្នកជិតខាងឃើញក៏ទូរស័ព្ទហៅម្ចាស់ឱ្យប្រញាប់ចូលទៅពន្លត់ ។ តែគួរឱ្យសោកស្តាយដោយសារតែភ្លើងឆេះពេញកម្លាំងទៅហើយមិនអាចពន្លត់ទាន់ពេលនោះទេ មានតែទុកឱ្យឆេះតាមដំណើររហូតដល់ស្ទើរតែអស់មួយចម្ការតែម្តង ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះភ្លើងអគ្គិភ័យបានឆេះចម្ការប្រជាពលរដ្ឋចំនួន៣លើកមកហើយក៏ឆេះផ្ទះប្រជាពលរដ្ឋចំនួន២លើកមកដែរ ជាហេតុបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ។ ដូច្នេះប្រជាពលរដ្ឋរស់នៅតាមភូមិគួរមានការប្រុងប្រយ័ត្នខ្ពស់ដោយមុននឹងចាកចេញពីផ្ទះរបស់ខ្លួនត្រូវបិទគប់ភ្លើងអគ្គិសនីពន្លត់ភ្លើងចង្ក្រានឱ្យបានរលត់អស់ជាមុនសិន ដើម្បីចៀសវាងការខូចខាត អស់ជាច្រើនដូចករណីខាងលើ ៕
ចែករំលែកព័តមាននេះ